ក្រុមហ៊ុនគ្រឿងសមុទ្រធំបំផុតរបស់វៀតណាម​ទទួលសារព្រមាន​ករណីអាហារពុល​ពីអាមេរិក

  • 2017-04-19 09:37:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​វៀតណាម Ba Hai Company Limited បាន​ទទួល​សំបុត្រ​ព្រមាន​មួយ​ច្បាប់​ដែល​បាន​ចុះ​កាល​បរិច្ឆេទ ២១​មិនា​ឆ្នាំ ២០១៧ ពី​រដ្ឋបាល​ចំណីអាហារ និង​ឱសថ (FDA) សហរដ្ឋ​អាមេរិក ក្រោយ​រក​ឃើញ​ត្រី និង​ផលិត​ផល​គ្រឿង​សមុទ្រ​មាន​ជាតិ​ពុល។

ក្រុម​ហ៊ុន​នាំ​ចូល​ Ba Hai​ ត្រូវ​បាន​គេ​ដឹង​ថា​ បាន​​នាំ​ចូល​ប្រភេទ​ត្រី​ផ្សេងៗ​ និង​ផលិត​ផល​គ្រឿង​សមុទ្រ​ច្រើន​មុខ​ទៀត​ដែល​មាន​ទីតាំង​នៅ​ប្រទេស​វៀតណាម។ ​ប្រភេទ​ត្រី​មាន​ជាតិ​ពុល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទាំង​នោះ គឺ​ប្រភេទ Scombroid ដែល​បាន​ក្លាសេ្ស​​ដូច​ជា​ត្រី​ស្បៃកា ត្រី​ធូណា ត្រី Kahawai និង​ស្ដេច​ត្រី​មេអំបៅ (Butterfly Kingfish) ដោយ​ពួក​វា​មាន​សាច់​ប្រែ​ជាជាំ​ខ្មៅ។

ពពួក​ត្រី​សមុទ្រ Scombroid មាន​ផ្ទុក​សារធាតុ​គីមី​ម្យ៉ាង​ឈ្មោះ Histadine ​ហើយ​បាក់តេរី​​ក្នុង​ខ្លួន​ត្រី​ត្រូវ​បម្លែង​ច្រើន​ឡើង​ៗ​ពេល​វា​​ស្ថិត​នៅ​ក្នុង​សីតុណ្ហភាព​​ខ្ពស់​ជាង​ ១៥​អង្សា រួច​ប្រែ​ទៅ​ជា​សារធាតុ​ពុល Scombrotoxin តែម្ដង។ សារធាតុ​ចម្បង​ក្នុង Scombrotoxin គឺ Histamine ដែល​គេ​មិន​អាច​កាត់​បន្ថយ​វា​បាន​តាម​រយៈ​ការ​ចម្អិន​ឡើយ។

FDA បញ្ជាក់​ថា​ កម្រិត​សារ​ធាតុ​ពុល Histamine ​​​អាច​មាន​តិច​ជាង ៥០​មិល្លីក្រាម​ក្នុង​ត្រី​មួយ​គីឡូ តែ​បើ​កម្រិត​ចាប់​ពី ២០០​មិល្លីក្រាម​ក្នុង​មួយ​គីឡូ ឬ​ច្រើន​ជាង​នេះ​ ត្រូវ​​គេ​ចាត់​ទុក​ថា​គ្រោះ​ថ្នាក់​ខ្លាំង​ចំពោះ​សុខភាព​។

FDA បាន​ព្រមាន​ទៀត​ថា ​ប្រសិន​បើ​ក្រុមហ៊ុន​ Ba Hai មិន​បាន​​ដោះ​ស្រាយ​​ត្រឹម​ត្រូវ​ទេ ​​នោះ​ផលិត​ផល​ត្រី Scombroid នឹង​មិន​អនុញ្ញាត​ឲ្យ​នាំ​ចូល​សហរដ្ឋ​អាមេរិក​ឡើយ៕

ប្រភព៖ Voice of Vietnam   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម