មកដឹងប្រវត្តិដ៏ជូរចត់ខ្លះៗ របស់ប្រធានាធិបតីកូរ៉េខាងត្បូង ដែលទើបឈ្នះឆ្នោតថ្មីៗ
- 2017-05-11 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងប្រវត្តិដ៏ជូរចត់ខ្លះៗ របស់ប្រធានាធិបតីកូរ៉េខាងត្បូង ដែលទើបឈ្នះឆ្នោតថ្មីៗ
ចន្លោះមិនឃើញ
លោក ម៊ូន ជេអ៊ីន (Moon Jae-in) បេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ បានក្លាយជាប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង បន្ទាប់ពីទទួលបានសំឡេងឆ្នោត រហូតដល់ទៅ ៤១,១ភាគរយ។
**តើលោក ម៊ូន ជេអ៊ីន គឺជានរណា?**
លោក ម៊ូន ជេអ៊ីន បានកើតនៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៥៣ មានអាយុ៦៤ឆ្នាំ។ ភរិយារបស់លោក មានឈ្មោះថា Kim Jeong-suk។ លោកបានបញ្ជប់ការសិក្សា នៅឯសកលវិទ្យាល័យ Kyung Hee University ស្ថិតក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ លោកមានកូនចំនួន២នាក់ មានឈ្មោះថា Moon Da-hye (ស្រី) និង Moon Joon-yong (ប្រុស)។
កាលពីអំឡុងសង្គ្រាមកូរ៉េ Korean War ដែលកើតឡើងនៅឆ្នាំ១៩៥០ ដល់ ឆ្នាំ១៩៥៣ ក្រុមគ្រួសាររបស់លោក ម៊ូន បានរត់គេចខ្លួន ទៅកាន់ប្រទេសកូរ៉េខាងជើង។ នៅពេលនោះ ពួកគេរស់នៅភាគខាងត្បូងនៃកោះ Geoje។ បើយោងតាមជីវប្រវត្តិរបស់លោក ម៊ូន បានឲ្យដឹងថា ឪពុករបស់លោក បានធ្វើការនៅឯជំរំអ្នកទោសសង្គ្រាម ខណៈម្ដាយរបស់លោកជាអ្នកលក់ស៊ុត នៅកំពង់ផែទីក្រុងប៊ូសាន (Busan)។
នៅក្នុងឆ្នាំ១៩៧២ លោក ម៊ូន បានចូលរៀននៅសាលាច្បាប់ ប៉ុន្តែមិនបានយូរប៉ុន្មានឡើយ។ លោក ម៊ូន ត្រូវបានគេចាប់ខ្លួន ដោយសារតែការដឹកនាំតវ៉ាប្រឆាំង ទៅនឹងរបបផ្ដាច់ការរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Park Chung-Hee។ លោកបានជាប់ពន្ធនាគារ រហូតដល់គេដោះលែង។
នៅឆ្នាំ១៩៧៦ លោក ម៊ូន ត្រូវបានគេកេណ្ឌធ្វើជាកងទ័ព។ លោកបានចូលរួមក្នុងប្រតិបត្តិការយោធារបស់កូរ៉េខាងត្បូង ដើម្បីឆ្លើយតបទៅនឹង ការសម្លាប់មន្ត្រីអាមេរិក ២រូប ដោយទាហានកូរ៉េខាងជើង ព្រោះតែការកាប់ដើមឈើ។
រយៈពេល៦ឆ្នាំក្រោយមក លោក ម៊ូន និងមិត្តភ័ក្ដិ រួមទាំង លោក Roh Moo-hyun (អតីតប្រធានាធិបតីកូរ៉េខាងត្បូង ឆ្នាំ២០០៣-២០០៨) បានបើកក្រុមហ៊ុនច្បាប់មួយ នៅក្នុងទីក្រុងប៊ូសាន ដែលផ្ដោតលើបញ្ហាសិទ្ធិមនុស្ស និងស៊ីវិល។
លោក ម៊ូន និង លោក Roh បានដឹកនាំចលនាលទ្ធិប្រជាធិបតេយ្យនិយម ដែលនាំឲ្យមានការបោះឆ្នោតដោយប្រជាធិបតេយ្យ លើកដំបូងបង្អស់ នៅក្នុងឆ្នាំ១៩៨៧។ ក្រោយមក នៅក្នុងឆ្នាំ២០០៣ លោក Roh បានជាប់ឆ្នោតជាប្រធានាធិបតី ខណៈ លោក ម៊ូន បានក្លាយជាជំនួយការកំពូលរបស់លោក Roh ដោយទទួលបានរហស្សនាមថា «Shadow of Roh»។
នៅឆ្នាំ២០០៧ លោក ម៊ូន ប្រឈមមុខនឹងការបណ្ដេញចេញ ដោយសារការចោទប្រកាន់ថា រដ្ឋាភិបាលលោក Roh បានប្រឹក្សាយោបល់ដល់កូរ៉េខាងជើង នៅមុនពេលធ្វើអនុបវាទ ពីការបោះឆ្នោតរបស់អង្គការសហប្រជាជាតិ ស្ដីពីដំណោះស្រាយសិទ្ធិមនុស្ស ប្រឆាំងនឹងកូរ៉េខាងជើង។ ទោះជាយ៉ាងណា លោក ម៊ូន បានបដិសេធចំពោះការចោទប្រកាន់នោះ។
បន្ទាប់មក នៅក្នុងឆ្នាំ២០០៩ លោក Roh បានធ្វើអត្តឃាត បន្ទាប់ពីចាកចេញពីតំណែង នៅពេលដែលអ្នកស៊ើបអង្កេតអំពើពុករលួយ ចោទប្រកាន់ថាលោកបានទទួលយកសំណូក ចំនួន៤,៦លានដុល្លារ។
នៅក្នុងឆ្នាំ២០១២ លោក ម៊ូន មកពីគណបក្សប្រជាធិបតេយ្យនៃប្រទេសកូរ៉េ បានឈរឈ្មោះជាប្រធានាធិបតីលើកដំបូង ប៉ុន្តែបានចាញ់សំឡេងឆ្នោត លោកស្រី Park Geun-hye។ យ៉ាងណាក៏ដោយ លោកបានឈ្នះកៅអីសមាជិកសភា នៅក្នុងទីក្រុងប៊ូសាន។
យ៉ាងណាមិញ រហូតមកដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ពោលគឺរយៈពេលជាង២ទសវត្សរ៍ បន្ទាប់ពីលោកបានជួយដឹកនាំប្រទេស ទៅរកការបោះឆ្នោតប្រជាធិបតេយ្យលើកដំបូង លោក ម៊ូន ក៏បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង ទី១២ តែម្ដង៕