កីឡាករ​កាមេរ៉ូន​ម្នាក់​មក​លេង​ក្លឹប​មិន​អាជីព​នៅ​កម្ពុជា​ដោយ​មិន​គិត​ពី​...

  • 2017-05-01 04:32:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់ទាត់​​ម្នាក់​មក​ពី​ប្រទេស​កាមេរ៉ូន​​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ John កំពុង​លេង​នៅ​ Khmer United ដែល​ជា​ក្រុម​មិន​អាជីព​​មួយ​កំពុង​លេង​នៅ​ពាន​រង្វាន់​ Khmer Real Estate League។ ទោះ​ជា​​លេង​នៅ​ក្រុម​នេះ​មិន​មាន​ប្រាក់​ខែ​ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​រូប​គេ​​សម្រេច​ចិត្ត​លេង​រយៈ​ពេល​២​ឆ្នាំ​ហើយ?

កីឡាករ John

John Botioba បាន​រៀបរាប់​ថា​ រូប​គេ​បាន​មក​ប្រទេស​កម្ពុជា​រយៈ​ពេល​២​ឆ្នាំ​ហើយ​គឺ​ដើម្បី​លេង​បាល់ទាត់។ រូប​គេ​​ធ្លាប់​បាន​ចូល​លេង​នៅ​ក្រុម​បៀលប្រាយ​ និង​អាស៊ី​អឺរ៉ុប​ដែល​ស្ថិត​នៅ​​លីគ​បាល់ទាត់​កំពូល​កម្ពុជា។ ក្រោយ​មក​រូប​គេ​បាន​ចូល​លេង​ឲ្យ​ក្រុម Khmer United ដែល​ជា​ក្រុម​មិន​អាជីព​របស់​លោក​ គីម ហ៊ាង ​អគ្គនាយក​ក្រុម​ហ៊ុន​ Khmer Real Estate និង​ជា​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​អចលន​ទ្រព្យ​កម្ពុជា។ ​

Jonh បាន​និយាយ​ថា​ ៖«មែន​ទែន​ទៅ​ ខ្ញុំ​មក​លេង​បាល់​នៅ​កម្ពុជា​ដោយ​មិន​គិត​ពី​រឿង​លុយ​ទេ។ អ្វី​ដែល​ជា​កត្តា​សំខាន់​របស់​ខ្ញុំ​គឺ​សិក្សា​ស្វែង​យល់​ពី​របៀប​បង្ហាត់​បាល់ទាត់​ និង​ចែក​រំលែក​បទ​ពិសោធន៍​​ដល់​យុវជន​កម្ពុជា​ ពី​ព្រោះ​ខ្ញុំ​មាន​សញ្ញាបត្រ​ C-License។ គោល​បំណង​របស់​ខ្ញុំ​គឺ​ចង់​ក្លាយ​ជា​គ្រូ​បង្វឹក​បាល់ទាត់​ម្នាក់»។ សព្វ​ថ្ងៃ​នេះ​បុរស​ជន​ជាតិ​កាមេរ៉ូន​រូប​នេះ​កំពុង​ជួយ​​បង្ហាត់​​ថ្នាល​យុវជន​​​ផ្សេង​ៗ​ទៀត​ ក្រៅ​ពី​លេង​​ឲ្យ​ក្រុម​ Khmer United។

ពាក់​ព័ន្ធ​នឹង​ក្រុម​ Khmer United វិញ​ John បាន​ឲ្យ​ដឹង​ថា​ ថ្ងៃ​មួយ​លោក គីម ហ៊ាង​បាន​ឃើញ​​ការ​លេង​របស់​គេ​ហើយ​ក៏​បាន​ទាក់ទង​ឲ្យ​ចូល​រួម​​ក្នុង​ក្រុម​របស់​លោក​តែ​ម្តង។ Jonh យល់​ឃើញ​ថា​ ​លោក គីម ហ៊ាង​ ពិត​ជា​មនុស្ស​ល្អ​ និង​ស្រលាញ់​បាល់ទាត់​​ដោយ​ការ​បង្កើត​ក្រុម​បាល់ទាត់​ទាំង​គ្មាន​ស្វែង​រក​ប្រាក់​ចំណេញ។ ដូច្នេះ​ហើយ​ទើប​បាន​ជា​រូប​គេ​សម្រេច​លេង​ជា​មួយ​ក្រុម​ Khmer United ទាំង​មិន​គិត​​ពី​​​លុយ​កាក់​ឡើយ។ លើស​ពី​នេះ​ទៀត​ បើ​មាន​ក្លឹប​ណា​ចង់​បាន​រូប​គេ​ទៅ​លេង​​ទាល់​តែ​មាន​ការ​អនុញ្ញាត​ពី​លោក​ គីម ហ៊ាង​ទើប​​រូប​គេ​អាច​ទៅ​លេង​បាន។

Jonh (ជួរ​មុខ​ ឆ្វេង​ទី១)

រូប​គេ​ពិត​ជា​ស្គាល់​​បាល់ទាត់​កម្ពុជា​យ៉ាង​ច្បាស់​ និង​ចង់​ឃើញ​យុវជន​កម្ពុជា​លេច​ធ្លោ​ខាង​បាល់ទាត់​ច្រើន​នា​ពេល​ខាង​មុខ​ដូច​ជា​កីឡាករ ចាន់ វឌ្ឍនាកា​ ដែល​បាន​ទៅ​លេង​នៅ​ប្រទេស​ជប៉ុន។ ជាង​នេះ​ទៀត​នោះ​ រូប​គេ​ចង់​ឃើញ​ក្រុម​បាល់ទាត់​កម្ពុជា​លេច​ធ្លោ​ក្នុង​តំបន់​អាស៊ី​ ហើយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក៏​​ខ្លាំង​លំដាប់​ទ្វីប​អាស៊ី​ និង​កម្រិត​ពិភព​លោក​ផង​ដែរ។

ឆ្លង​កាត់​៦​ប្រកួត​ក្នុង​ពាន​រង្វាន់​ Khmer Real Estate League 2017 ក្រុម​ Khmer United មិន​ទាន់​ស្គាល់​បរាជ័យ​ម្តង​ណា​ឡើយ​​ក្នុង​នោះ​ឈ្នះ​៥​ និង​ស្មើ​១​ដោយ​ឈរ​លើ​កំពូល​តារាង​តែ​ម្តង៕

លទ្ធផល​ការ​ប្រកួត​ Khmer Real Estate League សប្តាហ៍​ទី៦​

  • Anvaya ២-៣ បាសាក់​

  • និស្ស័យ ២-០ Goodhill

  • Blue Dragon ២-១ V.Train

  • ខ្លា​ស ៣-៣ អាវតា

  • ណារីតា​ ៥-០ Havas

  • Khmer United ៥-០ Giant FC

  • កូន​ខ្មែរ​ ៣-៤ HHK

  • បាយ័ន​ ៧-០ យុវជន​កំពង់ចាម​

អត្ថបទ៖ ជាន ចាន់រ៉ា