៥ ​កន្លែង​ក្នុង​ខេត្ត​មណ្ឌលគីរី​ ​ទេសភាព​ស្អាត​ដូច​រូប​គំនូរ​មិនសូវ​មាន​អ្នក​​ទៅ​ដល់​

  • 2017-04-10 04:54:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្ត​មណ្ឌលគីរី ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា គឺ​ជា​ដែន​ដី​សម្បូរ​ទៅ​ដោយ​ព្រឹក្ស​ព្រៃ និង​អាកាសធាតុ​ដ៏​ត្រជាក់​។ ​ខេត្ត​នេះ មាន​តំបន់​ទេសចរណ៍​ធម្មជាតិ​ជា​ច្រើន​ដែល​លាក់​ខ្លួន​ពួន​អាត្មា​មិន​សូវ​មាន​អ្នក​ទៅ​ដល់​។ ​ខាង​ក្រោម​នេះ​ជា​តំបន់​ទេសចរណ៍​ទាំង ៥​កន្លែង​ នៃ​ខេត្ត​មណ្ឌលគីរី​មាន​ទេសភាព​ល្អ​ប្រណិត​ដូច​រូប​គំនូរ ដែល​ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក​របស់​ Sabay ធ្លាប់​បាន​ទៅ​ដល​។

​​​​​ ១. ផ្លូវ​ទៅ​ដាក់ដាំ

ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​សែន​មនោរម្យ​ ខេត្ត​មណ្ឌល​គិរី​ ឆ្ពោះ​ទៅ​​​ឃុំ​ដាក់ដាំ​ ស្រុក​អូររាំង​ ​​រហូត​ដល់​ទល់​ដែន​ប្រទេស​វៀតណាម ចម្ងាយ​ផ្លូវ​ប្រហែល​ ៣០​គីឡូម៉ែត្រ​ លោក​អ្នក​នឹង​ឃើញ​​មាន​ទេសភាព​ដ៏​ស្រស់​ត្រកាល​​ ​​​ប្រៀប​ដូច​ជា​នៅ​បណ្ដា​ប្រទេស​​អភិវឌ្ឍ​យ៉ាង​ដូច្នោះ​ដែរ។ ជាមួយ​នឹង​​អាកាស​ធាតុ​ត្រជាក់​នៅ​តំបន់​ឦសាន​​ខេត្ត​មណ្ឌល​គិរី​ ​ផ្លូវ​ទៅ​ដាក់ដាំ​ ក្រាល​ដោយ​កៅស៊ូ​ ស្អាត ខណៈ​​តាម​ផ្លូវ​មាន​ឡើង​ភ្នំ​ចុះ​​ភ្នំ​ ផ្លូវ​មាន​រៀង​អក្សរ​ N ​បត់បែន​ ​ថែម​ទាំង​មាន​ដើម​ឈើ​តូច​ធំ​អម​សង​ខាង​ផ្លូវ​ ជា​ពិសេស​គឺ​មាន​ដើម​ស្រល់​ដុះ​លើ​ភ្នំ​​ និង​មាន​ស្មៅ​លើ​ភ្នំ​ពណ៌​មាស​​​ទៀត​នោះ​ ធ្វើ​ឲ្យ​អ្នក​ស្ទើរ​តែ​មិន​ជឿ​ថា ​​ជា​ដែន​ដី​​របស់​ដូនតា​ខ្មែរ​យើង​ឡើយ។

២. ​​ដើម​ស្រល់​ ​​​នៅ​​មណ្ឌល​គិរី​ 

ធ្វើ​ដំណើរ​​ចេញ​ពី​ទីក្រុង​សែន​មនោរម្យ​ ទី​រួម​ខេត្ត​មណ្ឌល​គិរី​ ឆ្ពោះ​ទៅ​​ឃុំ​ដាក់ដាំ​​ ស្រុក​អូររាំង​ ចម្ងាយ​ប្រហែល​១៥​​គីឡូម៉ែត្រ ​​​​លោក​អ្នក​ប្រាកដ​ជា​បាន​ឃើញ​ដើម​ស្រល់​​​ជា​ច្រើន​ ​ដុះ​អម​​សង​ខាង​ផ្លូវ​ លើ​ភ្នំ​​ខ្ពស់​ទាប​ ​និង​បង្ហាញ​សម្រស់​ធម្មជាតិ​​ស្រស់​ស្អាត ​​មិន​ចាញ់​ដើម​ Christmas (គ្រីស្មាស) សិប្បនិម្មិត ដែល​គេ​តុប​តែង​ឡើយ។ នៅ​លើ​ដង​ផ្លូវ​​កៅស៊ូ​​រលោង​ស្រិល​​ដ៏​សែន​​ស្ងាត់​ ​ដែល​ពុំ​សូវ​មាន​​អ្នក​​​ដំណើរ​​ឆ្លង​កាត់​ ​​​ហើយ​ពេល​ឃើញ​ដើម​ស្រល់​យ៉ាង​ច្រើន​ដុះ​លើ​ភ្នំ​​​ ​​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា ​​វា​​ពិត​ជា​​ស្អាត​មែន​ទែន​ ​ប្រៀប​ដូច​​នឹង​ដើម​ Christmas ដែល​គេ​តុប​តែង​ ដើម្បី​ត្រៀម​ប្រារព្ធ​ពិធីបុណ្យ​ណូអែល​​ឆាប់ៗ​ខាង​មុខ​នេះ​យ៉ាង​ដូច្នោះ​ដែរ។

៣. ​ទឹក​ធ្លាក់​រមនា

ទឹក​ធ្លាក់​រមនា​​ទី​ពីរ​ជា​កន្លែង​កម្សាន្ត​ដ៏​រីក​រាយ​មួយ​​​នៅ​ក្នុង​ខេត្ត​មណ្ឌលគីរី។ ​ពេល​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ទៅ​ដល់​ទី​នោះ​​ប្រាកដ​ជា​ចម្លែក​អារម្មណ៍​នឹង​សំឡេង​​ពីរ​ខុស​គ្នា​​ពោល​គឺ​សំឡេង​ទឹក​ធ្លាក់​ និង​សំឡេង​វារីអគ្គិសនី​លាយ​បញ្ចូល​គ្នា​ក្នុង​ពេល​តែ​មួយ។ ​​ទឹក​ធ្លាក់​លើ​​ផ្ទាំង​ថ្ម​កម្ពស់​​ប្រហែល​ជា​៥​ម៉ែត្រ​ ប៉ុន្តែ​​បើ​សរុប​ទាំង​ផ្នែក​ខាង​លើ​ និង​ខាង​ក្រោម​ប្រហែល​ជា​៣០០​ម៉ែត្រ​ដែល​​លេង​កម្សាន្ត​បាន​។​នៅ​​ជាប់​ទឹក​ធ្លាក់​នោះ​មាន​វារីអគ្គិសនី​ខ្នាត​តូច​មួយ​​ដែល​អាច​​បម្រើ​​ដល់​​អ្នក​ភូមិ​នៅ​ទី​នោះ​បាន​ខ្លះ។

៤. ដើម​​ជ្រៃ​យក្ស​ នៅ​ទឹក​ធ្លាក់​ជ្រៃ​ធំ​​​

នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ទឹក​ធ្លាក់​ជ្រៃ​ធំ​​​ក្នុង​ខេត្ត​មណ្ឌលគីរី​ ​លោក​អ្នក​ប្រាកដ​ជា​ចាប់​អារម្មណ៍​​ខ្លាំង​នឹង​ដើម​ជ្រៃ​យក្ស​មួយ​​ដើម​ដែល​មាន​​​អាយុ​កាល​រាប់​រយ​ឆ្នាំ​ និង​​មាន​បែក​ធំ​ៗ​វែង​​​អន្លាយ​គួរ​ជាទី​គយ​គន់​​ពេក​ក្រៃ។ នៅ​ចម្ងាយ​ពី​ដើម​ជ្រៃ​យក្ស​ប្រហែល​ជា​​២០​ម៉ែត្រ​មាន​ទឹក​ធ្លាក់​បែក​សំពោង​ដែល​ទី​នេះ​ហៅ​ថា​ ​ទឹក​​ធ្លាក់​ជ្រៃ​ធំ។ វា​មាន​ទីតាំង​នៅ​ឃុំ​ដាក់​ដាំ​ ស្រុក​អូរ​រាំង​​ដែល​មាន​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ក្រុង​សែន​មនោរម្យ​ ខេត្ត​មណ្ឌលគីរី​។ ដើម្បី​ទៅ​ដល់​ទី​នោះ​ ​លោក​អ្នក​អាច​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ក៏​បាន​ ឬ​ម៉ូតូ​ក៏​បាន។

៥.ទឹក​ជ្រោះ​សែន​មនោរម្យ​

ទឹក​ជ្រោះ​សែន​មនោ​រម្យ​នៅ​​កណ្តាល​ក្រុង​សែន​មនោរម្យ នៃ​ខេត្ត​មណ្ឌលគីរី​​បាន​ក្លាយ​ជា​កន្លែង​ងាយ​ស្រួល​បំផុត​សម្រាប់​អ្នក​​​ទេសចរ​ទៅ​លំហែ​កាយ​ ខណៈ​ទឹក​ធ្លាក់​មាន​កម្ពស់​រាប់​ម៉ែត្រ​ និង​ដើម​ឈើ​ធំ​ៗ​​ដែល​បង្កើត​ជា​ខ្យល់​បក​ត្រជាក់​ឆ្អឹង​ខ្នង។ វា​មាន​ទីតាំង​នៅ​ក្នុង​ស្រុក​សែន​មនោ​រម្យ​​ចម្ងាយ​​ត្រឹម​តែ​៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​រួម​ខេត្ត​តាម​រយៈ​ផ្លូវ​គ្រួស​ក្រហម​។ តាម​សងខាង​ ផ្លូវលំ​នោះ​​មាន​ឧស្សាហកម្ម​ចម្ការ​កៅស៊ូ​ កាហ្វេ​ និង​ស្វាយ​ចន្ទី​ផង​ដែរ​។ ​

ទឹក​ធ្លាក់​មាន​កម្ពស់​ជាង​១០​ម៉ែត្រ​ដែល​បង្កើត​​បាន​ជា​សំឡេង​កង​រំពង​ពេញ​ត្រចៀក​នៅ​ពេល​​ភ្ញៀវ​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម។ នៅ​មាត់​ទឹក​ធ្លាក់​នោះ​មាន​ដើម​គគីរ​ធំ​មួយ​ដើម​ដែល​មាន​អាយុ​កាល​រាប់​រយ​ឆ្នាំ​មក​ហើយ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី