អស្ចារ្យ! ប័ណ្ណចូលទស្សនាអង្គរនឹងដាក់លក់តាមប្រព័ន្ធ Online ដោយអាចទូទាត់បានតាមរយៈ Credit Card
- 2017-04-06 03:02:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យ! ប័ណ្ណចូលទស្សនាអង្គរនឹងដាក់លក់តាមប្រព័ន្ធ Online ដោយអាចទូទាត់បានតាមរយៈ Credit Card
ចន្លោះមិនឃើញ
ថ្មីៗនេះក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួមជាមួយ ក្រសួងទេសចរណ៍បានសម្រេចដាក់ឲ្យមានការលក់ប័ណ្ណចូលទស្សនាតំបន់អង្គរតាមប្រព័ន្ធ Online ផងដែរ ហើយដោយអាចទូទាត់បានតាមរយៈ Credit Card ទៀតផង។
ការសម្រេចជាគោលការណ៍នេះ ត្រូវបានបង្ហាញឡើង ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី១ លើកទី៥ នាព្រឹកថ្ងៃទី៥ ខែមេសានេះ ក្រោមអធិបតីភាព ឯកឧត្ដមទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហរិញ្ញវត្ថុ រួមជាមួយ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅឯទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
យោងតាមសេចក្ដីប្រកាសព័ត៌មាននៃកិច្ចប្រជុំបានបញ្ជាក់ថា «ក្នុងការបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាលក់ប័ណ្ណឲ្យកាន់តែប្រសើរឡើងថែមទៀត អង្គប្រជុំក៏បានសម្រេចឲ្យគ្រឹះស្ថានអង្គរ រៀបចំអភិវឌ្ឍការលក់ប័ណ្ណតាមប្រព័ន្ធ Online និង ទូទាត់តាមរយៈ Credit Card»។
លើសពីនេះទៀត អង្គប្រជុំក៏បានវាយតម្លៃខ្ពស់ ដល់គ្រឹះស្ថានអង្គរក្នុងការដាក់ឲ្យដំណើរការប្រព័ន្ធព័ត៌មានវិទ្យាថ្មី ដើម្បីសម្រួលដល់ការគ្រប់គ្រង ប្រតិបត្តិការលក់ប័ណ្ណ ជាពិសេសការគ្រប់គ្រងចំណូល ការគ្រប់គ្រងការបោះពុម្ពប័ណ្ណ។ មិនតែប៉ុណ្ណោះ ប្រព័ន្ធព័ត៌មានវិទ្យាថ្មីនេះនឹងមានភាពងាយស្រួល ដល់ការធ្វើសវនកម្ម ដើម្បីធានាបាននូវគណនេយ្យភាព និង តម្លាភាពនៃការគ្រប់គ្រងការលក់ប័ណ្ណ៕