ផ្លូវ​៣​កន្លែង​​​នៅ​កម្ពុជា​​ ទេសភាព​ស្អាត​បំផុត មិន​ចាញ់​បរទេស​

  • 2017-04-20 08:41:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវ​ ៣​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​មាន​ទេសភាព​ស្អាត​បំផុត ប្រៀប​ដូច​ផ្ទាំង​គំនូរ ​មិន​ចាញ់​បរទេស​ប៉ុន្មាន​ឡើយ​។ ​ដូច្នេះ​ តើ​ផ្លូវ​ទាំង​៣ កន្លែង​នោះ​មាន​នៅ​ខេត្ត​ណា​ខ្លះ​? ​តោះ​ ទៅ​ទស្សនា​ទិដ្ឋភាព​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖

១. ផ្លូវ​ទៅ​ខេត្ត​កោះកុង

​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៤៨ បំបែក​ពី​ស្រែអំបិល ឆ្ពោះ​ទៅ​ខេត្ត​កោះកុង ​ក្នុង​ចម្ងាយ​ផ្លូវ​ជាង ១៤០ គីឡូម៉ែត្រ អ្នក​ប្រាកដ​ជា​នឹង​លង់​​សម្រស់​ធម្មជាតិ​តាម​ដង​ផ្លូវ វាលស្រែ​រំលេច​ពណ៌​ខៀវស្រងាត់ ក្រោយ​រង​ដំណក់​ទឹកភ្លៀង​ជោកជាំ​នា​ខែ​វស្សា និង​ទេសភាព​រំលេច​ពណ៌​មាស​នា​រដូវ​ប្រាំង​ ជាមួយ​ភ្នំ​តូច​ធំ​យ៉ាង​វែង​អន្លាយ​​នាំ​​អារម្មណ៍​ស្រស់​ស្រាយ ទោះ​បី​ហត់​នឿយ​ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ណា​ក៏​ដោយ​។

២. ​ផ្លូវ​ពី​រតនគីរី​ទៅ​មណ្ឌលគីរី

បើ​អ្នក​ដំណើរ​ចេញ​ពី​ទី​​រួម​ខេត្ត​រតនគីរី​ដល់​ស្រុក​លំផាត់​ និង​បន្ត​ដំណើរ​​​ឆ្ពោះ​ទៅ​ស្រុក​កោះ​ញែក​​ខេត្ត​មណ្ឌលគីរី​ លោក​អ្នក​ប្រាកដ​ជា​​មាន​អារម្មណ៍​ស្រស់​ស្រាយ​ សប្បាយ​​រីក​រាយ​ ភ្លេច​អត់​ទុក្ខ​ហ្មង​សៅ​​នានា​ជា​មួយ​នឹង​សម្រស់​ធម្មជាតិ​តាម​ដង​សង្ខាង​ផ្លូវ​ប្រៀប​ដូច​ជា​ផ្ទាំង​គំនូរ​ដែល​ផុស​ចេញ​ពី​វិចិត្រករ​​ដៃ​ឯក។ ​

ផ្លូវ​ជាង​២០០​គីឡូម៉ែត្រ​ហាក់​ដូច​ជា​ឆ្ងាយ​ ប៉ុន្តែ​ពេល​ធ្វើ​ដំណើរ​លើ​ង​ផ្លូវ​ដែល​ពោរពេញ​ដោយ​សម្រស់​ធម្មជាតិ​ និង​គ្មាន​អ្វី​រំខាន​ដល់​ចរាចរណ៍​ ស្រាប់​តែ​ទៅ​ដល់​​ទី​រួម​ខេត្ត​មណ្ឌលគីរី​​ក្នុង​រយៈ​ពេល​មួយ​​ដែល​អារម្មណ៍​​របស់​លោក​អ្នក​មិន​ទាន់​អស់​ចិត្ត​​នឹង​ធម្មជាតិ​ឡើយ។

៣. ផ្លូវ​ទៅ​ដាក់ដាំ

ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​សែន​មនោរម្យ​ ខេត្ត​មណ្ឌល​គិរី​ ឆ្ពោះ​ទៅ​​​ឃុំ​ដាក់ដាំ​ ស្រុក​អូររាំង​ ​​រហូត​ដល់​ទល់​ដែន​ប្រទេស​វៀតណាម ចម្ងាយ​ផ្លូវ​ប្រហែល​ ៣០​គីឡូម៉ែត្រ​ លោក​អ្នក​នឹង​ឃើញ​​មាន​ទេសភាព​ដ៏​ស្រស់​ត្រកាល​​ ​​​ប្រៀប​ដូច​ជា​នៅ​បណ្ដា​ប្រទេស​​អភិវឌ្ឍ​យ៉ាង​ដូច្នោះ​ដែរ។

ជាមួយ​នឹង​​អាកាស​ធាតុ​ត្រជាក់​នៅ​តំបន់​ឦសាន​​ខេត្ត​មណ្ឌល​គិរី​ ​ផ្លូវ​ទៅ​ដាក់ដាំ​ ក្រាល​ដោយ​កៅស៊ូ​ ស្អាត ខណៈ​​តាម​ផ្លូវ​មាន​ឡើង​ភ្នំ​ចុះ​​ភ្នំ​ ផ្លូវ​មាន​រៀង​អក្សរ​ N ​បត់បែន​ ​ថែម​ទាំង​មាន​ដើម​ឈើ​តូច​ធំ​អម​សង​ខាង​ផ្លូវ​ ជា​ពិសេស​គឺ​មាន​ដើម​ស្រល់​ដុះ​លើ​ភ្នំ​​ និង​មាន​ស្មៅ​លើ​ភ្នំ​ពណ៌​មាស​​​ទៀត​នោះ​ ធ្វើ​ឲ្យ​អ្នក​ស្ទើរ​តែ​មិន​ជឿ​ថា ​​ជា​ដែន​ដី​​របស់​ដូនតា​ខ្មែរ​យើង​ឡើយ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី