មូលហេតុ ៥យ៉ាងនេះសោះ បានជាអ្នកជំពាក់លុយគេធ្វើមុខក្រាស់មិនព្រមសង

  • 2017-05-26 04:39:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រាប់​អាន​គ្នា​ គឺ​ជៀស​មិន​ផុត​រឿង​ខ្ចី​លុយ​កាក់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ក៏​ជា​រឿង​ក្ដៅគគុក​មួយ​ ដែល​បង្ក​ឱ្យ​មាន​ទំនាស់​ពាក្យ​សម្ដី ដល់​ថ្នាក់​ប្រើ​ហិង្សា​ក៏​មាន ដោយ​សារ​រឿង​លុយ​នេះ​។ ​មនុស្ស​ខ្លះ​ជំពាក់​លុយ​គេ​រាប់​ខែ​រាប់​ឆ្នាំ​មិន​ព្រម​សង តើ​មក​ពី​មូល​ហេតុ​អ្វី​? ខាង​ក្រោម​នេះ ជា​ការ​លើក​ឡើង​របស់​យុវវ័យ​មួយ​ចំនួន ទាក់ទង​នឹង​មូល​ហេតុ​ទាំង ៥​យ៉ាង​ដែល​អ្នក​ជំពាក់​លុយ​គេ មិន​ព្រម​សង​។

១.​ គិត​ថា​អ្នក​ជំពាក់​មិន​ទាន់​ចង់​ទារ

រមនា អ្នក​ឧស្សាហ៍​ឱ្យ​លុយ​​គេខ្ចី​ម្នាក់​លើក​ឡើង​ថា អ្នក​ដែល​ជំពាក់​លុយ​គេ​ហើយ ធ្វើ​ព្រងើយ​នោះ​ មក​ពី​គិត​ថា ម្ចាស់​បំណុល​មិន​ទាន់​ចង់​ទារ​ក៏​ចេះ​តែ​ហីៗ​ទៅ ប៉ន្តែ​មិន​ដឹង​ថា អ្នក​ឱ្យ​គេ​ខ្ចី​នោះ​ទន្ទឹង​ចាំ​លុយ​ ដែល​ឱ្យ​គេ​ខ្ចី​នោះ​ទេ​។ ​រមនា និយាយ​ថា៖ "ចា.. បង​ខ្ញុំ​គិត​ថា ចឹង​អាង​តែ​គេ​មិន​ទារ ចេះ​តែ​មិន​ព្រម​សង ហើយ​ខ្ញុំ​សូម​ផ្ដាំ​ទៅ​អ្នក​ជំពាក់​លុយ​គេ​ទាំង​ឡាយ អាសូរ​ចិត្ត​អ្នក​កំពុង​រង់ចាំ​ផង"​។

២. ​មាន​អារម្មណ៍​ស្ដាយ​លុយ​មិន​ហ៊ាន​ប្រឡេះ

រមនា ដដែល​បន្ត​ទៀត​ថា មនុស្ស​ខ្លះ​មាន​លុយ តែ​មិន​ចង់​សង នៅ​មាន​ចិត្ត​អាឡោះអាល័យ​ស្ដាយ​លុយ មិន​ហ៊ាន​ប្រឡេះ​នោះ​ទេ តែ​មិន​បាន​គិត​ថា មុន​ពេល​គេ​ឱ្យ​ខ្ចី​លុយ ក៏​គេ​អាឡោះ​អាល័យ​លុយ​ដែរ តែ​មក​ពី​គិត​ថា មិត្ត​ភក្ដិ​ទើប​គេ​ឱ្យ​ខ្ចី​។ ​ដូច្នេះ​ហើយ ដើម្បី​រក្សា​មិត្តភាព បាន​យូរ​អង្វែង​មាន​លុយ​ហើយ​ប្រញាប់ រួសរាន់​ទៅ​សង​គេ​ទៅ កុំ​ចេះ​តែ​ទុក​លុយ មិន​ព្រម​សង ព្រោះ​ថ្ងៃ​ណា​មួយ​លុយ​នោះ នឹង​ចាយ​អស់ ហើយ​នៅ​តែ​បន្ត​ជំពាក់​រហូត​ មិន​ដឹង​ថ្ងៃ​ណា​សង​។

