រឿង King Arthur: Legend of the Sword អាចខាតបង់ប្រាក់ដល់ទៅ១៥០លានដុល្លារ
- 2017-05-27 00:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង King Arthur: Legend of the Sword អាចខាតបង់ប្រាក់ដល់ទៅ១៥០លានដុល្លារ
ចន្លោះមិនឃើញ
ភាពយន្តថ្មី King Arthur: Legend of the Swordរបស់អ្នកដឹកនាំរឿង Guy Ritchie បានក្លាយជារឿងមួយដែលបរាជ័យខ្លាំងនៅដើមរដូវក្ដៅឆ្នាំនេះ ដែលអាចខាតបង់ថវិកាដល់ទៅ១៥០លានដុល្លារឯណោះ។
រឿងនេះបានចាប់ដាក់បញ្ចាំង១សប្ដាហ៍បន្ទាប់រឿង Guardians of the Galaxy Vol. 2 បានបញ្ចាំងនៅក្នុងបណ្ដារោងកុន។ ប៉ុន្តែ Guardians វគ្គ២ នៅតែស្ថិតនៅតារាងកំពូលនៃរឿងដែលរកចំណូលបានច្រើនបំផុតប្រចាំសប្ដាហ៍។ សម្រាប់រឿង King Arthur: Legend of the Sword វិញ ភាពយន្តនេះចំណាយដើមទុនដើម្បីថតដល់ទៅ ១៧៥លានដុល្លារឯណោះ ប៉ុន្តែសម្រាប់សប្ដាហ៍ដំបូងនៃការដាក់បញ្ចាំង ភាពយន្តនេះមានលទ្ធភាពរកចំណូលបានតែ ១៥.៤លានដុល្លារតែប៉ុណ្ណោះ។ ចំនួននេះមិនត្រឹមតែចាញ់រឿង Guardians វគ្គ២ នោះទេ ព្រមទាំងចាញ់រឿង Snatched របស់តារាសម្ដែង Amy Schumer ទៀតផង។ លទ្ធផលនេះបង្ហាញថា King Arthur បរាជ័យខ្លាំងក្នុងការរកចំណូលសម្រាប់ក្រុមហ៊ុន Warner Bros។
បើយោងទៅតាម THR វាត្រូវបានគេប៉ាន់ស្មានថាការបរាជ័យនេះនឹងខាតបង់ដល់ក្រុមហ៊ុន WB និង Village Roadshow ដល់ទៅ១៥០លានដុល្លារ។ អ្នកវិភាគបានប៉ាន់ប្រមាណថាភាពយន្តនេះនឹងរកចំណូលបានតែ ១៤៥លានដុល្លារតែប៉ុណ្ណោះទូទាំងពិភពលោក។ បើតាមអ្នកវិភាគប្រាក់ចំណូលភាពយន្ត (Box Office) លោក Jeff Bock បានប្រាប់ថា នេះអាចមកពីបញ្ហានៃការផ្សព្វផ្សាយភាពយន្ត និង តួសម្ដែងល្បីមិនដល់កម្រិត។ លើសពីនេះរឿងនេះ ទទួលបានភាពអវិជ្ជមានជាច្រើនពីសំណាក់អ្នកស្រលាញ់វិស័យភាពយន្តដែលមិនអាចជួយអ្វីបាន។ ម្យ៉ាងវិញទៀតគឺដោយសារតែមនុស្សភាគច្រើន ស្រលាញ់និងចាប់អារម្មណ៍ពីរឿងថ្មីរបស់រឿងវីរបុរសរបស់ Marvel (MCU) ជាជាងរឿងព្រេងនិទានរបស់ King Arthur៕