វិទីនី ​លាត​ត្រដាង​ការ​ពិត​ដែល​ ​សំអឿន ពិដោរ​ យក​​បេះ​ដូង​នាង​បាន​

  • 2017-05-29 23:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនាក់​ទំនង​ស្នេហា​​កីឡា​ការិនី​ហែល​ទឹក​ជម្រើស​ជាតិ​កម្ពុជា​ដ៏​ស្រស់​សោភា ហែម​ថុន វិទីនី​ និង​កីឡាករ​បាល់ទាត់ សំអឿន ពិដោរ​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៨​ ខែ​ឧសភា​នេះ​ដែល​ភាគ​គី​ខាង​ប្រុស​ជា​អ្នក​​បញ្ចេញ។ ​ដំណឹង​​នេះ​​មាន​ការ​អបអរសាទរ​ និង​ជូន​ពរ​អ្នក​ទាំង​ពីរ​ពី​អ្នក​គាំទ្រ​ជា​ច្រើន។ ជា​មួយ​គ្នា​នេះ​ ហែម​ថុន វិទីនី​បាន​ប្រាប់​ Sabay ថា ខាង​ប្រុស​ចូល​ស្តី​ដណ្តឹង​រួច​ហើយ​ ​ប៉ុន្តែ​រង់​ចាំ​ថ្ងៃ​មង្គល​ការ​តែ​ម្តង​ពោល​គឺ​មិន​មាន​រៀប​ចំ​ពិធី​ភ្ជាប់​ពាក្យ​ឡើយ។

ជុំ​វិញ​សំណង​ស្នេហ៍​អ្នក​ទាំង​ពីរ កីឡា​ការិនី​ហែល​ទឹក​រូប​នេះ​បាន​លាង​ត្រដាង​យ៉ាង​វែង​អន្លាយ​ដូច​ខាង​ក្រោម៖

«ដោយ​សារ​តែ​គាត់​ (សំអឿន ពិដោរ) ​​អាច​យក​បេះ​ដូង​ខ្ញុំ​បាន​ ខ្ញុំ​ស្គាល់​គាត់​រយៈ​ពេល​៩​ឆ្នាំ​ហើយ​ តែ​ខ្ញុំ​មិន​ដែល​មាន​ចិត្ត​គិត​អ្វី​លើស​ពី​បង​ប្អូន​ឬ​មិត្តភ័ក្ក​នោះ​ទេ​ ពី​ព្រោះ​ម្តាយ​គាត់​ និង​​ក្រុម​គ្រួសារ​ខ្ញុំ​ជា​បង​ប្អូន​ធម៌​ហ្នឹង​គ្នា​ ហើយ​លោក​តា​របស់​គាត់​ត្រូវ​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​តា​ខ្ញុំ។ គាត់​បាន​និយាយ​ថា​គាត់​ស្រលាញ់​ខ្ញុំ​តាំង​ពី​គាត់​នៅ​ក្មេង ប៉ុន្តែ​ខ្ញុំ​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​ហ្នឹង​ខ្វាយ​ខ្វល់​ពី​គាត់​សោះ​ឡើយ​ ទោះ​គាត់​ព្យាយាម​បង្ហាញ​ម៉េច​ក៏​ដោយ​ក៏​ខ្ញុំ​នៅ​តែ​មិន​ខ្វល់។

គិត​តាំង​ពី​រយៈ​ពេល​នោះ​មក​ពេល​ ឥឡូវ​នេះ​វា​យូរ​ខ្លាំង​ណាស់​ ហើយ​នៅ​ពេល​ដែល​ខ្ញុំ​ធ្លាប់​មាន​ស្នេហា​ គាត់​ព្យាយាម​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ ព្រោះ​វា​ជា​អ្វី​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ តែ​ គាត់​នៅ​តែ​រាប់​អាន​និង​ស្រលាញ់​គ្រួសារ​ដដែល​រហូត​មក​ដល់​ពេល​ដែល​ខ្ញុំ​បែក​បាក់​ស្នេហា​ខ្ញុំ​ក៏​បាន​រស់​នៅ​ថៃ​បន្ត​រហូត​ដល់​បញ្ចប់​ការ​ហ្វឹក​ហាត់ និង​​ទៅ​ប្រកួត​នៅ​ប្រទេស​ប្រេស៊ីល​ទៀត។​ ពេល​នោះ​គាត់​ព្យាយាម​ចាប់​ផ្តើម​ឆាត​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​រាល់​ថ្ងៃ​តែ​ខ្ញុំ​នៅ​តែ​មិន​យក​ទុក​ដាក់​ជា​មួយ​គាត់​ដែរ។ រហូត​មក​ដល់​ថ្ងៃ​កំណើត​របស់​ខ្ញុំ​ខែ​១០​ ឆ្នាំ​មុន​នេះ​គឺ​ថ្ងៃ​ខួប​កំណើត​របស់​ខ្ញុំ។

