​ក្រោយ​ទិញ​ផ្ទះ​បង់រំលស់ ​ប្ដី​ប្រពន្ធ​គួរ​ធ្វើ​បែប​ណា​ ដើម្បី​មាន​លុយ​ទិញ​សម្ភារៈ

  • 2017-04-20 04:59:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិញ​ផ្ទះ​បង់​រំលស់ គឺ​ជា​វិធីសាស្ត្រ​ល្អ​បំផុត ចំពោះ​អ្នក​មិន​មាន​លទ្ធភាព​យក​លុយ​ទៅ​ទិញ​ទាំង​ដុល ជា​ពិសេស​ប្ដី​ប្រពន្ធ​ដែល​ទើប​តែ​រៀបការ​​ហើយ​ថ្មីៗ ចង់​មាន​លំនៅ​ឋាន​ផ្ទាល់​ខ្លួន​។ ​ក្រោយ​ទិញ​ផ្ទះ​ហើយ ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​អាច​អស់​លុយ​ពី​ខ្លួន​ ចំណែក​ក្នុង​ផ្ទះ​ពុំ​មាន​ទ្រព្យ​សម្បត្តិ​អ្វី​សោះ​។ ​ដូច្នេះ​ប្រសិន​បើ​ចង់​មាន​ទ្រព្យ​របស់​ដាក់​ផ្ទះ​ តើ​ប្ដី​ប្រពន្ធ​គួរ​ធ្វើ​បែប​ណា​ទៅ​? ​ខាង​ក្រោម​នេះ​ជា​ការ​ចែក​រំលែក​ពី​អ្នក​មាន​បទ​ពិសោធន៍​ ក្នុង​បញ្ហា​នេះ​ដោយ​ផ្ទាល់​៖

១.​ ដាក់​ផែនការ​​រយៈ​ពេល​ខ្លី

​ លោក ប្រាក់ ចាន់រ៉ា ​ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ឯក​ជន​មួយ​កន្លែង ហើយ​បាន​រួម​គ្នា​ពីរ​នាក់​ប្ដី​ប្រពន្ធ​ទិញ​ផ្ទះ​បង់​រំលស់​ ប្រាប់​ថា ក្រោយ​លោក​ទិញ​ផ្ទះ​ហើយ មាន​តែ​សំបក​​ប៉ុណ្ណោះ​អ្វី​ក៏​មិនមាន​ដែរ​ តែ​ដើម្បី​មាន​ទ្រព្យ​ដាក់​ផ្ទះ​ គឺ​ត្រូវ​ដាក់​ផែន​ការ​រយៈ​ពេល​ខ្លី​មួយ​ ថា​តើ​ក្នុង​រយៈ​ពេល​១​ខែ​ទៀត​ត្រូវ​មាន​អ្វី ២​ខែ​ទៀត​ត្រូវ​មាន​អ្វី។ ​បន្ទាប់​ពី​កំណត់​ផែន​ការ​រួច​ ត្រូវ​រៀប​ចំ​សន្សំ​លុយ​មួយ​ចំណែក​ដែល​សល់​ពី​ការ​រំលស់​ផ្ទះ ដាក់​ចូល​ក្នុង​កញ្ចប់​ប្រាក់​សន្សំ​ទិញ​របស់។ ​លោក​ប្រាប់​ថា ត្រូវ​តែ​កំណត់​បែប​នេះ​ដាច់​ខាត​ ព្រោះ​បើ​មិន​ដូច្នោះ​ទេ ប្រាកដ​ជា​ចាយ​លុយ​គ្មាន​គោល​ដៅ​អស់​លុយ​អត់​ប្រយោជន៍​។

