ជំ​នឿ និង​ ប្រផ្នូលតាម​បែប​បុរាណ ខណៈ​យុវវ័យ​​មិនសូវ​ជឿ​លើជំនឿខ្លះ តែ...

  • 2017-04-09 02:05:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំ​នឿចាស់​ៗសម័យ​មុន​អាច​ជារឿង​ ដែល​ស្តាប់ទៅ​មិន​សូវ​សម​ហេតុ​ផល​ក្នុង​ផ្នត់គំ​និត​របស់​មនុស្ស​សម័យ​កុំ​ព្យួទ័រយើង​នេះ ជាពិសេស​យុវវ័យ​ ប៉ុន្តែ​​ក្នុង​ទឹក​ស្អុយ​ក៏​នៅ​មាន​ស្រមោល​ដួង​ច័ន្ទ​ ដូច្នេះ​ជំ​នឿ​មួយ​ចំនួន​ក៏​បង្កប់នូវ​​អត្ថន័យ​តថភាព​ដែរ​។

ជំនឿ​ប្រជ្រុយ៖

មនុស្ស​សម័យ​​នេះ​មិន​សូវ​ចាប់​អារម្មណ៍​ចំ​ពោះប្រជ្រុយផ្នូត​ខ្មៅ ​ឫ​ផ្នូត​ក្រហមប៉ុន្មានឡើយ​ ព្រោះ​គ្រាន់​តែ​បាញ់​ឡេស័រ​តែ​ម្តង​ក៏​បាត់​។ ប៉ុន្តែ​ចំ​ពោះ​ចាស់​បុរាណមាន​ទស្សនៈផ្ទុយ​ពី​នេះ​ ដោយ​គិត​ថា មិន​មែន​ជា​រឿង​លេង​សើច​នោះទេ​ព្រោះ​ពួក​គាត់​មាន​ជំនឿថា ក្មេង​ ដែល​មាន​ផ្នូតជាប់​តាំង​ពី​កំ​ណើត​មក​នោះ ​គឺ​ធ្លាប់កើត​ម្តង​រួច​ហើយ​ពី​ជាតិ​មុន​ ហើយ​គេ​សម្គាល់​ដោយ​គេ​យក​កំ​បោរ​ក្រហម​បៀក​ពេល​ស្លាប់ ដើម្បី​ឲ្យ​កើត​ជាតិ​ក្រោយ​មាន​ស្នាម​ផ្នូត​ក្រហម​ ប៉ុន្តែបើ​គេ​យក​ធ្យូង​បៀក គឺ​ពេល​កើត​មក​មាន​ផ្នូតខ្មៅ​។

ជំនឿ​ទឹកអប់

បើ​និយាយ​ពី​ជំ​នឿហាម​យក​ទឹក​អប់​មិត្ត​ភក្តិមក​បាញ់នឹង​បណ្តាល​ឲ្យ​មាន​រឿង​ឈ្លោះ​គ្នា​ពីព្រោះ​ពាក្យ​ទំ​នៀម​បុរាណ​បាន​ពោល​ថា ភ្នំ​មួយ​មិន​អាច​មាន​ខ្លាពីរ​។ ដូច្នេះ​ក្លិន​ទឹក​អប់​ ដែល​យើង​ប្រើ​ក៏​ដូច​ក្លិន​សា​ខ្លា​យ៉ាង​​ដូច្នេះ។ កាល​ណា​ខ្លាពីរ​ក្បាល​មក​ជួប​គ្នា​ក៏​ត្រូវ​ប្រយុទ្ធ​គ្នាស៊ីសាច់ហុតឈាម​។

ក្រាស់​សិតសក់

ចំ​ពោះ​ជំ​នឿពី​ក្រាស់សិត​សក់​បាក់មនុស្សស​ម័យ​មុន​ពួកគាត់​មាន​ជំនឿ​ថា ប្រសិន​បើ​អ្នក​ណា​កំ​ពុង​តែ​សិត​សក់សុខៗស្រាប់​តែ​បាក់ក្រាស់នោះ​បញ្ជាក់ថានឹង​មាន​រឿង​អាក្រក់កើត​ឡើង​ដល់​ខ្លួន។ បើ​គ្រោះ​ស្រាល​គឺ​​គ្រាន់​​តែ​មាន​រឿង​ឈ្លោះ​ទាស់​ទែង​គ្នា​ ឫ​ បាត់​បង់​របស់​ជាទី​ស្រឡាញ់។ ប៉ុន្តែ​បើ​គ្រោះ​កាចវិញ​ គឺ​អាច​ដល់​ថ្នាក់បាត់​បង់​ជីវិត។

ជំនឿ​ការ​សង់​ផ្ទះ​

ជំ​នឿមួយ​ទៀត​គឺ​ប្រសិន​បើ​អ្នក​សង់ផ្ទះ​ថ្មី​មុន​នឹង​ចូល​ទៅ​រស់​នៅ​ចាស់​បុរាណ​គាត់​តែង​តែ​ប្រាប់​ថា ឲ្យ​លីបាវអង្ករ​ចូល​ទៅ​សិន​ នោះ​នឹង​ធ្វើ​ឲ្យ​​ផ្ទះរបស់​អ្នក​មាន​ចំ​ណីអាហារ​ហូប​ចុក​សម្បូរ​ហូរ​ហៀរ ហើយ​បើ​ដាក់​ខ្សែ-ក ចិញ្ចៀន មាស​ ប្រាក់ ចូល​ទៅ​ក្នុង​បាវអង្ករ​ផង​នោះ​ មាស​ប្រាក់​នឹង​ហូរ​ចូល​មក​ខ្ជាក់ៗ​ ចាប់​មុខ​របរអ្វី​ក៏​ចេះ​តែ​ត្រូវ​ ចេះ​តែ​កាក់កប ចូល​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​នេះ​ជួប​តែ​ហេង​ហេង​តែ​ម្តង​។

ជំនឿ​ជំនឿ​ដាក់​ទូរសព្ទ​ខាង​ឆ្វេង​នៃ​តុ

ការ​ដាក់​ទូរស័ព្ទ​ត្រូវ​ជ្រើស​រើស​ជ្រុង​ នេះ​ជា​ជំ​នឿរបស់​ជន​ជាតិ​យីបស៊ី (Gipsy) មាន​ជំ​នឿថា បើ​ដាក់​ទូរស័ព្ទ​នៅ​ជ្រុង​ខាង​ឆ្វេង​នៃ​តុ​ធ្វើ​ការ​នោះ​ អ្នក​ដែល​ទូ​រស័ព្ទចូល​មក​ ប្រាប់​តែពី​ដំ​ណឹង​អាក្រក់​ ដំ​ណឹង​មិន​សប្បាយ​ចិត្ត្​។ ប៉ុន្តែ​បើ​ដាក់ទូរស័ព្ទ​នៅ​ជ្រុងខាង​ស្តាំនៃ​តុ​ធ្វើ​ការ​នោះ​​​អ្នក​ដែល​ទូ​រស័ព្ទចូល​មក នឹង​ប្រាប់​តែ​ព័ត៌មាន​ល្អៗ ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​៕

អត្ថបទ៖ ហេង នាង (CCJ)