គាត់​ក៏​បាន​ក៏​ទិញ​កាដូ​កាមេរ៉ា​fujji​ឲ្យ​ខ្ញុំ​ហើយ​ suprise​ខ្ញុំ​ តែ​គាត់​បាន​ឲ្យ​ពូ​ខ្ញុំ​ទុក​វា​ក្នុង​បន្ទប់​ខ្ញុំ​តែ​ឲ្យ​ពូ​ខ្ញុំ​លាក់​ថា​មិន​មែន​ជា​របស់​គាត់​ទិញ​ឲ្យ​ទេ។ ពូ​ខ្ញុំ​ប្រាប់​ថា​វា​ជា​របស់​ពូ​ខ្ញុំ​ទិញ​​ឲ្យ​ខ្ញុំ​តែ​ចុង​ក្រោយ​ខ្ញុំ​ដឹង​ថា​វា​ជា​កាដូ​ដែល​គាត់​ទិញ​ឲ្យ​តែ​ខ្ញុំ​នៅ​តែ​មិន​ទាន់​មាន​ចិត្ត​លើ​គាត់​ចិត្ត​ខ្ញុំ​នៅ​តែ​គិត​គាត់​ដូច​មិត្ត​បង​ប្អូន​ដដែល​។ គាត់​នៅ​តែ​ព្យាយាម​បង្ហាញ​ក្តី​ស្រលាញ់​មក​​លើ​ខ្ញុំ​ ប៉ុន្តែ​ខ្ញុំ​ព្យាយាម​និយាយ​ពាក្យ​សំដី​មិន​ល្អ​ទៅ​​គាត់​ច្រើន​ណាស់​ដើម្បី​ឲ្យ​គាត់​កាត់​ចិត្ត​ពី​ខ្ញុំ តែ​គាត់​នៅ​តែ​មិន​ចាក​ចេញ​ គាត់​បន្ត​លើ​ពី​អ្វី​ដែល​គាត់​ធ្វើ​ពី​មុន​ទៀត។ ខ្ញុំ​បាន​ប្រាប់​ដល់​គាត់​ថា ​ខ្ញុំ​ព្យាយាម​ជៀស​ពី​គាត់​ដោយ​សារ​តែ​ខ្ញុំ​ធ្លាប់​បែក​បាក់​ពី​អ្នក​កីឡា​បាល់ទាត់​ម្តង​ហើយ​ចឹង​ខ្ញុំ​អត់​ចង់​យក​អ្នក​ដែល​លេង​កីឡា​បាល់ទាត់​ម្តង​ទៀត​ទេ។ វា​នឹង​មាន​ពាក្យ​លេច​ឮ​អាក្រក់​មក​លើ​រូប​គាត់​ខ្ញុំ​មិន​ចង់​​ឲ្យ​គាត់​មាន​បញ្ហា​ឬ​ក៏​មិន​សប្បាយ​ចិត្ត​ទៅ​ថ្ងៃ​មុខ​ជា​មួយ​ខ្ញុំ​ដោយសារ​តែ​រឿង​នេះ។

