ខាំ​ ខ្លានាង​ ប្រាប់​ចំណុច​ខ្សោយ​ត្រូវ​កែប្រែ​ក្រោយ​ភ្លាត់​ច្រើន​ដង

  • 2017-04-24 06:56:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដែល​កំពុង​សាង​ភាព​ចាប់​អារម្មណ៍​ដល់​អ្នក​ទស្សនា​គុន​ខ្មែរ​ ខាំ​ ខ្លានាង​ ប្រាប់​ចំណុច​ខ្សោយ​របស់​ខ្លួន​ដែល​ត្រូវ​តែ​កែប្រែ​ព្រោះ​វា​ប៉ះ​ពាល់​ខ្លាំង​នា​ពេល​កន្លង​មក​ជាក់​ស្ដែង​ប្រកួត​ភាព​មិត្តភាព​អន្តរជាតិ​ម្សិលមិញ​នេះ​តែ​ម្ដង។​

កីឡាករ ខាំ ខ្លានាង ត្រូវ​អាជ្ញាកណ្ដាលរាប់

កីឡាករ​វ័យ​ក្មេង​ ខាំ​ ខ្លាំនាង​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​នេះ​ថា​ គិត​មក​ដល់​ពេល​នេះ​ គេ​ឡើង​ប្រកួត​គុន​ខ្មែរ​បាន​ប្រហែល​ជា​៨០ដង​មក​ហើយ​ ក្នុង​នោះ​ឈ្នះ​ប្រហែល​៧០ដង។​ បើ​ទោះ​ជា​មាន​ស្ថិតិ​ឈ្នះ​ច្រើន​លើស​លុក​ក្ដី​តែ​ ជើង​ខ្លាំង​ទម្ងន់​ ៥១​គីឡូក្រាម​រូប​នេះ​ប្រាប់​ថា​ខ្លួន​ធ្វើ​មិន​ទាន់​បាន​ល្អ​ត្រង់​ចំណុច​តាំង​ឃុំ​​បាន​ល្អ​នោះ​ឡើយ​ ហើយ​លើក​តាំង​ឃុំ​យឺត។​

កីឡាករ ខាំ ខ្លានាង ក្រហម

ជាក់​ស្ដែង​ដូច​ការ​ប្រកួត​ជា​មួយ​កីឡាករ​ថៃ​ Anon​ ម្សិល​មិញ​នៅ​ PNN​ អញ្ចឹង​ គេ​ភ្លាត់​រហូត​ទៅ​ដល់​ពីរ​លើក ​ដែល​បណ្ដោយ​ឲ្យ​កីឡាករ​ថៃ​ទាត់​កាប់​ចាន​ត្រូវ​ រហូត​ដល់​អាជ្ញា​កណ្ដាល​រាប់​ដល់ទៅ​ពីរ​ដង។​ នៅ​ពេល​ចូល​អោប​ឬ​នៅ​កៀក​គ្នា​កូន​សិស្ស​របស់​អតីត​ជើង​ខ្លាំង​ ប៉ឺត​ ខាំ​ ម្នាក់​នេះ​មិន​សូវ​ពឹត​ខ្លួន​បិទ​ពី​ការ​វ៉ៃ​របស់​ដៃ​គូ​ឡើយ​បាន​ល្អ​ទេ។​ កីឡាករ​មាឌ​ល្អិត​រូប​នេះ​បន្ត​ទៀត​ថា​ គេ​នឹង​ខំប្រឹង​ប្រែង​ហាត់​ឲ្យ​ខ្លាំង​ជាង​នេះ​ ហើយ​ចំណុច​ខ្វះ​ខាត​ខាង​លើ​ត្រូវ​តែ​ខំ​ហាត់​កែប្រែ​វា​ឲ្យ​ល្អ​ឡើង​វិញ​ ដើម្បី​បន្ត​ស្វែង​រក​ជ័យជម្នះ​និង​មិន​បណ្ដោយ​ឲ្យ​មាន​កំហុស​ដដែល​នេះ​ទៀត​ទេ។​

កីឡាករ ខាំ ខ្លានាង ក្រហម

ខាំ​​ ខ្លាំនាង​ ជា​កូន​សិស្ស​របស់​អតីត​កីឡាករ​កំពូល​ល្បិច​មាន​ស្នៀត​ប្រយុទ្ធ​គ្រប់​បែប​ ប៉ឺត​ ខាំ​ មក​ពី​ក្លឹប​រហាប់ស្វាយប៉ាក។​ បច្ចុប្បន្ន​នេះ​កីឡាករ​វ័យ​ក្មេង​ម្នាក់​នេះ​កំពុង​សាប​ព្រោះ​កេរ្តិ៍​ឈ្មោះ​ជា​ខ្លាំង​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ ហើយ​រយៈ​ពេល​ចុង​ក្រោយ​គេ​ឃើញ​កីឡាករ​រូប​នេះ​ភាគ​ច្រើន​ប្រកួត​ជា​គូ​មិត្តភាព​អន្តរជាតិ​រហូត៕​

អត្ថបទ៖ នួន ស៊ីណា​