ស្ត្រីជំនួញ​ហ្វីលីពីន​បាត់បង់ជីវិត ក្រោយវះកាត់កែសម្ផស្សច្រើនកន្លែង

  • 2017-03-30 03:02:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​អ្នក​ជំនួញ​មាន​មុខ​មាន​មាត់​ជនជាតិ​ហ្វីលីពីន​អ្នក​នាង Shiryl Saturnino ​ដែល​វះកាត់​កែ​សម្ផស្ស​ច្រើន​កន្លែង​ក្នុង​ពេល​តែ​មួយ បាន​​​​បាត់​បង់​ជីវិត​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​​ទី ២៦​ មិនា​ កន្លង​ទៅ។

ស្ត្រី​វ័យ​ ២៩​ឆ្នាំ​ខាងលើ សម្រេច​វះកាត់​ពង្រីក​សុដន់ ត្រគាក និង​សម្រកទម្ងន់​នៅ​គ្លីនិក Icon Clinic ក្នុង​ទីក្រុង Mandaluyong ភាគ​ខាង​កើត​ទីក្រុង​ម៉ានីល​ កាល​ពី​ថ្ងៃ​សៅរ៍ ទី​ ២៥​ មិនា​ ចាប់​ពី​ម៉ោង ៥ល្ងាច ​ដល់​ ២៖៤០​នាទី​យប់។

ក្រុម​វេជ្ជបណ្ឌិត​និយាយ​ថា បេះដូង​របស់​នាង Saturnino បាន​ឈប់​ដើរ​បន្ទាប់​ពី​វះកាត់​រួច។ ពួក​គេ​​បាន​ព្យាយាម​សង្គ្រោះ​ដោយ​មាន​ជំនួយ​ពី​មជ្ឈមណ្ឌល Makati Medical Center ដែរ​ ប៉ុន្តែ​វា​ហួស​ពេល​ទៅ​ហើយ ដោយ​នាង​បាន​ស្លាប់​នៅ​ម៉ោង ៣៖២១​នាទី​​ទៀប​ភ្លឺ។

អាជ្ញាធរ​កំពុង​រង់​ចាំ​ធ្វើ​កោសល្យ​វិច័យ​ដើម្បី​កំណត់​មូលហេតុ​នៃ​ការ​ស្លាប់ ហើយ​នឹង​ស៊ើបអង្កេត​ថា​តើ​ជា​ការ​ធ្វេស​ប្រហែស​របស់​គ្រូពេទ្យ​ពេល​វះកាត់​ ឬយ៉ាងណា​។

បើ​តាម​ក្រុម​ប្រឹក្សា​ច្បាប់​របស់​គ្លីនិក Icon Clinic បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា "អ្នក​នាង​ Saturning គឺ​ជា​អតិថិជន​ប្រចាំ​គ្លីនិក ​ដែល​ពួក​យើង​មើល​ថែ​គាត់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។" ​ទោះ​ជា​យ៉ាងណា ខាង​មន្ទីរពេទ្យ​មិន​បាន​រត់​គេច ឬ​បដិសេធ​អ្វី​ទេ តែ​ស្វាគមន៍​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​ស៊ើបអង្កេត​រឿង​នេះ៕

ប្រភព៖ Philstar   ប្រែ​សម្រួល៖ ឡេង ភារុណ