តារាចម្រៀង​អាមេរិកម្នាក់​ចង​កធ្វើអត្តឃាតខ្លួនឯង​មិនដឹងមូលហេតុ

  • 2017-05-19 03:51:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ និង​ជា​តន្ត្រី​ពោរពេញ​ដោយ​ទេពកោសល្យ​ របស់​អាមេរិក​ Chris Cornell បាន​ទទួល​មរណភាព​ហើយ​ កាល​ពី​ថ្ងៃ​ ១៧​ ខែ​ឧសភា​ ដោយសារ​ធ្វើ​អត្តឃាត​ខ្លួន​ឯង​។

តារា​ចម្រៀង​វ័យ​ ៥២​ឆ្នាំ​រូប​នេះ​ ត្រូវ​បាន​រក​ឃើញ​ថា​​បាន​ស្លាប់​ បន្ទាប់​ពី​បញ្ចប់​ការ​សម្ដែង​ជាមួយ​ក្រុម​តន្ត្រី​របស់​លោក​ដែល​មាន​ឈ្មោះ​ថា​ Soundgarden ក្នុង​ទីក្រុង​ Detroit កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​។

បើ​យោង​តាម​ ខាង​មន្ទីរ​កោសល្យវិច័យ​ "The Wayne County Medical Examiner” បាន​បញ្ជាក់​ថា​ តារា​ប្រុស​រូប​នេះ​ពិត​ជា​អ្នក​ដែល​បញ្ចប់​ជីវិត​ខ្លួន​ឯង​។ រី​ឯ​អ្នក​តំណាង​របស់​ Cornell លោក Brian Bumbery បាន​លើក​ឡើង​មុន​នេះ​ថា​ ការ​ស្លាប់​របស់​តារា​រូប​នេះ​ គឺ​កើត​ឡើង​លឿន​ពេក​នឹក​ស្មាន​មិនដល់​។​ ចំណែក​ឯ​ខាង​គ្រួសារ​របស់​លោក​ ក៏​កំពុង​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុម​ការងារ​កោសល្យវិច័យ​ ហើយ​បាន​ស្នើ​សុំ​រក្សាការ​សំងាត់​ផង​ដែរ​។

អ្នក​នាំ​ពាក្យ​ខាង​ប៉ូលិស​ក្រុង​ Detroit បាន​បង្ហាញ​ទៅ​កាន់​សារព័ត៌មាន​ BBC ថា​ពួកគេ​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​នៅ​ពាក់​កណ្ដាល​យប់​ថ្ងៃ​ពុធ​ និង​បាន​បន្ថែម​ថា​ Cornell ត្រូវ​បាន​រក​ឃើញ​ថា​បាន​ស្លាប់​នៅ​ក្នុង​បន្ទប់​ទឹក​។

ក្រោយ​មក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្រុម​កោសល្យវិច័យ​ បាន​និយាយ​ថា​៖ "មូលហេតុ​នៃ​ការ​ស្លាប់​ ត្រូវ​បាន​កំណត់​ថា​ ដោយសារ​ចង ក​ធ្វើ​អត្តឃាត​ខ្លួន​ឯង​។ ចំពោះ​ការធើ្វរបាយការណ៍​បង្ហាញ​ពី​កោសល្យ​វិច័យ​ទាំង​ស្រុង​ មិន​ទាន់​ត្រូវ​បាន​បញ្ចប់​ទេ​ ហើយ​ក្នុង​ពេលនេះ​ក៏​មិន​ទាន់​មាន​ព័ត៌មាន​អ្វី​ផ្សេង​ទាក់​ទង​នឹង​ការ​ស្លាប់​របស់​លោក​ដែរ​”។

មរណភាពរបស់​តារា​ចម្រៀង​ក្នុង​ក្រុម​តន្ត្រី​រ៉ុក​រូប​នេះ​ ធ្វើ​ឲ្យ​គ្រួសារ​ មិត្តភ័ក្ដិ និង​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​ស្រឡាំងកាំង​ជា​ខ្លាំង​ នឹក​ស្មាន​មិន​ដល់​ នឹង​ហេតុការណ៍​ដ៏​អាក្រក់​នេះ​ ព្រោះវាកើតឡើងលឿនពេក៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ យី សុធារី