កូរ៉េខាងជើង គំរាមបាញ់​នាវាមុជទឹក​អាមេរិក ឲ្យក្លាយជា​ខ្មោចទឹក ប្រសិនបើ...

  • 2017-05-01 01:30:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន បាន​គំរាម​បាញ់​កម្ទេច​នាវា​ដឹក​យន្តហោះ​ចម្បាំង និង​នាវា​មុជ​ទឹក​អាមេរិក ប្រសិន​បើ​វា​បន្ត​ចូល​មក​ជិត​ដែន​ទឹក របស់​ប្រទេស​កូរ៉េខាងជើង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​គេហទំព័រ​សារព័ត៌មាន​អង់គ្លេស Dailymail។

មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន

នាវា​មុជ​ទឹក​អាមេរិក USS Michigan ប្រភេទ Ohio-class ធំ​ជាង​គេ​បំផុត​លំដាប់​ទី​២ បច្ចុប្បន្ន​នេះ​បាន​ចូល​ចត​នៅ​ឯ​មូលដ្ឋាន​ទ័ព​ជើង​ទឹក ក្នុង​ទីក្រុង​ប៊ូសាន ប្រទេស​កូរ៉េខាងត្បូង ដែល​ជា​កន្លែង​ចូលរួម​សម​យុទ្ធ ជាមួយ​នាវា​ដឹក​យន្តហោះ​ចម្បាំង USS Carl Vinson។

គេហទំព័រ​ឃោសនា​របស់​កូរ៉េខាងជើង Uriminzokkiri បាន​ព្រមាន​ថា ប្រសិន​បើ​នាវា USS Michigan ព្យាយាម​ចូល​មក​ជិត​សូម្បី​តែ​បន្តិច វា​នឹង​ត្រូវ​ខ្ទេច​ក្លាយ​ជា​ខ្មោច​ក្រោម​ទឹក ជា​មិន​ខាន។ មិនតែប៉ុណ្ណោះ គេហទំព័រ​ឃោសនា​មួយ​នេះ ក៏​បាន​ព្រមាន​ដែរ​ថា ពួក​គេ​នឹង​បាញ់​ពន្លិច​នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក USS Carl Vinson ប្រសិន​បើ​វា​ខិត​ចូល​មក​ជិត​ប្រទេស​ផ្ដាច់ការ​កូរ៉េខាងជើង។

នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក USS Carl Vinson
នាវា​មុជ​ទឹក​អាមេរិក USS Michigan

«ទោះ​បី​វា​ជា​នាវា​ដឹក​យន្តហោះ​ចម្បាំង ឬ​នាវា​មុជ​ទឹក​នុយក្លេអ៊ែរ​ក្ដី ពួក​វា​នឹង​ក្លាយ​ជា​សំណល់​ដែក នៅ​ចំពោះ​មុខ​កម្លាំង​យោធា ដែល​មិន​អាច​ទប់ទល់​បាន​របស់​យើង ដោយ​ផ្ដោត​លើ​ការ​កំញើញ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ខ្លួន»។ នេះ​បើ​តាម​ការ​អះអាង​របស់​គេហទំព័រ​ខាងលើ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង