ធនាគារ​ធំ​ទី​ ៣​ របស់​ជប៉ុន​ឈាន​ជើង​មកកាន់​ទីផ្សារ​កម្ពុជា

  • 2017-05-28 04:57:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ​ធំ​លំដាប់​ទី​ ៣​ របស់​ប្រទេស​ជប៉ុន​មី​ហ្ស៊ូ​ហូ បាន​ឈាន​ជើង​មកកាន់​ទីផ្សារ​កម្ពុជា​ហើយ​ដែល​នេះ​ជា​ធនាគារ​របស់​ជប៉ុន​​ទី​៣​ដែល​បានមក​វិនិយោគ​នៅ​កម្ពុជា​។​  ​

​ធនាគារ ​MIZUHO បានទទួល​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ខែកុម្ភៈ​កន្លងមក​និង​បើក​ការិយាល័យ​ផ្លូវការ​នៅ​កម្ពុជា​​ក្នុង​កំឡុង​ខែឧសភា​នេះ​។ ធនាគារ​នេះ​មាន​សាខា​ចំនួន​៥៤៩​នៅ​ទូទាំង​ពិភពលោក និង​មាន​ទីតាំងនៅ​ប្រទេស​ចំនួន​៨​ក្នុងចំណោម​​ប្រទេស​១០​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។​ ​    ​

​លោក​ អ៊ិន ចាន់នី ​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ភី​អ៊ិ​ល​ស៊ី​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃទី​២៦ ឧសភា​នេះ​ថា​តាម​​ធម្មតា​ធនាគារ​ធំ​បែបនេះ មុន​សម្រេចចិត្ត​មកកាន់​ប្រទេស​ណាមួយ ពួកគេ​សម្លឹងមើល​សក្តានុពលរ​បស់​ប្រទេស​កម្ពុជា​រួចទៅហើយ ទាក់ទង​នឹង​ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម និង​កំនើនសេដ្ឋកិច្ច ព្រមទាំង​ច្បាប់​វិនិយោគ​និង​រប​បព​ន្ឋ​នៃ​ប្រទេស​នេះ​។​ ​    ​

​លោក​បន្តថា “​យើង​ស្វាគមន៍​ធនាគារ​នេះ ព្រោះ​វត្តមាន​ធនាគារ​នេះ​នឹង​ជាការ​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក ព្រោះ​ពេល​មក​បើក​នៅ​កម្ពុជា ពួកគេ​មិនមាន​សាខា​នៅតាម​ខេត្ត​នោះទេ ដូច្នេះ​ពេល​ត្រូវការ​ផ្ទេរ​ឬ​ទូទាត់​សាច់ប្រាក់​ទៅ​ខេត្ត​ពួកគេ​នឹង​ប្រើប្រាស់​ធនាគារ​ក្នុងស្រុក​”​។​​លោក​បន្តថា “​លើសពីនេះ​នៅពេល​ធនាគារ​ក្នុងស្រុក​នៅសល់​ផលប​ត្រ​ប្រើប្រាស់​មិន​អស់​ពួកគេ​ក៏​អាច​យកទៅ​ផ្ញើរ​នៅ​ធនាគារ​បរទេស​ផងដែរ​។​នេះ​ជា​អ្វីដែល​ជាការ​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​”​។​ ​    ​

​លោក​ អ៊ិន ចាន់នី​ បាន​បន្តថា ការប្រកួតប្រជែង​បច្ចុប្បន្ន​ធ្វើឡើង​តាមបែប​សហប្រតិបត្តិកា​រ​គ្នា និង​បំរើ​អតិថិជន​គោលដៅ​រៀងៗ​ខ្លួន​។​ ​    ​

​សេដ្ឋវិទូ​កម្ពុជា​ក៏​រីករាយ និង​សម្តែង​ការស្វាគមន៍​វត្តមាន​ធនាគារ​មី​ហ្ស៊ូ​ហូ​នៅ​កម្ពុជា​ផងដែរ​។​ ​    ​

​លោក​បណ្ឌិត ​ម៉ី កល្យាណ​ ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា វា​ជា​រឿង​ល្អ​សម្រាប់​ប្រទេស​យើង​ដែលមាន​វត្តមាន​ធនាគារ​នេះ ព្រោះ​វា​នឹង​ជួយ​ឲ្យ​ការធ្វើ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ប្រសើរឡើង​និង​ទាក់ទាញ​អ្នកវិនិយោគ​ជប៉ុន​ថ្មីៗ​មក​កាន់​កម្ពុជា ព្រមទាំង​ឆ្លុះបញ្ចាំង​ពី​ស្ថិរភាព​នយោបាយ​របស់​កម្ពុជា​។​លោក​បន្តថា ជប៉ុន​មាន​សុភាសិត​មួយ​គឺ​មុនពេល​ឆ្លងស្ពាន​ពួកគេ​​តែងតែ​ស្ទាប​បង្កាន់ដៃស្ពាន​ជាមុនសិន ពេល​ស្ទាប​ហើយ ជួនកាល​ពួកគេ​មិន​ឆ្លង​នោះទេ​ដូច្នេះ​ពេលដែល​ធនាគារ​ធំ​បែបនេះ​ចូលមក​​កម្ពុជា មានន័យថា​គេ​ទុកចិត្ត​ពី​ស្ថានភាព​នយោបាយ សង្គម និង​សេដ្ឋកិច្ចកម្ពុជា​ហើយ​។​ ​    ​

​លោក​បន្តថា “​ធនាគារ​ច្រើន​ឬ​តិច​នៅ​កម្ពុជា ជាការ​ពិបាក​និយាយ ប៉ុន្តែ​យើង​ត្រូវ​គិតពី​ការផ្តល់​ឥណទាន​របស់​ពួកគេ​វិញ​ថា តើ​ទំហំ​ឥណទាន​ដែល​បានផ្តល់​ធៀប​នឹង​ផលទុនជាតិ​សរុប​មាន​ប៉ុន្មាន​ភាគរយ​ហើយ ខណៈដែល​ធនាគារជាតិ​នៃ​កម្ពុជា ក៏​កំពុង​គ្រប់គ្រង​ឥណទាន​កុំ​ឲ្យ​មាន​កំនើន​ខ្ពស់​ពេក​ផងដែរ​”៕

អត្ថបទ៖ Rasmeinews

អត្ថបទថ្មី