ស្វែងយល់អំពីចំនួនសសៃធូបដែលត្រូវអុជ

  • 2017-04-11 00:45:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគ្រប់គ្នា តែងតែមានបំណងប្រាថ្នា តែងតែមានការបន់ស្រន់ តែងតែមានការលាបំនន់ ឬក៏​ការ​សែន​ព្រេន​នានា ក្នុងជីវិតរបស់លោកអ្នក ។ តើអ្នកធ្លាប់ដឹងទេថា ពេល​អ្នក​អុជធូ​បម្តងៗ ចំពោះការបន់ស្រន់នីមួយៗ របស់អ្នក តើអ្នកត្រូវអុជធូបប៉ុន្មានសសៃទើបត្រឹមត្រូវ តាម​លក្ខ​ខណ្ឌ​នីមួយៗ ?

ឆ្លើយតប​នឹង​សំណួរ​ខាង​លើនេះ ​កញ្ញា ស្រី​អូន អាយុ​ ២៤ឆ្នាំ​ ជា​និសិត្ស បាន​និយាយថា ខ្ញុំ​ដូច​ជា​មិន​ដឹង​ច្បាស់​ដែររឿង​នឹង​ កន្លង​មក​ពេល​អុជធូបគឺ​​ខ្ញុំ​​មើល​តាម​ និង​ការ​ប្រាប់​ឲ្យ​​អុជធូបប៉ុន្មានសសៃៗ នៅ​ក្នុង​ពិធី​សែនផ្សេងៗពី​​ចាស់ៗ។ នៅ​ពេល​​អុជធូបខ្ញុំ​មិន​បាន​ដឹង​ទេ​ថា ការបន់ស្រន់នីមួយៗ ​និង​​ពិធី​សែន​ផ្សេងៗ ត្រូវ​អុជធូបប៉ុន្មានសសៃទើបត្រឹមត្រូវ ហើយ​ក៏​មិន​បាន​ដឹង​ដែរ​ថា​ ការ​​អុជធូបមួយ​សសៃ ពីរ​​សសៃ និង​បី​​សសៃ បាន​ន័យ​ថា យ៉ាង​មិច​ដែរ​។​

យោង​តាម​សៀវ​ភៅ ជំ​នឿ និង​ ហុង​ស៊ុយ​ បាន​បង្ហាញ​ថា​ ការអុជធូប ១ សរសៃ តំណាង​ឲ្យ​ការ​រំលឹក​គុណគ្រូ និងតួខ្លួន ចំ​ណែក​ការអុជធូប ២ សរសៃ តំណាងឲ្យគុណមាតាបិតា ចំ​ពោះ​ការអុជធូប ៣ សរសៃ គឺ​បូជា​ព្រះរតនត្រ័យដែលមានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬមាតាបិតា និងគុណគ្រូ។

ចំ​ពោះ​ការអុជធូប ៤ សរសៃ តំណាងឲ្យធាតុទាំង៤ (ទឹក ដី ភ្លើង ខ្យល់) ហើយ​ការអុជធូប ៥ សរសៃ គឺបូជាព្រះទាំង ៥អង្គ គឺព្រះកុក្កុសន្ធោ (មាន់) ព្រះកោនាគមនោ (នាគ) ព្រះកស្សបោ (អណ្ដើក) ព្រះ​សម​ណ​គោ​ត្តម (គោ) និងព្រះសិអារ្យមេត្រី (ខ្លា) និង​ការអុជធូប ៧ សរសៃ គឺបូជាញាតិទាំងប្រាំពីរសន្តាន គឺ ឪពុកម្ដាយ ជីដូនជីតា យាយទួតតាទួត និង កូន ចៅ ចៅទួត។ ​

សម្រាប់​ការអុជធូប ៩ សរសៃ គឺបូជាទេវតា ដែលថែរក្សាទិសទាំងប្រាំបួន គឺ ទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និងទិសខាងលើ ចំ​ណែក​ការអុជធូប ១១ សរសៃ តំណាងឲ្យមេត្តាធម៌ទាំង ១១។

ការអុជធូប ១២ សរសៃ គឺបូជាគុណម្ដាយ ១២ ឬគុណធាតុ ចំ​ពោះ​ការអុជធូប ១៩ សរសៃ គឺ​សម្រាប់​ពិ​ធី​ហៅព្រលឹង (មនុស្សមានព្រលឹង ១៩ រួមទាំងព្រលឹងធំ និងព្រលឹងតូច) ហើយ​ការអុជធូប ២១ សរសៃ គឺ​បូ​ជា​គុណឪពុក និង​ការអុជធូប ៣៣ សរសៃ គឺបូជាគុណឪពុកម្ដាយ៕

អត្ថបទ៖ ហេង នាង (CCJ)

អត្ថបទពេញនិយម