៣. ​មាន​ចេតនា​ធ្វើ​ភ្លេច

ចំណែក​សុខ​ហេង និស្សិត​ទើប​តែ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​អក្សរ​សាស្ត្រ​អង់គ្លេស​ វិញ​លើក​ឡើង​ថា៖ ចំពោះ​ខ្ញុំ​វិញ គិត​ថា អាច​មក​ពី​អ្នក​ជំពាក់​គេ មាន​ចេតនា​ធ្វើ​ភ្លេច​តែ​ម្ដង ប៉ុន្តែ​មិន​មែន​មិន​ដឹង​ថា ជំពាក់​លុយ​គេ​នោះ​ទេ​ដល់​តែ​ពេល​ម្ចាស់​បំណុល​ទារ តាំង​និយាយ​ថា អូហ៍ ភ្លេច​ឱ្យ​ឈឹង។ ​សុខ​ហេង​បន្ត​ទៀត​ថា មិន​ចាំ​បាច់​ធ្វើ​បែប​នេះ​ទេ គួរ​តែ​រក្សា​ភាព​ថ្លៃ​ថ្នូរ​របស់​ខ្លួន ប្រយ័ត្ន​ថ្ងៃ​ក្រោយ​គ្មាន​អ្នក​ណា​ហ៊ាន​ឱ្យ​លុយ​ខ្ចី​ទៅ​។​

​​៤. ​គិត​ថា​យក​លុយ​ទៅ​ប្រើ​ការ​អ្វី​ចាំ​បាច់​សិន

មក​ដល់​ចំណុច​នេះ សុខ​ហេង ដដែល​លើក​ឡើង​ថា មូលហេតុ​ដែល​អ្នក​ជំពាក់​លុយ​មិន​ព្រម​សង គឺ​ចង់​យក​លុយ​ទៅ​ប្រើការ​អ្វី​ផ្សេង​សិន គិត​ថា​ចាំ​បាច់​ជាង​រឿង​សង​លុយ​គេ​។ ​សុខ​ហេង​និយាយ​ទៀត​ថា បើ​គិត​បែប​នេះ​គឺ​ខុស​ហើយ ព្រោះ​ជំពាក់​លុយ​គេ​នេះ​មិន​មែន​ជា​រឿង​លេង​សើច​ទេ គឺ​ពាក់ព័ន្ធ​នឹង​កិត្តិយស​តែ​ម្ដង ម្ចាស់​បំណុល​គេ​នឹង​វាយ​តម្លៃ​អ្នក​ជំពាក់​ថា ជា​មនុស្ស​បែប​នេះ​បែប​នោះ​។ សុខ​ហេង​និយាយ​ថា៖ "ចំណុច​អ្នក​ជំពាក់​លុយ​គេ​ទាំង​ឡាយ តោង​ត្រិះរិះ​ពិចារណា ព្រោះ​យើង​មាន​បេះ​ដូង​ មាន​ការ​ឈឺ​ចាប់​កុំ​ឱ្យ​គេ​ដៀល​អី"​។

​​ ៥. ​គិត​ថា​មិត្ត​ភក្ដិ​ជិតស្និទ្ធ​ថ្ងៃ​ណា​សង​ក៏​បាន

ចំពោះ​ចិន្ដា និស្សិត​សាកលវិទ្យាល័យ​បៀល​ប្រាយ វិញ​លើក​ឡើង​ថា នេះ​គឺ​ជា​មូលហេតុ​ចម្បង​មួយ​ដែរ គឺ​អ្នក​ជំពាក់​លុយ​ទាំង​នោះ គិត​ថា​មិត្ត​ភក្ដិ​ជិតស្និទ្ធ​ថ្ងៃ​ណា​សង​ក៏​បាន មិន​ជា​បញ្ហា​អ្វី​ទេ​។ ចិន្ដា បន្ត​ថា ការ​គិត​បែប​នេះ​គឺ​ខុស​ស្រឡះ​តែ​ម្ដង រឿង​មិត្តភាព គឺ​មិត្តភាព តែ​រឿង​លុយ​កាក់​ជា​រឿង​ដោយ​ឡែក មាន​មនុស្ស​ជា​ច្រើន​ណាស់ ដែល​បែកបាក់​មិត្ត​ភាព​ ដោយ​សារ​រឿង​លុយ​កាក់​នេះ​ឯង​៕​​

អត្ថបទ៖ វឌ្ឍនៈ