រឿងរ៉ាវ៥យ៉ាងគួរដឹង ពីព្រះនាងជប៉ុន ដែលបោះបង់តំណែង ទៅរៀបអភិសេកជាមួយជនសាមញ្ញ
- 2017-05-18 02:39:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវ៥យ៉ាងគួរដឹង ពីព្រះនាងជប៉ុន ដែលបោះបង់តំណែង ទៅរៀបអភិសេកជាមួយជនសាមញ្ញ
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ រឿងរ៉ាវរបស់ព្រះនាងជប៉ុន Mako សុខចិត្តបោះបង់តំណែងជារាជវង្សចោល ដើម្បីបានរៀបអភិសេកជាមួយគូស្នេហ៍ ដែលជាជនសាមញ្ញ កំពុងតែល្បីល្បាញ និងធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ខាងក្រោមនេះ គឺជារឿងរ៉ាវទាំង៥យ៉ាង ដែលអ្នកគួរដឹងពីព្រះនាង៖
#១ ព្រះនាង Mako គឺជាបុត្រីច្បងរបស់ព្រះអង្គម្ចាស់ Akishino និងជា នត្តា (ចៅស្រី) របស់អធិរាជ Akihito
ព្រះនាងគឺជា នត្តា (ចៅស្រី) ដំបូងបង្អស់របស់អធិរាជជប៉ុន Akihito ដែលមានព្រះជន្ម ៨៣វស្សា។
#២ ព្រះនាង Mako នឹងរៀបអភិសេកជាមួយមិត្តរួមសាលា
លោក Komuro គឺជាសិស្សរួមសាលា ជាមួយព្រះនាង នៅឯសកលវិទ្យាល័យ International Christian University ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។ អ្នកទាំង២កំពុងស្ថិតក្នុងដំណាក់កាល ធ្វើផែនការភ្ជាប់ពាក្យ។ នៅពេលដែលព្រះនាង Mako រៀបអភិសេកជាមួយ លោក Komuro ពេលនោះ ព្រះនាងនឹងក្លាយជាជនសាមញ្ញ ជាផ្លូវការភ្លាមតែម្ដង។
នៅក្នុងប្រទេសជប៉ុន មនុស្សប្រុស ត្រូវបានអនុញ្ញាតឲ្យរៀបការ ជាមួយជនសាមញ្ញ និងនៅតែរក្សាតំណែងរបស់ខ្លួនដដែល។ ផ្ទុយទៅវិញ វាមិនដូចគ្នាឡើយសម្រាប់មនុស្សស្រី។ ជាក់ស្ដែង អធិរាជជប៉ុន Akihito គឺជាខ្សែរាជវង្សជប៉ុនដំបូងគេបង្អស់ ដែលបានរៀបអភិសេកជាមួយជនសាមញ្ញ (ព្រះអគ្គមហេសី Michiko) ប៉ុន្តែនៅតែរក្សាតំណែងជាអធិរាជដដែល។
ទោះបីជាយ៉ាងណា ព្រះនាង Mako មិនមែនជាមនុស្សស្រីតែម្នាក់ នៅក្នុងវង្សានុវង្ស (គ្រួសារ) ដែលជ្រើសរើសផ្លូវមួយនេះឡើយ។ ជាការពិតណាស់ ព្រះមាតុលានី (ម្ដាយមីង) របស់ព្រះនាង ព្រះនាម Sayako Kuroda បានរៀបអភិសេកជាមួយជនសាមញ្ញ ឈ្មោះ Yoshiki Kuroda កាលពីឆ្នាំ២០០៥។
#៣ រឿងរ៉ាវស្នេហារវាងព្រះនាង Mako និងលោក Kei Komuro
អ្នកទាំង២ បានជួបគ្នា ខណៈចូលរួមនៅក្នុងកម្មវិធី សម្រាប់ការសិក្សាក្រៅប្រទេស នៅឯភោជនីយដ្ឋានមួយ ស្ថិតក្នុងស្រុក Shibuya នៃទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីជាង៥ឆ្នាំមុន។
អ្នកទាំង២ គឺជាមិត្តរួមសាលា ដែលបានបញ្ចប់ការសិក្សា នៅឯសកលវិទ្យាល័យមួយ ក្នុងទីក្រុងតូក្យូ។ លោក Komuro ធ្វើការនៅក្នុងក្រុមហ៊ុនច្បាប់មួយ ប៉ុន្តែធ្លាប់បានធ្វើជាកម្មករឆ្នេរសមុទ្រ នៅក្នុងយុទ្ធនាការផ្សព្វផ្សាយឆ្នេរសមុទ្រ ឲ្យទីក្រុង Fujisawa។ នៅពេលនោះ លោកទទួលបានរហស្សនាមថា «Prince of the Sea»។
#៤ ទោះបីជាព្រះនាង Mako មិនរៀបអភិសេកជាមួយ លោក Komuro ក៏ព្រះនាងមិនឡើងគ្រងរាជបល្ល័ង្កដែរ
កាលពីរដូវក្ដៅឆ្នាំ២០១៦ ព្រះចៅអធិរាជជប៉ុន Akihito បានសម្ដែងក្ដីព្រួយបារម្ភថា ព្រះជន្មរបស់ទ្រង់ អាចប៉ះពាល់ដល់សមត្ថភាព ក្នុងការគ្រប់គ្រងប្រទេស។ ទោះបីជាយ៉ាងណា បើយោងតាមច្បាប់បុរាណជប៉ុន មានតែមនុស្សប្រុសប៉ុណ្ណោះ ដែលអាចឡើងគ្រងរាជបល្ល័ង្កបន្តបាន។
#៥ ព្រះនាង Mako ត្រូវបានគេយកទៅប្រៀបធៀបជាមួយ ព្រះនាង Kate Middleton នៃចក្រភពអង់គ្លេស
ក្រៅពីតំណែងជាព្រះនាង អ្នកទាំង២ គឺពិតជាល្អឥតខ្ចោះ។ ព្រះនាង Mako និង Kate មានសញ្ញាប័ត្រផ្នែកសិល្បៈដូចគ្នា។ ព្រះនាង Mako ទទួលបានសញ្ញាប័ត្រអនុបណ្ឌិត ផ្នែក «Art Museum and Gallery Studies» ពីសកលវិទ្យាល័យ University of Leicester ក្នុងទីក្រុង Leicester ប្រទេសអង់គ្លេស កាលពីឆ្នាំ២០១៦។ ព្រះនាងបានរស់នៅក្នុងចំណោមសិស្សនិស្សិតដទៃទៀត ហាក់បីដូចជាមនុស្សសាមញ្ញធម្មតាអីចឹង៕