ព្រះ​​អង្គ​ម្ចាស់​ អម្រិត​ទី​វង់​ដឹក​នាំ​ក្រុម​បាសាក់​អន់​បំផុត​ដល់​វគ្គ​១/៤​ពាន​ KRE League

  • 2017-04-03 02:12:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​រាជ​វង្ស​​អង្គ​ម្ចាស់​​ អម្រិត​ទី​វង់ ​ជា​អ្នក​ដឹក​នាំ​ក្រុម​បាល់ទាត់​មិន​អាជីព​បាសាក់​​ជា​ច្រើន​ឆ្នាំ​ហើយ​ និង​សង្ឃឹម​យ៉ាង​ហោច​ណាស់​ឈាន​ដល់​វគ្គ​១/៤​នៃ​ពាន​រង្វាន់​ Khmer Real Estate League បន្ទាប់​ពី​ពាន​រង្វាន់​មួយ​នេះ​ឆ្លង​ផុត​សប្តាហ៍​ទី​៣។

ព្រះអម្ចាស់​ អម្រិតទីវង់

បន្ទាប់​ពី​ចប់​ការ​ប្រកួត​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ម្សិល​មិញ ​អង្គ​ម្ចាស់​ អម្រិត​ទី​វង់ ​​ដែល​ជា​អតីត​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​មាន​បន្ទូល​ថា​ ក្នុង​នាម​ព្រះ​អម្ចាស់​ជា​អ្នក​ដឹក​នាំ​ក្រុម​ និង​ជា​ប្រធាន​ក្រុម​សង្ឃឹម​ថា​ ក្រុម​បាសាក់​អន់​បំផុត​នឹង​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ឬ​១/៤​នៃ​ពាន​រង្វាន់​ KRE League 2017។ ការ​សង្ឃឹម​នេះ​ដោយ​សារ​តែ​បាសាក់​ជា​​ក្រុម​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​នៅ​លើ​ទី​លាន​ កីឡាករ​មាន​បទ​ពិសោធន៍​ច្រើន​ និង​ធ្លាប់​លេង​ជា​មួយ​គ្នា​យូរ​ហើយ​ឆ្នាំ​ហើយ បើ​ទោះ​ជា​ក្រុម​របស់​អម្ចាស់​មិន​មាន​កីឡាករ​អាជីព​ក៏​ដោយ។

ពាក់​ព័ន្ធ​នឹង​កីឡាករ​អាជីព​ដែល​ត្រូវ​បាន​កំណត់​ឲ្យ​ចូល​លេង​ពាន​រង្វាន់​នេះ​សម្រាប់​ក្រុម​នីមួយ​ៗ​មាន​៣​នាក់​ ​អង្គ​ម្ចាស់​​​ដែល​ធ្លាប់​លេង​ជម្រើស​ជាតិ​ជា​មួយ​គ្រូ​ ប្រាក់​ សុវណ្ណារ៉ា ​លើក​ឡើង​ថា​ តាម​គំនិត​របស់​​អង្គ​ម្ចាស់​គឺ​មិន​គួរ​ឲ្យ​កីឡាករ​អាជីព​ដែល​លេង​លីគ​កំពូល​កម្ពុជា​បច្ចុប្បន្ន​ចូល​លេង​ពាន​រង្វាន់​ KRE នេះ​ទេ​ ពី​ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​កម្រិត​គុណភាព​កីឡាករ​ដែល​ពាក់​ព័ន្ធ​នឹង​បទ​បញ្ជា​ វិន័យ​ ច្បាប់​ ទម្លាប់​ជា​ដើម​​​រវាង​កីឡាករ​ផ្ទាល់​ជា​មួយ​នឹង​​ក្លឹប​​លីគ​កំពូល។

ម្យ៉ាង​ទៀត​ កីឡាករ​កម្រិត​អាជីព​ពីរ​ឬ​​បី​នាក់​ក៏​មិន​សំខាន់​អ្វី​ច្រើន​សម្រាប់​ក្រុម​ដែល​លេង​ពាន​ KRE ​នេះ​ ពី​ព្រោះ​ការ​លេង​ត្រូវ​ការ​សហការ​គ្នា​ជា​ក្រុម។ ផ្ទុយ​ទៅ​វិញ អង្គ​ម្ចាស់​​បញ្ជាក់​ថា ពាន​រង្វាន់​ពាក់​កណ្តាល​អាជីព​មួយ​នេះ​ជា​កន្លែង​សម្រាប់​យុវជន​ដែល​មាន​ទេពកោសល្យ​បាល់ទាត់​បាន​អភិវឌ្ឍ​ខ្លួន​ឈាន​ឆ្ពោះ​ទៅ​លេង​កម្រិត​អាជីព​បាន។ អង្គ​ម្ចាស់​ទម្លាយ​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ក្រុម​បាសាក់​បង្កើត​ឡើង​​ប្រហែល​ជា​៨​ឆ្នាំ​កន្លង​ទៅ​​នេះ​ កីឡាករ​មិន​អាជីព​ពី​ក្រុម​របស់​អង្គ​ម្ចាស់​​បាន​អភិវឌ្ឍ​ខ្លួន​ឈាន​ទៅ​លេង​ក្លឹប​នៅ​លីគ​កំពូល​កម្ពុជា​មួយ​ចំនួន​ហើយ។

ក្រុម​បាសាក់​ឆ្លង​កាត់​៣​ប្រកួត​​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នៃ​ពាន​រង្វាន់​ KRE League​ 2017 ​នេះ​ ទទួល​បាន​ជយជ្នះ​១​ ស្មើ​១​ និង​បរាជ័យ​១។

ក្រុម​ Khmer Unted

សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​៣​បាន​តែ​៦​គូ​ប៉ុណ្ណោះ​​ ពី​ព្រោះ​២​គូ​ដែល​ត្រូវ​លេង​នៅ​ថ្ងៃ​សៅរ៍​ត្រូវ​បាន​លើក​ពេល​វិញ ពី​ព្រោះ​ភ្លៀង​​ជោកជាំ​ដី​ដែល​មិន​អាច​ប្រកួត​បាន។ លទ្ធផល​សប្តាហ៍​ទី​៣

  • Nissay ៧-២ White Tiger

  • Bassac ៤-០ Havas

  • Khmer United ៥-៣ Kampong Cham

  • Kon Khmer ២-៨ Blue Dragon

  • Avatar ៣-២ Goodhill

  • Bayon ៨-២ Giant FC ​

អត្ថបទ៖ ជាន ចាន់រ៉ា