ចង់​ដឹង​ទេ តើ​អ្វី​ទៅជា "Cyberspace"?

  • 2017-05-19 10:47:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាយប៊ើស្ប៉េស (Cyberspace) គឺ​ជាការ​ប្រើប្រាស់បណ្តាញ​ឌីជីថល​ ជា​មធ្យោបាយ​ទំនាក់ទំនង​​​​​គ្នា​។ សាយ​ប៊ើ​ស្ប៉េស​ ​(Cyberspace) ​ផ្តល់​ការ​កម្សាន្ត​​ ​ជា​កន្លែង​ដែល​ពលរដ្ឋ​អាច​ទទួល​បាន​ការ​ចែក​រំលែក​ចំណេះដឹង​អំពី​បញ្ហា​សង្គម ការ​ពង្រីក​​ផលិតផល​និង​អាជីវកម្ម និង​ជា​កន្លែង​ផ្ទុកទិន្នន័យយ៉ាង​សម្បូរ​បែប​សម្រាប់បុគ្គល គ្រឹះស្ថាន​ឯកជន និង​រដ្ឋ។

ឯក​ឧត្តម​ ខៀវ កញារីទ្ធ

ឯក​ឧត្តម​ ខៀវ កញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បាន​ថ្លែង​ក្នុង​សិក្ខាសិលា​ថា ការ​ប្រើប្រាស់​សាយ​ប៊ើស៉្បេស ​(Cyberspace) ​ត្រូវ​មាន​ក្រម​សីលធម៍​ត្រឹមត្រូវ​ជៀស​វាង​ការ​យក​ទៅ​ប្រើប្រាស់​ក្នុង​ផ្លូវ​អវិជ្ជមាន ជាក់​ស្ដែង​ដូចជា​ការ​វាយប្រហារ​តាមរយៈមេរោគ​ជំរិត​ទារ​ប្រាក់​តាម​បណ្ដាញ​អុឺនធើណិត​​​ថ្មីៗ​នេះ​។

លោក​ថា មាន​ការ​កើនឡើង​ការ​​ប្រឈមជា​ច្រើន​ដូចជា​ការរំ​លោភបំពាន មិនត្រឹមត្រូវ​ពី​សំណាក់បុគ្គល ឬ​ក្រុម​ដែល​ប្រើប្រាស់​អ៊ិនធឺណេត ឧក្រិដ្ឋកម្ម ភេរវកម្ម ព័ត៌មាន​មិនពិត និង​បញ្ហាផ្សេងៗ​ដែល​ទាក់ទងនឹងសន្តិសុខ។

​លោក ជី សិលា អគ្គនាយក​ក្រុមហ៊ុន Sabay ក៏​បាន​បញ្ចេញ​មតិ​ថា សាយ​ប៊ើស៉្បេស​(Cyberspace) សំដៅ​ទៅលើ ​ការ​ទំនាក់​ទំនង​សង្គម​តាម​រយៈ​ប្រព័ន្ធ​ឌីជីថល ដែល​យុវជន​អាច​មាន​ឧកាស​នៃការ​ធ្វើ​ជំនួញថ្មី និង​អាច​បង្កើត​ការ​ងារ​តាម​រយៈ​បណ្ដាញ​អុឺនធើណិត​​នេះ​ផង​ដែរ។

លោក ជី សិលា

លោក​បណ្ឌិត​ យន់​ គា​ នាយក​ប្រតិបត្ដិ​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​បាន​ជំរុញ​យុវជន​ស្វែង​យល់​ស្វែង​យល់​ពី​បច្ចេកវិទ្យា​ដែល​ជា​ប្រភព​ដ៏​មាន​សក្ដានុភាព​សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន​ឯង​ និង​សង្គម​ជាតិ​ នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត»។

«​យុវជន​ទាំង​អស់​ចាំ​បាច់​ត្រូវ​តែ​ស្វែង​យល់​អំពី​ការ​ប្រើប្រាស់​ សាយ​ប៊ើស៉្បេស​ ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​អតិបរមា​សម្រាប់​ខ្លួន​ឯង​ និង​សង្គម​ជាតិ​ ក៏​ដូច​ជា​ត្រូវ​ យល់​ដឹង​អំពី​វិធី​ជៀស​វាង​នូវ​ហានិភ័យ​ និង​ជម្នះ​នូវ​រាល់​កត្ដា​ប្រឈម​ទាំង​ឡាយ​ក្នុង​ការ​ប្រើ​ប្រាស់​ សាយ​ប៊ើស៉្បេស»។

