បង្ហាញ​ខ្លួន​សម្ពោធ​រឿង​ថ្មី នាយ ចឺម ប្រាប់​ថា ឡើង​តម្លៃ​ខ្លួន​កប​ហ្មង​ឆ្នាំ​២០១៧​នេះ

  • 2017-03-28 03:17:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយ ចឺម បាន​ប្រាប់​ Sabay ថា​នៅ​​ឆ្នាំ​២០១៧​នេះ​តម្លៃ​ខ្លួន​របស់​លោក​ឡើង​ខ្ពស់​ជាង​ឆ្នាំ​២០១៦​​។​តម្លៃ​ខ្លួន​នេះ​ឡើង​ទៅ​តាម​ទីផ្សារ​ភាព​យន្ត​​តែ​ប៉ុណ្ណោះ​។​​

​តួ​អង្គ​ក្នុង​រឿង​ "លត់​ដែក​ថែប​" បាន​រៀប​រាប់​ថា​​ កាល​ពី​ឆ្នាំ ២០១៦​ ក្នុង​មួយ​រឿង​លោក​ទទួល​បាន​តម្លៃ​ខ្លួន​៤០០០​ ដុល្លារ​តែ​ប៉ុណ្ណោះ​ ដោយ​ឡែក​សម្រាប់​​ឆ្នាំ​២០១៧​នេះ​ក្នុង​១​រឿង​​ខ្ញុំ​ស៊ី​ថ្លៃ​៥០០០​ដុល្លារ​។ "បើ​ថត​គិត​ជា​ថ្ងៃ​វិញ​ក្នុង​មួយ​ថ្ងៃ​ខ្ញុំ​ទទួល​បាន​តម្លៃ​ខ្លួន​៤​០០​ដុល្លារ​តម្លៃ​ហ្នឹង​កាល​ពី​ឆ្នាំ​២០១៦​បង​ តែ​ក្នុង​ឆ្នាំ​២០១៧​នេះ​ក្នុង​មួយ​ថ្ងៃ​ខ្ញុំ​ទទួល​បាន​តម្លៃ​ខ្លួន​៥០០​ដុល្លារ​"។

​ការ​លើក​ឡើង​របស់​នាយ​ ចឺម គឺ​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​រឿង​ "លត់​ដែក​ថែប​" របស់​ផលិត​កម្ម​ Eye Love Filmកាល​ពី​ម្សិល​មិញ​នៅ​ផ្សារ​ទំនើប​ AEON ។ លោក សុខ ដែន ជា​តួ​អង្គ​ឯក​ និង​ជា​អ្នក​ដឹក​នាំ​សម្ដែង​បាន​មាន​ប្រសាសន៍​ថា​ រឿង​ "លត់​ដែក​ថែប​" ជា​រឿង​ទី​៣​ របស់​ផលិត​កម្ម​ Eye Love Film ដោយ​ចំណាយ​ដើម​ទុន​អស់​ជាង​៣​ម៉ឺន​ដុល្លារ​ក្នុង​ការ​ផលិត​។​ "បាទ​រឿង​នេះ​ដែរ​​ជា​ប្រ​ភេទ​ខ្សែ​ភាព​យន្ត​វាយ​ប្រហារ​​​លាយ​លំ​​ជា​មួយ​ឈុត​ឆាក​កំប្លែង​​សើច​តាំង​ពី​ដើម​រហូត​ដល់​ចប់"។​

រឿង​ "លត់​ដែក​ថែប​" ចូល​រួម​សម្ដែង​ដោយ​ លោក សុខ ដែន កញ្ញា វ៉ាន់ នីឡា នាយ ចឺម​ និង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​។​ រឿង​នេះ​ដែរ​នឹង​ចាប​ដើម​ចាក​បញ្ចាំង​នៅ​គ្រប់​រោង​ភាព​យន្ត​​ទំនើប​ៗ​ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​នៅ​ខេត្ត​សៀម​រាប​ចាប់​ពី​ថ្ងៃ​ទី​ ៣០ ខែ​ មីនា ឆ្នាំ​២០១៧ នេះ​តទៅ​ហើយ​៕​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន