លម្អិតបន្ថែម ជុំវិញ​ការអះអាង ភ្នាក់ងារសម្ងាត់ ប៉ុនប៉ង​សម្លាប់ គីម ជុងអ៊ុន

  • 2017-05-06 02:55:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សុក្រ ម្សិលមិញ​នេះ កូរ៉េខាងជើង បាន​ចោទ​ប្រកាន់​ភ្នាក់ងារ​សម្ងាត់ CIA របស់​សហរដ្ឋអាមេរិក និង ភ្នាក់ងារ​សម្ងាត់ IS របស់​កូរ៉េខាងត្បូង ថា បាន​រួម​គំនិត​គ្នា​ធ្វើ​ផែនការ​សម្លាប់ កំពូល​មេដឹកនាំ​របស់​ខ្លួន គឺ លោក គីម ជុងអ៊ុន។

កំពូល​មេដឹកនាំ​​កូរ៉េខាងជើង គីម ជុងអ៊ុន

កូរ៉េខាងជើង បាន​អះអាង​ថា ភ្នាក់ងារ​សម្ងាត់​ទាំង​នោះ ត្រូវ​បាន​ជួល​ឲ្យ​សម្លាប់​បុគ្គល​ម្នាក់ ឈ្មោះ «Kim» ដោយ​ប្រើ​សារធាតុ​គីមី។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង ពី​ក្រសួង​សន្តិសុខ​រដ្ឋ​កូរ៉េខាងជើង។ កូរ៉េខាងជើង បាន​អះអាង​បន្ថែម​ថា ផែនការ​មួយ​នោះ​ត្រូវ​បាន​បរាជ័យ ប៉ុន្តែ​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ពី​បុគ្គល ឈ្មោះ «Kim» នោះ​ឡើយ។

យ៉ាង​ណា​មិញ ភ្នាក់ងារ​សម្ងាត់ CIA បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការ​អះអាង​នោះ​ឡើយ ខណៈ​កូរ៉េខាងត្បូង ក៏​មិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ណា​មួយ​ដែរ។

គួរ​បញ្ជាក់​ថា ការ​អះអាង​របស់​កូរ៉េខាងជើង បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​ភាព​តានតឹង នៅ​លើ​ឧបទ្វីប​កូរ៉េ បន្ត​កើន​ឡើង​កម្ដៅ​យ៉ាង​ខ្លាំង។ ជា​មួយ​គ្នា​នេះ​ដែរ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​សន្យា​ថា​នឹង «ដោះស្រាយ» បញ្ហា​កូរ៉េខាងជើង រួម​ទាំង​បញ្ឈប់​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ របស់​ប្រទេស​នេះ​ទៀត​ផង៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង