ក្តៅ​ៗ និស្សិត IT​ ហេង​​ សៅឌី ​ក្លាយ​ជា​ស្តេច​អុក​អង្គរ​សង្ក្រាន្ត​ទឹក​ប្រាក់៣២​លាន​រៀល​

  • 2017-04-16 04:19:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​រះ​ថ្មី​ក្នុង​វិស័យ​កីឡា​អុក​ហេង សៅឌី​បាន​ក្លាយ​ជា​ស្តេច​អុក​អង្គរសង្ក្រាន្ត​​ឆ្នាំ​២០១៧​​ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​រហូត​ដល់​២០​លាន​រៀលពី​សម្តេច ហ៊ុន សែប និង​ប្រាក់​ឧបត្ថម្ភ​ផ្សេង​ៗ​​១២​លាន​​រៀល​ទៀត​ដែល​សរុប​ទាំង​អស់​​៣២​លាន​រៀល។ ចំពោះ​ចំណាត់​ថ្នាក់​លេខ​២​បាន​កីឡាករ​ ប៊ិន គាសេង និង​លេខ៣​បាន​ទៅ​កីឡាករ ឆយ វីរ៉ា។

ហេង សៅឌី អាយុ​២៤​​ឆ្នាំ​ជា​និស្សិត​ព័ត៌មានវិទ្យា (IT) និង​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កណ្តាល។ តាម​ពិត​ទៅ​រូប​គេ​ធ្លាប់បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស្តេច​អុក​អង្គរសង្ក្រាន្ត​នេះ​២​ដង​ហើយ ប៉ុន្តែ​ពីរ​លើក​កន្លង​មក​មិន​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ។ យ៉ាង​ណា​មិញ​ឆ្នាំ​នេះ​រូប​គេ​ពិត​ជា​បង្កើន​សមត្ថភាព​ខ្លាំង​មែន​ទែន​ដោយ​បាន​ផ្តួល​ជើង​ខ្លាំង​ទាំង​អស់​ដើម្បី​ក្លាយ​ជា​ស្តេច​អុក​ឆ្នាំ​២០១៧​នេះ​​តែ​ម្តង។

សៅឌី​បាន​និយាយ​ថា កត្តា​ដែល​ជំរុញ​ឲ្យ​រូបគេ​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​ឆ្នាំ​នេះ​មាន​២​យ៉ាង​។ ទី​១​ ការ​លេង​អុក​ម្តង​ៗ​ត្រូវ​ការ​ភាព​វ័យ​ឆ្លាត និង​ទី​២​ត្រូវ​មាន​ស្មារតី​រឹង​មាំ​ដោយ​មិន​ត្រូវ​ចុះ​ញម​ឬ​ខ្លប​ខ្លាច​ដៃ​គូ​ឡើយ បើ​ទោះ​ជា​ដឹង​ថា ដៃ​គូ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។

ជយលាភី​ទាំង​៣​រូប

សម្រាប់​ជយលាភី ហេង សៅឌី​ លេខ​១​ទទួល​បាន​ប្រាក់​រង្វាន់​២០​លាន​រៀល និង​ប្រាក់​រង្វាន់​ឧបត្ថម្ភ​ផ្សេង​ៗ​ទៀត​១២​លាន​រៀល​​ដែល​សរុប​ទាំង​អស់​ចំនួន​៣២​​លាន​រៀល។ លេខ​២ ប៊ិន គាសេង​អាយុ​៤០​ឆ្នាំ​ទទួល​បាន​១២​លាន​រៀល​ពី​សម្តេច ហ៊ុន សែន និង​ប្រាក់​រង្វាន់​ផ្សេង​ទៀត​៨​លាន​រៀល​ដែល​សរុប​២០​លាន​រៀល និង​លេខ​៣ ឆយ វីរ៉ា​​អាយុ​៣៧​ឆ្នាំ​ទទួល​បាន៨​លាន​រៀល​ពី​សម្តេច ហ៊ុន សែន និង​៤​លាន​រៀល​ពី​ការ​ឧបត្ថម្ភ​​​ផ្សេង​ៗ​ទៀត​ដែល​សរុប​ទាំង​អស់១២​លាន​រៀល។ លេខ​៤​បាន​ទៅ​ ឈាន បូរ៉ា អាយុ​២៧​ឆ្នាំ​​ទទួល​បាន​៤​លាន​រៀល​ពី​សម្តេច ហ៊ុន សែន និង​លេខ​៥​ដល់​៨​​ទទួល​បាន​២​លាន​រៀល​ដូច​គ្នា​ពី​សម្តេចតេជោ៕

អត្ថបទ៖ ជាន ចាន់រ៉ា