ទោះ​ជា​យ៉ាង​ណា​គាត់​មិន​យល់​ស្រប​នៅ​អ្វី​ដែល​ខ្ញុំ​និយាយ​​ គាត់​ថា​គាត់​ថា​គាត់​ស្រលាញ់​ខ្ញុំ​គឺ​ដើម្បី​អនាគត​ គាត់​ចង់​បាន​មនុស្ស​ដែល​គាត់​ស្រលាញ់​នៅ​ក្បែរ​គាត់​មិន​ខ្លាច​ពាក្យ​សំដី​ដែល​គេ​និយាយ​នោះ​ទេ​។ មាស​សុទ្ធ​គឺ​គេ​មិន​ខ្លាច​ភ្លើង។​ អ្វី​ដែល​សំខាន់​ក្តី​ស្រលាញ់​ពិត​ប្រាកដ​ និង​ស្មោះ​ត្រង់​នឹង​គ្នា។​ បើ​យើង​ព្យាយាម​ធ្វើ​​ឲ្យ​ល្អ​ឥត​ខ្ចោះ​ដើម្បី​មាត់​អ្នក​ដ​ទៃ​ភ្នែក​ដទៃ​ក៏​នោះ​តែ​ព្យាយាម​រក​មើល​កំហុស​របស់​យើង​មក​និយាយ​បាន​ដែរ។​ នេះ​ជា​ពាក្យ​ដែល​គាត់​និយាយ​មក​ខ្ញុំ​ ​ហើយ​ក៏​គាត់​និយាយ​ថា​ អាច​ផ្តល់​ឱកាស​​ឲ្យ​ខ្លះ​បាន​ទេ​ ហើយ​ខ្ញុំ​ក៏​ចាប់​ផ្តើម​គិត និង​ព្រម​ខ្ញុំ​បើក​ចិត្ត​មើល​គាត់​តែ​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​គឺ​ក្តី​ស្រលាញ់​ដែល​គាត់​បាន​ផ្តល់​ឲ្យ​ពិត​គឺ​​ប្រាកដ។ ​គាត់​ពិត​ជា​ខ្លាច​បាត់​ខ្ញុំ​ដល់​ថ្នាក់​ពេល​ដែល​ខ្ញុំ​ទៅ​លេង​គ្រួសារ​ខ្ញុំ​នៅ​កាណាដា​រយៈ​ពេល​ជាង​មួយ​ខែ​ ហើយ​មុន​ពេល​ទៅ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ ខ្ញុំ​ទៅ​តែ​កន្លះ​ខែ​ទេ ​ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​ទៅ​ដល់​នោះ​ខ្ញុំ​នៅ​រហូត​ដល់​១​ខែ​ជាង​ ហើយ​គាត់​ពិត​ជា​ភ័យ​ខ្លាំង​ខ្លាំច​ខ្ញុំ​មិន​វិល​មក​វិញ​ដល់​ថ្នាក់​គាត់​សុំ​ឲ្យ​មីង​ខ្ញុំ​រត់​ការ​ធានា​គាត់​​ឲ្យ​ទៅ​ទី​នោះ​អស់​ប៉ុន្មាន​​ម៉ឺន​ក៏​គាត់​សម្រេច​​ទៅ​ដែរ​ប៉ុន្តែ​ខ្ញុំ​ឃាត់​គាត់​ ព្រោះ​ខ្ញុំ​គ្មាន​គំរោង​នៅ​នោះ​គ្រាន់​តែ​ខ្ញុំ​នៅ​លេង​លើស​ថ្ងៃ​កំណត់ ហើយ​រក​សំបុត្រ​យន្តហោះ​មក​វិញ​អត់​ទាន់​បាន​ដោយ​សារ​តែ​ខែ​ធ្លាក់​ទឹកកក​មាន​មនុស្ស​ដើរ​លេង​ច្រើន​ ចឹង​សំបុត្រ​វា​ពេញ​អស់​ទំ​រាំ​តែ​រក​បាន​វា​យូរ។

រហូត​ដល់​ពេល​ខ្ញុំ​ត្រលប់​មក​វិញ​ ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​មាន​ចិត្ត​គិត​ពី​គាត់​ដោយ​សារ​តែ​ទង្វើ​ទាំង​អស់​របស់​គាត់​ ហើយ​គាត់​តែង​តែ​មក​សួរ​សុខ​ទុក្ខ​យាយ​ខ្ញុំ និង​ម៉ាក់​ខ្ញុំ​ដូច​អ្វី​ដែល​គាត់​ស្រលាញ់​ខ្ញុំ។ ខ្ញុំ​មិន​មែន​សម្រេច​ចិត្ត​​តែ​ម្នាក់​ឯង​ទេ​ខ្ញុំ​បាន​ប្រាប់​គ្រួសារ​ខ្ញុំ​ និង​សួរ​យោបល់​ពី​គ្រួសារ​ខ្ញុំ​ថា​ចរិត​គាត់​យ៉ាង​ម៉េច​ដែរ​ហើយ​​ពួក​គាត់​ក៏​បាន​និយាយ​ថា​ចរិត​គាត់​ល្អ​ គាត់​ស្លូត​ម៉ាក់​​និង​ម៉ាក់​យាយ​ពេញ​ចិត្ត។ និយាយ​ទៅ​គ្រួសារ​ខ្ញុំ​​ពេញ​ចិត្ត​ទទួល​យក​គាត់​ដោយ​គាត់​ដឹង​ចាស់​ទុំ​ហើយ​ចេះ​គិត​អ្វី​ដែល​គ្រួសារ​ខ្ញុំ​ចង់​ឃើញ​គឺ​មនុស្ស​ម្នាក់​អាច​ផ្ដល់​សេចក្ដី​សុខ​ និង​​ឲ្យ​តម្លៃ​មក​លើ​ខ្ញុំ​ និង​ក្រុម​គ្រួសារ។​

គាត់​មិន​ត្រូវ​ការ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ​ហឺ​ហារ​តែ​មិន​ផ្តល់​សេចក្តី​សំខាន់​ចេះ​គិត​ចាប់​ដៃ​គ្នា​ទៅ​មុខ​វា​ជា​រឿង​ល្អ​ហើយ។ ខ្ញុំ​ក៏​បាន​និយាយ​ទៀត​ថា បើ​ស្រលាញ់​ខ្ញុំ​មែន​ចឹង​ចូល​និយាយ​តាម​​ប្រពៃណី​​ទៅ​ហើយ​គាត់​បាន​និយាយ​ថា​គាត់​រង់​ចាំ​ពាក្យ​នេះ​យូរ​ហើយ។​ គាត់​បាន​និយាយ​ទាំង​ទឹក​ភ្នែក​ថា​តើ​គាត់​ស្ថិត​ក្នុង​យល់​សប្ដិ​មែន​ទេ?

បង​ប្រុស​បាន​សួរ​ខ្ញុំ​ថា​គាត់​មិន​សង្ហារ​ផង​ ​ហេតុ​អ្វី​ខ្ញុំ​ស្រលាញ់​ ខ្ញុំ​ខ្លាច​​នឹង​​យក​ប្រុស​ស្អាត​សង្ហារ​ណាស់​បង​ខ្ញុំ​រូប​រាង​មិន​ស្អាត​ខ្ញុំ​មិន​ហ៊ាន​ប៉ង​ទេ​សុំ​ត្រឹម​តែ​ស្រលាញ់​ស្មោះ​ទេ​តែ​ក្តី​ស្រលាញ់​ដែល​គាត់​ផ្តល់​​ឲ្យ​លើ​ពី​អ្វី​ដែល​ខ្ញុំ​គិត​ទៅ​ទៀត​បង​។ ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ក្បែរ​ខ្ញុំ​ ទោះ​គាត់​មិន​ហឺ​ហារ​គាត់​មិន​សង្ហារ​ តែ​គាត់​ផ្តល់​តម្លៃ​ និង​ក្តី​ស្រលាញ់​មួយ​ដល់​កក់​ក្តៅ​បំផុត​មក​លើ​ខ្ញុំ។ គាត់​យក​ចិត្ត​ទុក​ដាក់​ពី​ខ្ញុំ​ការងារ​របស់​ខ្ញុំ និង​កម្លាំង​ចិត្ត​មក​ដល់​ខ្ញុំ​គ្មាន​ឡើយ​ពាក្យ​សំដី​ធ្ងន់​មក​លើ​ខ្ញុំ។​ទង្វើ​ទាំង​អស់​នេះ​ហើយ​ដែល​គាត់​ធ្វើ​​ឲ្យ​ខ្ញុំ​មិន​អាច​ចាក​ចេញ​ពី​គាត់»៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី