សី​ឈិន​ឡូន នឹង​​ហាត់​នៅ​មីយ៉ាន់ម៉ា២​ខែ ​​សង្ឃឹម​​​ឈ្នះ​មេដាយ​មាស​​លើក​ទី​២​នៅ​ស៊ីហ្គេម

  • 2017-04-28 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ​ សី​ឈិន​ឡូន​​ជម្រើស​ជាតិ​កម្ពុជា នឹង​ធ្វើ​ដំណើរ​ទៅ​ហាត់​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ចំនួន​២​ខែ​គិត​ចាប់​ពី​ដើម​ខែ​មិថុនា ដល់​ដើម​ខែ​​សីហា ឆ្នាំ​២០១៧ ​ដើម្បី​ត្រៀម​ដណ្ដើម​មេដាយ​មាស​ជា​លើក​ទី​២​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម។

លោក ជាតិ ខេមរា (កណ្ដាល)

​ក្រុម​កីឡា​សី​ឈិន​ឡូន​កម្ពុជា ​​​​ធ្លាប់​ដណ្ដើម​បាន​មេដាយ​មាស​ម្ដង​រួច​មក​​ហើយ​កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ​​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​២៨នៅ​ប្រទេស​សិង្ហបុរី ។ ដោយ​ឡែក​ឆ្នាំ​២០១៧​​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​តំបន់​មួយ​នេះ​ នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី​​ចន្លោះ​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​៣០ ខែ​សីហា ​ឆ្នាំ​២០១៧។

​ទាក់​ទង​នឹង​ការ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​នេះ​លោក ជាតិ ខេមរា គ្រូ​បង្វឹក​ក្រុម​កីឡា​​សី​ប៉ាក់តាក្រ​កម្ពុជា​​បាន​ឲ្យ​​ដឹង​ថា ក្រុម​កីឡាករ​​​របស់​លោក​ទៅ​ហាត់​នៅ​មីយ៉ាន់ម៉ា ​ដោយ​សារ​ប្រទេស​នោះ​មាន​គ្រូ​ល្អៗ ដែល​អាច​ទទួល​បាន​បទ​ពិសោធ​ល្អ​ផង​ដែរ។ ឆ្នាំ​នេះ​​ក្រុម​កីឡាករ​របស់​លោក​នៅ​តែ​រំពឹង​ឈ្នះ​មេដាយ​មាស ​ពី​ព្រោះ​ការ​ប្រកួត​ត្រូវ​តែ​មាន​សង្ឃឹម។

​​ក្រុម​កីឡាករ​របស់​​លោក នឹង​ត្រឡប់​ពី​ប្រទេស​មីយ៉ាន់ម៉ា​មុន​ការ​ប្រកួត​ស៊ីហ្គេម​​ចាប់​ផ្ដើម​មួយ​សប្ដាហ៍។ ​​​ក្រៅ​ពី​មេដាយ​មាស​ សី​ឈិន​ឡូន​កម្ពុជា​ ​​ក៏​ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់​​​មួយ​គ្រឿង​ផង​ដែរ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​កាល​ពី​ឆ្នាំ​២០១៣ ដែល​ពេល​នេះ​គឺ​ធ្វើ​ឡើង​នៅ​ប្រទេស​មីយ៉ាន់ម៉ា។

​កម្ពុជា​បាន​បញ្ជូន​ប្រភេទ​កីឡា​ចំនួន ២៨​ ទៅ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៧​នេះ៕ ​

សកម្មភាព​​ក្រុម​កីឡាករ​សីប៉ាក់តាក្រ​កម្ពុជា ហ្វឹកហាត់​កន្លង​មក​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​