២. ​ផ្ដល់​អាទិភាព​ទ្រព្យ​សម្បត្តិ​ណា​ដែល​ជា​តម្រូវ​ការ​ចាំ​បាច់

មក​ដល់​ចំណុច​នេះ​ លោក​ ប្រាក់ ចាន់​រ៉ា ​លើក​ឡើង​ថា វិធីសាស្រ្ត​ល្អ​មួយ​ទៀត គឺ​ត្រូវ​ទិញ​ទ្រព្យ​ទៅ​តាម​ដំណាក់​កាល​ និង​ទៅ​តាម​តម្រូវ​ការ​ជាក់​ស្ដែង​។ ​លោក​និយាយ​ថា ក្រោយ​ទិញ​ផ្ទះ​រួច​ប្រពន្ធ​លោក​រអ៊ូ​ថា ក្ដៅ​គេង​មិន​កើត​ ដូច្នេះ​តម្រូវ​ការ​ចាំបាច់​គឺ​ម៉ាស៊ីន​ត្រជាក់​។ ​បន្ទាប់​ពី​ដឹង​ពី​តម្រូវ​ការ​ហើយ ត្រូវ​យក​លុយ​ទិញ​របស់​នោះ​មុន​គេ ហើយ​បន្ត​មក​ទៀត​នៅ​បន្ត​ទិញ​ទៅ​តាម​ដំណាក់​កាល​ យូរ​ៗ​ទៅ​គង់​តែ​កើន​ទ្រព្យ​សម្បត្តិ ដោយ​មិន​ដឹង​ខ្លួន​។

៣.​ បែង​ចែក​លុយ​ដែល​រក​បាន​ពីរ​នាក់​ប្ដី​ប្រពន្ធ​ឱ្យ​ច្បាស់

​ ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​សុទ្ធ​តែ​មាន​ប្រាក់​ខែ​រៀង​ខ្លួន​។ ​ដូចនេះ​ត្រូវ​បែង​ចែក​លុយ​ឱ្យ​ច្បាស់​ថា លុយ​អ្នក​ណាច្រើន​ជាង​ត្រូវ​ទុក​សន្សំ និង​ចាយ​វាយ ចំណែក​លុយ​អ្នក​ណា​តិច​ជាង​ល្មម​​អាច​រំលស់​ផ្ទះ​ប្រចាំ​ខែ គួរ​ទុក​លុយ​អ្នក​នឹង​ទៅ​។ ធ្វើ​បែប​នេះ​ងាយ​ស្រួល​ឱ្យ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ចេះ​គ្រប់គ្រង​លុយ​បាន​ល្អ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អាច​សល់​លុយ​ទិញ​ទ្រព្យ​សម្បត្តិ​ទៀត​ផង​។ ​នេះ​បើ​តាម​ការ​លើក​ឡើង​បន្ថែម​ទៀត​របស់​លោក ប្រាក់ ចាន់រ៉ា​។

៤. ​លុប​បំបាត់​ការ​ចំណាយ​ដែល​មិន​ចាំ​បាច់​ទាំង​អស់

​ ការ​ចំណាយ​មិន​ចាំបាច់​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ដូចជា៖  ​​បង្កើន​ការ​ទិញ​របស់​ប្រើប្រាស់​ខោអាវ ស្បែក​ជើង ​ការ​ចំណាយ​លើ​ការ​ហូប​ចុក​ក្រៅ​ផ្ទះ ​​​ចំណាយ​លើ​មនុស្ស​មិន​បាន​ផល​ចូលចិត្ត​ប៉ាវ​អ្នក​ដទៃ ​សេវា​មិន​ចាំបាច់​ផ្សេងៗ​អ៉ីន​ធើណេត​  ​ទម្លាប់​បង្កើត​បំណុល​លេង​តុង​ទីន​ ជាដើម គឺ​ត្រូវ​លប់​បំបាត់​ទាំង​អស់​។ ​ដូច្នេះ​ហើយ ប្ដី​ប្រពន្ធ​កាន់​តែ​សល់​ដើម្បី​ទុក​ទិញ​ទ្រព្យ​សម្បត្តិ​សំខាន់ៗ​វិញ​៕ ​

​ ​​​

អត្ថបទ៖ វឌ្ឍនៈ