គួរឲ្យសរសើរ! ម្តាយតស៊ូជម្នះ​រាប់ពាន់ឧបសគ្គ ចិញ្ចឹមកូនពិការ រហូតបាន​ចូលរៀនសាលា​ល្បីមួយ

  • 2017-05-18 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ជា​ម្ដាយ​នៅ​ក្នុង​ប្រទេស​ចិន​ម្នាក់ បាន​ជួយ​កូន​ប្រុស​ពិការ​របស់​ខ្លួន ពុះពារ​ជម្នះ​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​ជីវិត​របស់​គេ។ មិនតែប៉ុណ្ណោះ កាល​ពី​ពេល​ថ្មីៗ​នេះ ស្ត្រី​ជា​ម្ដាយ​ដែល​ហ៊ាន​លះបង់​គ្រប់​បែប​យ៉ាង​រូប​នេះ បាន​ជួយ​ឲ្យ​កូន​ប្រុស ចូល​រៀន​នៅ​សកលវិទ្យាល័យ​ដ៏​ល្បី​ឈ្មោះ​មួយ គឺ Harvard University ទៀត​ផង។

អ្នកស្រី Zou Hongyan មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​ថា Ding Ding ដោយ​រូបគេ​ស្ទើរ​តែ​ថប់​ដង្ហើម​ស្លាប់ នៅ​ពេល​ឆ្លង​ទន្លេ (ពិបាក​កើត) កាល​ពី​ឆ្នាំ​១៩៨៨។ បើ​ទោះ​បី​ជា​រូប​គេ​អាច​រស់​រាន​មាន​ជីវិត ប៉ុន្តែ Ding បាន​កើត​មាន​ជំងឺ​ពិការ​ខួរក្បាល និង​រាងកាយ។

លោក Ding និង អ្នកស្រី Zou

ក្រុម​គ្រូពេទ្យ នៅ​ក្នុង​ខេត្ត Hubei បាន​ស្នើ​ឲ្យ​អ្នក​ស្រី Zou បោះបង់​កូន​ប្រុស​ចោល ដោយសារ​តែ​រូបគេ នឹង​ក្លាយ​ជា​មនុស្ស​គ្មាន​តម្លៃ ព្រោះ​តែ​ខ្សោយ​ប្រាជ្ញា ឬ ពិការ​អស់​មួយ​ជីវិត។ ជាមួយ​គ្នា​នេះ​ដែរ ប្ដី​របស់​អ្នក​ស្រី Zou ក៏​បាន​ប្រាប់​អ្នក​ស្រី​ថា Ding នឹង​ក្លាយ​ជា​បន្ទុក​កាន់​តែ​ធ្ងន់​សម្រាប់​គ្រួសារ។ ទោះ​បី​ជា​យ៉ាង​ណា អ្នកស្រី Zou នៅ​តែ​ទទូច​រក្សា​កូន​ប្រុស រហូត​មិន​យូរ​ប៉ុន្មាន ធ្វើ​ឲ្យ​ជីវិត​ប្ដី​ប្រពន្ធ ឈាន​ដល់​ការ​លែងលះ​គ្នា។

ក្នុង​នាម​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ អ្នកស្រី Zou ត្រូវ​បង្ខំចិត្ត​ធ្វើ​ការងារ​ជាច្រើន ដើម្បី​ទ្រទ្រង់​គ្រួសារ និង ព្យាបាល​កូន​ប្រុស។ អ្នក​ស្រី​បាន​ធ្វើ​ការ​ពេញ​ម៉ោង នៅ​ឯ​មហាវិទ្យាល័យ​មួយ ក្នុង​ទីក្រុង Wuhan និង​ធ្វើការ​ក្រៅ​ម៉ោង ជា​អ្នក​បង្វឹក​ពិធីការ (Protocol Trainer) ព្រម​ទាំង​ធ្វើ​ជា​អ្នក​លក់​ធានា​រ៉ាប់រង ទៀត​ផង។

អ្វី​ដែល​គួរ​ឲ្យ​ស្ញប់ស្ញែង​នោះ​គឺ អ្នក​ស្រី​ក៏​បាន​ចែក​ពេល​វេលា ដើម្បី​នាំ​កូនប្រុស​ទៅ​ហ្វឹកហាត់​លើ​កាយសម្បទា ជា​ទៀត​ទាត់ ហើយ​ក៏​បាន​រៀន​ម៉ាស្សា​ផង​ដែរ ដូច្នេះ​អ្នក​ស្រី​អាច​ម៉ាស្សា​ឲ្យ​កូន​ប្រុស​ផ្ទាល់​តែម្ដង។ មិនតែប៉ុណ្ណោះ អ្នកស្រី Zou ថែម​ទាំង​លេង​ហ្គេម​រំញោច​ខួរក្បាល និង​ហ្គេម​ផ្គុំ​រូប ជាមួយ Ding ដើម្បី​ជួយ​ជំរុញ​ប្រាជ្ញា​កូនប្រុស​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ។

លើស​ពី​នេះ​ទៅ​ទៀត ម្ដាយ​ដែល​ខិតខំ​តស៊ូ​ដើម្បី​កូន​រូប​នេះ ក៏​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា កូនប្រុស​របស់​អ្នក​ស្រី​បាន​រៀន ដើម្បី​យក​ឈ្នះ​ពិការភាព​របស់​ខ្លួន បាន​ច្រើន​ទៅ​តាម​សមត្ថភាព ដែល​គេ​អាច​ធ្វើ​បាន​ទៀត​ផង។ ជាក់ស្ដែង Ding មាន​បញ្ហា​លើ​ការ​ធ្វើ​ចលនា​ដៃ និង​មិន​អាច​ចាប់​កាន់​ចង្កឹះ​បាន​ឡើយ ដូច្នេះ​អ្នកស្រី Zou បាន​បង្រៀន​រូបគេ ឲ្យ​អាច​ប្រើ​វា​បាន។

អ្នក​ស្រី Zou បាន​ប្រាប់​ឲ្យ​ដឹង​ថា «ខ្ញុំ​មិន​ចង់​ឲ្យ​គេ​មាន​អារម្មណ៍​ថា​ខ្មាសអៀន ដោយសារ​បញ្ហា​រាងកាយ​ឡើយ... ដោយសារ​តែ​គេ​មាន​បញ្ហា​ច្រើន​កន្លែង ដូច្នេះ​ខ្ញុំ​មាន​ការ​តឹង​រឹង​ណាស់​ទៅ​លើ​រូបគេ ដើម្បី​ឲ្យ​គេ​ខំ​ប្រឹង​ធ្វើ​អ្វី​មួយ​ដែល​លំបាក»។

ស្ថិត​ក្នុង​វ័យ​២៩​ឆ្នាំ លោក Ding បាន​ដឹង​គុណ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​ស្រលាញ់ និង​ការ​លះបង់​របស់​ម្ដាយ ដែល​បាន​ជួយ​រូបគេ ឲ្យ​ទទួល​បាន​ជោគជ័យ បើ​ទោះ​បី​ជា​ពិការ​រាងកាយ​ក៏​ដោយ។ តាមរយៈ​ការ​ណែនាំ​ពី​ម្ដាយ លោក Ding បាន​យក​ឈ្នះ​លើ​បញ្ហា​ប្រឈម​ជាច្រើន ហើយ​ថែម​ទាំង​ក្លាយ​ជា​សិស្ស​ពូកែ​ទៀត​ផង។

នៅ​ក្នុង​ឆ្នាំ​២០១១ លោក Ding បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ នៅ​ឯ​សាលា​វិទ្យាសាស្ត្រ និង​វិស្វកម្ម​បរិស្ថាន Environmental Science and Engineering School នៃ​សកលវិទ្យាល័យ Peking University។ បន្ទាប់មក លោក​បាន​បន្ត​រៀន​ថ្នាក់​អនុបណ្ឌិត នៅ​ឯ​សាលា​ច្បាប់ International Law School។ ក្រោយមក លោក​បាន​ធ្វើ​ការ​រយៈ​ពេល​២​ឆ្នាំ ដើម្បី​ជួយ​សម្រួល​បន្ទុក​ម្ដាយ។

លោក Ding បាន​និយាយ​ថា «ខ្ញុំ​មិន​ដែល​ហ៊ាន​ដាក់​ពាក្យ​សុំ​ចូល​រៀន​នៅ​សកលវិទ្យាល័យ Harvard University ទេ ប៉ុន្តែ​ម្ដាយ​របស់​ខ្ញុំ​តែងតែ​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​សាកល្បង។ រាល់​ពេល​ដែល​ខ្ញុំ​ស្ទាក់ស្ទើរ​ចិត្ត គាត់​តែងតែ​ណែនាំ​ខ្ញុំ»៕

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី