ប្រតិកម្មរុស្ស៊ី​ពេលអាមេរិកបាញ់មីស៊ីល​ ៥៩ដើម លើមូលដ្ឋានទ័ពអាកាសស៊ីរី

  • 2017-04-07 09:36:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​បញ្ជា​ឲ្យ​បាញ់​មីស៊ីល​ចំនួន ៥៩​ដើម សំដៅ​ទៅ​រក​មូលដ្ឋាន​ទ័ព​អាកាស​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​អាសាដ​ កាល​វេលា​ម៉ោង ៣៖៤៥នាទី​ព្រលឹម​ថ្ងៃ​សុក្រ​ទី ៧មេសា​នេះ។

រូបភាពផ្ដល់សិទ្ធិដោយ Reuters

ការ​ប្រកាស​បាញ់​ដែល​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ព្រួយ​បារម្ភ​នេះ ​គឺ​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​តាម​​អាកាស​ប្រើ​សារធាតុគីមី​សារីន​របស់​លោក​អាសាដ ដាក់​ពលរដ្ឋ​ស្លូត​ត្រង់​នៅ​ទីក្រុង Khan Sheikhoun កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ទី ៤មេសា បណ្ដាល​​ឲ្យ​ស្លាប់​យ៉ាង​តិច​ ៨៦​នាក់ រួម​មាន​កុមារ ២៧នាក់ និង​របួស​ជាង ៥០០​នាក់​ផ្សេង​ទៀត។

មីស៊ីល​បាញ់​ពេល​នេះ​​​ប្រភេទ Tomahawk Land Attack Missiles ឬ​ហៅ​កាត់​ថា TLAMs ដោយ​បាញ់​ចេញ​​ពី​នាវាពិឃាត​អាមេរិក​ចំនួន ២គ្រឿង ឈ្មោះ USS Ross និង​ USS Porter ដែល​កំពុង​បណ្ដែត​ខ្លួន​លើ​សមុទ្រ​មេឌីទែរ៉ាណេ​​ភាគ​ខាង​កើត។

មីស៊ីល TLAMs ទាំង​ ៥៩​ដើម ​បាញ់​ឆ្ពោះ​ទៅ​មូលដ្ឋាន​ទ័ព​អាកាស​មាន​កន្លែង​ចត​យន្តហោះ កន្លែង​ស្តុក​ប្រេង​យន្តហោះ ​លេណដ្ឋាន​រក្សាទុក​រំសេវ​ផ្ទុះ ​ប្រព័ន្ធ​បញ្ជា​ទ័ព​អាកាស និង​ប្រព័ន្ធ​រ៉ាដា។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួងការពារជាតិ​អាមេរិក​លោក Jeff Davis បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​។

បើ​តាម​ប្រភព​ខាង​លើ ក្រៅពី​នាវាពិឃាត នៅ​មាន​នាវា​មុជទឹក និង​នាវា​ចម្បាំង​ផ្សេង​ទៀត​ដោយ​មីស៊ីល​មួយ​ដើម​បំពាក់​ក្បាល​គ្រាប់​ទម្ងន់​ប្រមាណ ៤៥៣​គីឡូក្រាម និង​បញ្ជា​ឲ្យ​ប្រព័ន្ធ GPS ផ្កាយ​រណប​​ទៀត​ផង។ សមត្ថភាព​របស់​វា​អាច​បាញ់​បាន​ចម្ងាយ​ឆ្ងាយ​រហូត​ដល់ ២ ៤១៤​គីឡូម៉ែត្រ។

TLAM មួយ​ដើម​មាន​ទម្ងន់​សរុប ១៥៨៧​គីឡូក្រាម ​ប្រវែង​ ៦ម៉ែត្រ អាច​ហោះ​ចេញ​បាន ២៤៥​ម៉ែត្រ​ក្នុង​មួយ​វិនាទី។ ចំណែក​តម្លៃ​មីស៊ីល​មួយ​ដើម​ប្រមាណ ៨​៣,២ម៉ឺនដុល្លារ បើ​សរុប​ទាំង​ ៥៩​ដើម ចំណាយ​អស់ ៤៩​លាន​ដុល្លារ​អាមេរិក​។

យោង​តាម​យោធា​អាមេរិក​ជំនាញ​ខាង​មីស៊ីល​បង្ហើប​ថា Tomahawk ​មាន​ជំនាញ​កម្ទេច​យន្តហោះ​ដ្រូន​ធំៗ ហើយ​អាច​ដូរ​ទិញ​ដៅ​បាន​ ទោះ​បាញ់​ចេញ​​បាន​ពាក់​កណ្ដាល​ផ្លូវ​​ក៏​ដោយ​។

ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរី​មាន​ស្នាក់​ការ​នៅ​អង់គ្លេស​បាន​បញ្ជាក់​ការ​បាញ់​របស់​អាមេរិក​នេះ​ថា​ ចំ​គោលដៅ​ល្អ ហើយ​វាល​​​យន្តហោះ​នោះ​ស្ទើរ​ខ្ទេច​ទាំង​ស្រុង ដោយ​ទាហាន​ស៊ីរី​ចំនួន ៤​នាក់​បាន​ស្លាប់។ ​ ទូរទស្សន៍​រដ្ឋ​ស៊ីរី​​បាន​ហៅ​ការ​វាយ​ប្រហារ​​ខាង​លើ គឺ​ជា​ការ​ឈ្លានពាន​ដែល​នាំ​ទៅ​រក​​ការ​បាត់​បង់​ជីវិត​មនុស្ស​។ ងាក​ទៅ​មើល​ប្រទេស​រុស្ស៊ី​ដែល​ជា​បងធំ​របស់​ស៊ីរី និង​តែង​តែ​ជួយ​ជ្រោមជ្រែង​រដ្ឋាភិបាល​របស់​លោក​អាសាដ​វិញ គឺ​តាម​រយៈ​លោក Vladimir Safronkov ជា​ប្រេសិត​រង​អង្គការ​សហប្រជាជាតិ​​រុស្ស៊ី​ បាន​ព្រមាន​ពី​ផល​វិបាក​អវិជ្ជមាន​នានា​អាច​កើត​មាន ​ក្រោយ​អាមេរិក​វាយ​ហារ​ប្រហារ​លើ​ទ័ព​ស៊ីរី ​ដោយ​លោក​លើក​​​ឧទាហរណ៍​ឲ្យ​ក្រឡេក​មើល​ស្ថាន​ភាព​ប្រទេស​អ៊ីរ៉ាក់ និង​លីប៊ី​បច្ចុប្បន្ន៕

រូបភាពផ្ដល់សិទ្ធិដោយ Reuters
Vladimir Safronkov

ប្រភព៖ Reuters   ប្រែ​សម្រួល៖ ឡេង ភារុណ