មាន​ដំណឹង​ក្រុម​ម៉ូដែល​ផ្ដុំ​ដោយ​តារា​ល្បី​ៗ Cambodia Super Model បែក​ក្រុម?

  • 2017-04-26 03:07:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តារា​ម៉ូដែល​ល្បី​ឈ្មោះ​មួយ​ក្រុម គឺ​ក្រុម Cambodia Super Model ដែល​មាន​កញ្ញា ដួង ហ្សូរីដា ជា​ប្រធាន​នោះ បាន​រង​ព័ត៌មាន​ថា ពួក​គេ​បាន​បែក​បាក់​ក្រុម​ហើយ ក្រោយ​មួយ​រយៈ​ចុង​ក្រោយ​នេះ ស្ងប់ស្ងាត់​សកម្មភាព​ដែល​ពី​មុន​ធ្លាប់​តែ​មមាញឹក​អត់​ស្វាង។

ព័ត៌មាន​នេះ បាន​ធ្លាយ​ចេញ​ពី​តារា​ប្រុស​ម្នាក់ ដែល​មាន​អតីតភាព​ជា​សមាជិក​ក្រុម​ម៉ូដែល​មួយ​នេះ​ដែរ។ នៅ​គ្រា​មួយ​ដែល​ក្រុម​ការងារ​យើង​សាក​សួរ​ពី​ការងារ​របស់​ពួក​គេ តារា​ប្រុស​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​នោះ អះអាង​ថា គេ​មិន​មាន​អ្វី​ត្រូវ​និយាយ​ទៀត​ទេ ពាក់​ព័ន្ធ​នឹង​ក្រុម​ម៉ូដែល​នេះ ដោយ​ហេតុ​ថា គេ​បាន​ចាក​ចេញ ហើយ​ក្រុម​ទៀត​សោត ក៏​បែក​ខ្ញែក​គ្នា​ដែរ។

“មិន​បាច់​និយាយ​អី​ពី​ក្រុម​ហ្នឹង​ទៀត​ទេ​បង បែក​គ្នា​អស់​ហើយ"។ ទន្ទឹម​នឹង​ការ​បង្ហើប​នេះ គេ​ក៏​ឃើញ​ថា សមាជិក​មួយ​ចំនួន បាន​ចេញ​មក​បើក​ក្រុមហ៊ុន​ពិធីការ​ផ្ទាល់​ខ្លួន​រៀង​ៗ​ខ្លួន ក្នុង​នោះ​មាន​ដូច​ជា យ៉ែម សំអូន អេឡិច ច័ន្ទត្រា ជា​ដើម។ ក្រៅ​ពី​នេះ​ទៀត​សោត សមាជិក​ស្រី​ៗ ខ្លះ​ក៏​មាន​ស្វាមី​ចេញ​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​រៀង​ខ្លួន​ដែរ ដូច​ជា សារ៉ាយ សក្ខណា លី ម៉ារីណា ជា​ដើម។

យ៉ាង​ណា​ក៏​ដោយ ជុំវិញ​បញ្ហា​នេះ ត្រូវ​បាន​ច្រាន​ចោល​ដោយ​ប្រធាន​ក្រុម​របស់​ក្រុម​បង្ហាញ​ម៉ូដ​នេះ​តែ​ម្ដង។ កញ្ញា ដួង ហ្សូរីដា ប្រាប់​ថា ក្រុម​របស់​នាង មិន​បាន​បែក​បាក់​ទេ គឺ​នៅ​តែ​ជា​ក្រុម​ដដែល។ ប៉ុន្តែ នាង​បាន​ទទួល​ស្គាល់​ថា ពួក​នាង​រយាល​ការងារ​ខ្លះ​ពិត​មែន ដោយ​សារ​ទី​១​ការ​ប្រកួត​ប្រជែង និងទី២ ​ទំនោរ​របស់​អតិថិជន​មាន​ការ​ផ្លាស់​ប្ដូរ​ផង។

ក្រុម Cambodia Super Model ក្នុង​កម្មវិធី​ "រាត្រី​កតញ្ញូ"

“រឿង​បែក​បាក់ គឺ​អត់​មាន​បែក​បាក់​ផង​បង...គ្រាន់​តែ​ឥឡូវ...និយាយ​ឲ្យ​ត្រង់​ទៅ ឥឡូវ​គេ​អត់​សូវ​ចង់​បាន​ម៉ូដែល​ចាស់​ៗ​ប៉ុន្មាន​ទេ​បង អីចឹង​ខ្ញុំ​ច្រើន​ប្រើ​​តែ​ម៉ូដែល​ក្មេង​ៗ​ច្រើន​ជាង ដល់​ម៉ូដែល​ក្មេង​ៗ គេ​អត់​សូវ​ស្គាល់ គេ​ថា​មក​ពី​ក្រុមហ៊ុន​នេះ ក្រុម​ហ៊ុន​នោះ​អីចឹង​ទៅ...តែ​ភាគ​ច្រើន​ការងារ​ម៉ូដែល​ចេញ​ពី​ខាង​យើង​ទៅ​ច្រើន គ្រាន់​មិន​សូវ​បាន​បង្ហោះ"។

សមាជិកក្រុម​ Cambodia Super Model (រូបភាព៖​ផ្ដល់​ដោយ ហ្សូរីដា)

ក្រៅ​ពី​នេះ ហ្សូរីដា នៅ​បាន​អះអាង​បន្ត​ទៀត​ថា សម្រាប់​ម៉ូដែល​ចាស់​ៗ​របស់​នាង គឺ​ជ្រើសរើស​កម្មវិធី​សម្រាប់​ចេញ​មុខ មិន​ចេញ​គ្រប់​កម្មវិធី​ទាំង​តូច​ទាំង​ធំ​នោះ​ទេ ព្រោះ​ក្រុម​របស់​នាង​មាន​ចុះ​បញ្ជី​ជា​ក្រុម​បង្ហាញ​ម៉ូដ​ត្រឹម​ត្រូវ។

“ជា​រួម​ទៅ ការងារ​ណា​តម្លៃ​ថោក​ពេក ឬ​ភ្ញៀវ​ខ្លះ​ពិបាក​ទារ​លុយ​ពេក ក៏​ខ្ជិល​តែ​ម្ដង​ទៅ។ ម្យ៉ាង​ម៉ូដែល​យើង មាន​ការងារ​ច្រើន​ដែរ ជាមួយ​ក្រុម​ហ៊ុន​ផ្ទាល់​ខ្លួន រវល់​ពេក ទើប​ខ្ជិល​បង្ហោះ​ទៅ"។ ហ្សូរីដា បន្ថែម។

ទន្ទឹម​នឹង​ច្រាន​ចោល​ព័ត៌មាន​បែក​បាក់​ក្រុម​ម៉ូដែល ដួង ហ្សូរីដា បញ្ជាក់​ទៀត​ថា នៅ​កម្មវិធី​រាត្រី​កតញ្ញូ​ដែល​បាន​ប្រារព្ធ​កាល​ពី​ដើម​ខែ​នេះ​នោះ ម៉ូដែល​របស់​ពួក​នាង ក៏​ចូល​រួម​ទាំង​ក្រុម​ដែរ៕

អត្ថបទ៖ ស៊ុនហួត

អត្ថបទថ្មី