តំបន់ទេសចរណ៍ ១០កន្លែង ទាក់ទាញខ្លាំងបំផុតនៅអូស្ត្រាលី

  • 2017-05-05 09:34:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​អូស្ត្រាលី​ ស្ថិត​នៅ​ចន្លោះ​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​មហាសមុទ្រ​ឥណ្ឌា ដែល​ជា​ទី​តាំង​អំណោយ​ផល​មាន​តំបន់​ទេសចរណ៍​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ជា​ច្រើន។ អូស្ត្រាលី​ជា​ប្រទេស​កោះ​ធំ​បំផុត​ក្នុង​លោក តែ​ជា​ទ្វីប​តូច​ជាង​គេ​បំផុត​ក្នុង​លោក។

​អូស្ត្រាលី​មាន​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ជា​ច្រើន​រាប់​ចាប់​តាំង​ពី​ឆ្នេរ​សមុទ្រ​ ព្រៃ​ឈើ ​​ភ្នំ ​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ ជនជាតិភាគតិច និង​ទីក្រុង​ដ៏​ស៊ីវិល័យ​ដ៏​សម្បូរ​បែប​ផ្សេង​ៗ​ជា​ដើម។ ១០​កន្លែង​ខាង​ក្រោម​ត្រូវ​បាន​គេ​ចាប់​ទុក​ជា​កន្លែង​ទាក់​ទាញ​អ្នក​ទេសចរ​បាន​ច្រើន​ជាង​គេ​បំផុត ដោយ​ភាគ​ច្រើន​​ជា​ទីក្រុង​មាន​សមុទ្រ៖

១០. ទីក្រុង Adelaide

ជា​ទីក្រុង​ធំ​បំផុត​លំដាប់​ទី ៥ មាន​ប្រជាជន​រស់​នៅ​ជាង ១,២​លាន​នាក់។ ទីក្រុង​នេះ​ស្ថិត​នៅ​លើ​វាល​ទំនាប​ចន្លោះ​កូន​ភ្នំ Adelaide Hills និង​ឈូង​សមុទ្រ St Vincent ​រួម​ទាំង​ជាប់​ព្រំ​ដែន​តំបន់​ផលិត​ស្រា​ល្បី​ៗ​ របស់​អូស្ត្រាលី​ជា​ច្រើន។

០៩. ​ទីក្រុង Darwin

ទីក្រុង​នេះ​ស្ថិត​នៅ​តាម​ឆ្នេរ Northern Territory ​ដែល​មាន​ប្រជាជន​រស់​នៅ ៧៥ ០០០​នាក់ និង​​ជា​ទិស​ដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​មួយ​ក្នុង​ប្រទេស​។

០៨. ​ទីក្រុង Hobart

Hobart ​ជា​ទីក្រុង​ចំណាស់​បំផុត​ទី ២ របស់​អូស្ត្រាលីបន្ទាប់​ពី​​ទីក្រុង​ស៊ីដនី និង​មាន​​ប្រជាជន​ជាង ២៥​ម៉ឺន​​នាក់​រស់​នៅ។ អាកាសធាតុ​ត្រជាក់​ល្មម​បាន​មក​ពី​ផ្ទៃ​សមុទ្រ​​ជាមួយ ៤ ​រដូវ​ខុស​គ្នា​ៗ។

០៧. ទីក្រុង Brisbane

ជា​រដ្ឋធានី​របស់​រដ្ឋ​ Queensland មាន​ប្រជាជន ២​លាន​នាក់ និង​ជា​ទីក្រុង​អូស្ត្រាលី​ធំ​លំដាប់​ទី ៣ បន្ទាប់​ពី​ស៊ីដនី និង​ម៉ែលប៊ន។ ចំពោះ​អាកាស​ធាតុ​ក្ដៅ​ល្មម ​ទេសភាព​គួរ​ឲ្យ​​ទាក់​ទាញ និង​ប្រជាជន​រួសរាយ​រាក់​ទាក់។

០៦. ទីក្រុង Perth

Perth ជាទីក្រុង​ស្ថិត​នៅ​ឆ្នេរ​​ភាគ​និរតី​ប្រទេស និង​ជា​ទីក្រុង​ធំ​លំដាប់​ទី ៤ ​តែ​​នៅ​ដាច់​ឆ្ងាយ​ពី​ទីក្រុង​ធំ​ៗ​ផ្សេង​ទៀត។ ប្រជាជន​ចាប់​ផ្ដើម​​រស់​​នៅ​ទីនេះ​​រាប់​រយ​ឆ្នាំ​មក​ហើយ បច្ចុប្បន្ន​មាន​ចំនួន​ប្រមាណ ២លាន​នាក់។

០៥. ទីក្រុង​ម៉ែលប៊ន

ម៉ែលប៊ន​​ជា​រដ្ឋធានី​រដ្ឋ Victoria ​និង​ជា​ទីក្រុង​មាន​ប្រជាជន​ច្រើន​លំដាប់​ទី ២​ នៅ​អូស្ត្រាលី។ ម៉ែលប៊ន ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ទីក្រុង​វប្បធម៌ ព្រម​ទាំង​ជា​កំពង់​ផែ​យ៉ាង​សំខាន់។

០៤. ទីក្រុង Cairns

Cairn ស្ថិត​ក្នុង​ចំណោម​ទិសដៅ​ទេសចរណ៍​​ពេញ​និយម​បំផុត​មួយ​របស់​អូស្ត្រាលី ស្ថិត​នៅ​ភាគ​ពាយ័ព្យ​ប្រទេស។ អាកាសធាតុ​បែប​​ត្រូពិក និង​នៅ​ក្បែរ​ថ្ម​ប៉ប្រះ​ទឹក Great Barreir Reef ដែល​កាន់​តែ​ទាក់​ទាញ​អ្នក​ទេសចរ។ ប្រជាជន​​រស់​នៅ​ទី​នេះ​ចំនួន ១៥​ម៉ឺន​នាក់​ប៉ុណ្ណោះ តែ​កន្លែង​កម្សាន្ត​មាន​ច្រើន។

០៣. ទីក្រុង Alice Springs

ទីក្រុង​នេះ​​ស្ថិត​នៅ​ចំ​កណ្ដាល​ប្រទេស​អូស្ត្រាលី មាន​ទេសភាព​​ប្លែក​ៗ​ដូច​ជា​ជ្រលង​ភ្នំ វាល​ខ្សាច់​ដាច់​កន្ទុយ​ភ្នែក សហគមន៍​ជនជាតិ​ភាគ​តិច និង​ប្រវត្តិសាស្ត្រ​នៃ​ការ​កកើត​ទីក្រុង​គួរ​ឲ្យ​ចាប់​អារម្មណ៍។

០២. ថ្ម​ប៉ប្រះ​ទឹក Great Barrier Reef

ថ្ម​ប៉ប្រះ​ទឹក​​នេះ ​ជា​ថ្ម​ប៉ប្រះ​ទឹក​​ធំ​ជាង​គេ​លើ​លោក​នៅ​សមុទ្រ Coral Sea នៃ​រដ្ឋ Queensland ​និង​បាន​ទាក់​ទាញ​អ្នក​ចូល​ចិត្ត​មុជ​ទឹក​មើល​ទេសភាព​ក្រោម​ទឹក​ បាន​យ៉ាង​ច្រើន​ក្នុង​មួយ​ឆ្នាំ​ៗ។

០១. ទីក្រុង​ស៊ីដនី

ស៊ីដនី ​ស្ថិត​​នៅ​ភាគ​អាគ្នេយ៍​អូស្ត្រាលី និង​ជា​រដ្ឋធានី​របស់​រដ្ឋ​ New South Wales។ ​ស៊ីដនី​ ជា​ទីក្រុង​ទំនើប មាន​​ប្រវត្តិ​​ដ៏​យូរ​លង់ និង​ជា​កំពង់ផែ​យ៉ាង​សំខាន់។ បច្ចុប្បន្ន​កំពង់​ផែ​ទីក្រុង​បាន​ដឹក​ភ្ញៀវ​​​តាម​នាវា​ជិះ​កម្សាន្ត​ធំ​ៗចូល​យ៉ាង​ងាយ​ស្រួល។ នៅ​ទីនេះ​ពេល​ឆ្លង​ឆ្នាំ​សកល​ម្ដង​ៗ គេ​តែង​តែ​​ប្រារព្ធ​ពិធី​អុជ​កាំជ្រួច​យ៉ាង​សប្បាយ​រីករាយ​ទៀត​ផង​៕

ប្រភព៖ Touropia   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម