កុមារអាយុ ៨ខែ ទម្ងន់ជិត២០គីឡូ ធ្វើឲ្យឪពុកម្ដាយបារម្ភខ្លាំង
- 2017-04-27 08:17:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុមារអាយុ ៨ខែ ទម្ងន់ជិត២០គីឡូ ធ្វើឲ្យឪពុកម្ដាយបារម្ភខ្លាំង
ចន្លោះមិនឃើញ
កុមារីជនជាតិឥណ្ឌាម្នាក់កំពុងធ្វើឲ្យមនុស្សជាច្រើនសម្ដែងក្ដីព្រួយបារម្ភចំពោះសុខភាពធាត់ជ្រុល ជាពិសេសម្ដាយឪពុករបស់ក្មេងផ្ទាល់ដែលពួកគាត់ត្រូវតាមដានសុខភាពកូនយ៉ាងដិតដល់។
ក្មេងស្រីនេះមានឈ្មោះ Chahat Kumar មកពីរដ្ឋ Punjab ប្រទេសឥណ្ឌា អាយុទើប ៨ ខែ តែទម្ងន់ដល់ទៅ ១៧,២គីឡូក្រាមស្មើនឹងទម្ងន់ក្មេងអាយុ ៤ឆ្នាំ។ បើតាមប្រភពពីគ្រួសារ កូនស្រីរបស់គាត់ ពេលកើតមកភ្លាមមានទម្ងន់ដូចក្មេងធម្មតា តែទម្ងន់ឡើងខ្លាំងដូចគេផ្លុំចាប់ពីអាយុ ៤ខែ។
លោក Surag Kumar អាយុ ២៣ឆ្នាំជាឪពុកប្រាប់ថា ចាប់ពីអាយុ ៤ខែទម្ងន់កូនស្រីរបស់គាត់ចាប់ផ្ដើមឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យគាត់ព្រួយបារម្ភខ្លាំង។ ចំណែក អ្នកស្រី Reena អាយុ ២១ឆ្នាំ ជាម្ដាយពន្យល់ថា "មុនពេល Chahat កើតមក យើងបង្កើតបានកូនប្រុសមួយតែបានស្លាប់ទៅវិញ។ ពួកយើងមានកូនតែមួយនេះប៉ុណ្ណោះ ហើយយើងក៏មិនចង់បាត់បង់នាងទៀតទេ។ ខ្ញុំព្រួយបារម្ភចំពោះសុខភាពនាងណាស់។"
ប្រភពខាងលើបន្តថា " Chahat ហូបបាយមិនដូចក្មេងទូទៅទេ គឺមួយថ្ងៃហូបបាយ ៤ដង បរិមាណម្ដងៗហូបប្រហែលខ្ញុំដែរ បើមិនឲ្យនាងហូប នាងនឹងស្រែកយំមិនឈប់។"
ដោយសារតែធាត់លើសទម្ងន់ ឥឡូវនាងកំពុងមានបញ្ហាផ្លូវដង្ហើម គេងមិនលក់ស្រួល ស្បែករឹងក្រាស់ធ្វើឲ្យពេទ្យពិបាកបូមឈាម។ អ្នកស្រីបន្ថែមថា "ពួកយើងគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ព្យាបាល ប៉ុន្តែយើងត្រូវតែព្យាយាមស្វះស្វែងរកគ្រូពេទ្យឲ្យជួយពិនិត្យមើល ព្រោះចង់ឲ្យអនាគតនាងបានល្អ៕"