កម្មវិធី​ទូរសព្ទ​​កុម្ម៉ង់​អាហារ​សម័យ​ថ្មី មាន ៥០ហាង ​ប្រើ​កាត​ធនាគារ​ទើប​ទិញ​បាន​ញាំ​

  • 2017-03-31 01:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ទូរសព្ទ​​សម្រាប់​កុម្ម៉ង់​អាហារ​ថ្មី​ឈ្មោះ Tesjor ឬ​ភាសា​ខ្មែរ​អាន​ថា "ទេសចរណ៍" ទើប​ត្រូវ​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវការ​​​ព្រឹកមិញ ដោយ​មុខងារ​បញ្ជា​ទិញ​អាហារ​​ប្រើ​សុទ្ធ​តែ​កាត​ធនាគារ។

លោក Steven Path នាយក​ក្រុមហ៊ុន Pathmazing បញ្ជាក់​ថា​កម្មវិធី​កុម្ម៉ង់​ម្ហូប​អាហារ Tesjor ដែល​ក្រុមហ៊ុន​លោក​ទើប​បង្កើត​នេះ ផ្ដោត​សំខាន់​ទៅ​លើ​ការ​ចាយ​ប្រាក់​អនឡាញ លែង​ប្រើ​លុយ​សុទ្ធ​ផ្ទាល់​​កុម្ម៉ង់​អាហារ​​លើ​អ៊ីនធឺណិត​ដូច​​កន្លង​ទៅ​ឡើយ។

លោក​អះអាង​ថា Tesjor បង្កើត​ឡើង​ដើម្បី​ជំរុញ​​វិស័យ​ជំនួញ​អនឡាញ (Ecommerce) ក្នុង​ស្រុក​កាន់​តែ​ទូលំទូលាយ​ជាង​មុន។ បច្ចុប្បន្ន ពល​រដ្ឋ​ខ្មែរ​​ ពិសេស​អ្នក​ភ្នំពេញ​ភាគ​ច្រើន​មាន​កាត​ធនាគារ​​​និង​ប្រើប្រាស់​សេវា​​​បង់​ប្រាក់​អេឡិចត្រូនិក ដូច្នេះ​វា​​ដល់​ពេល​ដែល​ត្រូវ​បង្កើត​អ្វី​មួយ ដើម្បី​ឲ្យ​​ការ​ចាយ​ប្រាក់​​ដោយ​ប្រើ​​កាត​​ធនាគារ​របស់​ពួកគេ​កាន់​តែ​ងាយ​និង​ទំនើប​ជាង​មុន។

នាយក​ក្រុម​ហ៊ុន​រូប​នេះ​បន្ថែម​ថា បច្ចុប្បន្ន​ Tesjor បាន​សហការ​ជាមួយ​ភោជនីយដ្ឋាន​ធំៗ​និង​ល្បី​ឈ្មោះ​​ទូទាំង​ភ្នំពេញ​ប្រហែល ៥០ ដើម្បី​ផ្ដល់​ជម្រើស​អាហារ​ច្រើន​បែប​ដល់​អតិថិជន។ ចំពោះ​ការ​បង់​ប្រាក់​វិញ លោក Path ថា អ្នក​ប្រើ​ប្រាស់​អាច​បង់ តាម Wing, កាត​អេស៊ីលីដា, Paygo, Visa និង MasterCard ជា​ដើម។

គ្រាន់​តែ​ថ្ងៃ​ដំបូង​មាន​អ្នក​ប្រើប្រាស់ Tesjor ដល់​ទៅ​ប្រហែល ១ពាន់​នាក់ ហើយ​​រំពឹង​ថា​នឹង​កើន​ដល់ ១ម៉ឺន​នាក់​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់។ នាយក​ក្រុមហ៊ុន​រូប​នេះ​បញ្ជាក់។

ដោយ​ឡែក​​លោក​ ជី សិលា នាយក​ក្រុមហ៊ុន CBM ដែល​កំពុង​​កាន់​កាប់​ជំនួញ​ច្រើន​ក្នុង​ដៃ​មាន Loteria, The Asian Kitchen, Domino's Pizza និង TOUS les JOURS ជា​ដើម​ ឲ្យ​ដឹង​ថា ការ​សហការ​ជាមួយ Tesjor គឺ​ជា​បដិវត្តន៍​ថ្មី​មួយ​សម្រាប់​ប្រទេស​កម្ពុជា។ លោក​ចង់​បាន​ន័យ​ថា វា​ជា​បដិវត្តន៍​​ក្នុង​ការ​ចាយ​ប្រាក់​ទៅ​លើ​ទំនិញ​អនឡាញ​ថ្មី មិន​មែន​ត្រឹម​តែ​សំលៀក​បំពាក់​ ឬ​គ្រឿង​អេឡិចត្រូនិក​​ប៉ុណ្ណឹង​ឡើយ តែ​អាច​ទិញ​អាហារ​អនឡាញ​គ្រប់​ប្រភេទ​បាន​យ៉ាង​ងាយ​ដូចគ្នា។ ​​​

លោក​ថា បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​ចាយ​ប្រាក់​លើ​ទំនិញ​អនឡាញ​ច្រើន ហើយ​អ្នក​ទាំង​នោះ​​ក៏​នឹង​អាច​ទទួល​យក​របៀប​ចាយ​ប្រាក់​ថ្មី​លើ​ផ្នែក​ម្ហូប​អាហារ ដែល​កាន់​តែ​ងាយ​ស្រួល​និង​ទំនើប​។

Tesjor ផ្តល់​ជម្រើស​បី​សម្រាប់​អ្នក​ប្រើប្រាស់​ រួមមាន៖

  • Dine In ៖ កុម្ម៉ង់​អាហារ​ញាំ​ក្នុង​ភោជនីយដ្ឋាន​ផ្ទាល់​តែ​ម្តង។
  • Take Out ៖ កុម្ម៉ង់​អាហារ​ហើយ​យក​ទៅ​ញាំ​នៅ​ខាង​ក្រៅ។
  • Delivery ៖ កុម្ម៉ង់​អាហារ​ហើយ​ឲ្យ​ភ្នាក់ងារ​ដឹក​ដល់​ទី​កន្លែង។

រាល់​អាហារ​ដែល​អ្នក​បាន​កុម្ម៉ង់​ត្រូវ​បង់​ប្រាក់​តាម​ប្រព័ន្ធ​បង់​ប្រាក់​អេឡិចត្រូនិក Wing, កាត​អេស៊ីលីដា, Paygo, Visa និង MasterCard ជា​មុន​សិន។ ក្រោយ​ពេល​ខាង​ភោជនីយដ្ឋាន​​អនុញ្ញាត​ការ​កុម្ម៉ង់​របស់​អ្នក អ្នក​មាន​ពេល​តែ ១៥ នាទី​ប៉ុណ្ណោះ​ដើម្បី​បង់​ប្រាក់។ បើ​ហួស ១៥នាទី​ ការ​កុម្ម៉ង់​នឹង​ត្រូវ​លុប​ចោល៕ ​​​

ទាញយក Tesjor លើ iOS / Android

អត្ថបទ៖ ផាន់និត

អត្ថបទថ្មី