សិក្ខា​សាលានេះ​បាន​ប្រព្រឹត្តឡើងនៅថ្ងៃទី ១៩ ខែ​ឧសភា ឆ្នាំ២០១៧ នៅឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC)។ សិក្ខាសាលានេះ​មាន​គោល​បំណង​លើក​កម្ពស់​ការយល់ដឹង​ក្នុង​ចំណោម​សិស្ស និស្សិត និង​សាធារណៈជន ដែលប្រើប្រាស់​សាយប៊ើស្ប៉េស (Cyberspace) អំពី​ផល​ប្រយោជន៍ បញ្ហា​ប្រឈម សិទ្ធិ និង​ទំនួល​ខុស​ត្រូវ​ចំពោះមុខ​ច្បាប់​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ិនធឺណេត​ ក៏ដូចជា​ការ​ស្វែង​រក​គំនិត និង​គំរូ​អភិបាលកិច្ច​សាយប៊ើស្ប៉េស (Cyberspace) មួយ​ដ៏​សមស្រប​ដែល​អាច​ធ្វើ​អោយ​អ្នក​ប្រើប្រាស់ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ទទួល​បាន​អត្ថប្រយោជន៍​អតិបរមា​ពីការ​ប្រើប្រាស់​សាយប៊ើស្ប៉េស (Cyberspace) ដែល​ព្រមជា​មួយគ្នា​នោះ អាច​ជៀសវាង​ការប៉ះពាល់​ដល់គោលដៅ​អភិវឌ្ឍន៍ជាតិ​របស់​កម្ពុជា។

គោល​ដៅ​នៃ​សិក្ខា​សាលា​នេះ​គឺ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​របស់​យុវជន​អំពី​ឱកាស​ និង​ការ​ប្រឈម​ នៃ​ការ​ប្រើ​ប្រាស់​សាយប៊ើស៉្បេស​ និង​ការ​រិះ​រក​ដំណោះ​ស្រាយ ​និង​វិធី​គ្រប់​គ្រង​សាយ​ប៊ើស៉្បេស​ ដែល​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ផ្សេង​ៗ​របស់​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ ក៏​ដូច​ជា​សម្រេច​គោល​ដៅ​អភិវឌ្ឈន៍​ជាតិ។

មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​បាន​អញ្ជើញ​វាគ្មិនល្បីៗ ​និង​មាន​បទពិសោធន៍​ខ្ពស់ចំនួន ៧រូប ដែល​មាន​ដូចជា៖

១. លោក ពុយ គា ជាអ្នកឆ្លើយឆ្លងសារព័ត៌មាន ក្យូដូជប៉ុន

២. លោក ជី សិលា ជាអគ្គនាយកក្រុមហ៊ុនសប្បាយ

៣. លោក Steven Path ជាអគ្គនាយក​ក្រុមហ៊ុន Pathmazing និងជាប្រធានសហព័ន្ធព័ត៌មានវិទ្យា និងទូរគមនាគមន៍

៤. ឯកឧត្តម ផុស សុវណ្ណ ជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន

៥. លោក អ៊ូ ផាន់ណារិទ្ធ​​ ជាប្រធាននាយកដ្ឋាន បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគន៍

៦. លោក ងួន សុភ័ក្រ្ត ជាសមាជិកសមាគមពាណិជ្ជករវ័យក្មេង និងជានាយកគ្រប់គ្រង SSPD គ្រុប ៧. លោក ស្រ៊ាង​ បូរមី ជានាយកគ្រប់គ្រងវីឌូស៊ែរ

មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ជា​ស្ថាប័ន​ឯករាជ្យ​មិន​រកប្រាក់​ចំណូលមួយ ដែល​មាន​បំណង​ជួយ​ដល់​ការ​សម្រេច​អោយ​បាន​នូវគោលដៅអភិវឌ្ឍន៍ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​នឹង​ប្រមូល​ផ្តុំ​ធនធាន និង​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍ជាតិ​តាមរយៈ ការ​រៀបចំ​ការ​ស្រាវជ្រាវ និង​គម្រោង ការ​ផ្តល់​ជា​កម្មវិធី និង​វេទិកា​សំរាប់​កិច្ចសន្ទនា​គោលនយោបាយ ការ​បណ្តុះបណ្តាល​ជំនាញ ការ​បង្កើត​និង​ផ្សព្វផ្សាយ​ចំណេះដឹង និង​គុណតម្លៃ៕

ដៃគូសហការ

អត្ថបទថ្មី