ខ្ញី​ចាស់​នៅ​អ៊ីតាលី ​ថា Real Madrid ​ខ្លាំង ដោយសារ​តែ Isco ​ជួយ

  • 2017-05-30 03:47:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Giorgio Chiellini ​ថា​ក្រុម Real Madrid ​អាច​ឡើង​មក​ដល់​វគ្គ​នេះ ​ហើយ​ក្រុម​មាន​ទម្រង់​លេង​ល្អ​គឺ​ដោយសារ​តែ​មាន Isco ​ជា​អ្នក​ជ្រោមជ្រែង​មួយ​រយៈ​ចុង​ក្រោយ ពេល​ប៉ះ​ក្រុម​ខ្លាំង​ៗ។

Isco ​បាន​ក្លាយ​ជា​ Key player ​ម្នាក់​សម្រាប់​ក្រុម Real Madrid ​ក្នុង​ប៉ុន្មាន​ប្រកួត​មក​នេះ ​ដោយ​រូបគេ​បាន​បម្រើ​ដល់​តំបន់​ប្រយុទ្ធ​បាន​ច្រើន​។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត អវត្តមាន​របស់ Gareth Bale ​បាន​ធ្វើ​ឱ្យ​រូបគេ​មាន​ឱកាស​បញ្ចេញ​សមត្ថភាព​ទាំង​បច្ចេកទេស​ញាក់​បាល់ ការ​បញ្ជូន​បាល់ ​និង​ការ​ដណ្ដើម​បាល់​ពី​ដៃ​គូ​ពិត​ជា​សក្ដិសម​សម្រាប់​ជាប់​ជម្រើស​១១​នាក់​ក្នុង​ប្រកួត​ធំ​ៗ​ណាស់។

ដោយ​មើល​ឃើញ​ដូច​គ្នា Chiellini ​ខ្សែ​ការពារ​បទពិសោធ​ពេញ​ខ្លួន​បាន​ដាស់​តឿន​ក្រុម​ Juventus ​មិន​ត្រូវ​មើល​ស្រាល​សមត្ថភាព​របស់ Real Madrid ​នោះ​ទេ ព្រោះ​ពួកគេ​មាន​យុទ្ធសាស្ត្រ​អាច​កែប្រែ​ការ​ប្រកួត​បាន​ទាំង​អស់។ កីឡាករ​វ័យ​៣២​ឆ្នាំ​បាន​បន្ដ​ថា​៖ “Isco ​ជា​កត្តា​មួយ​ដែល​ជួយ Real ​បាន​ច្រើន​ប៉ុន្មាន​ខែ​មក​នេះ។ គាត់​ពិត​ជា​មិន​អាច​មើល​ស្រាល​បាន​ទេ។ ពួកគេ​បាន​ធ្វើ​រឿង​មិន​គួរ​ឱ្យ​ជឿ​ជា​ច្រើន​មក​ហើយ ដូច​ដែល​យើង​បាន​ឃើញ​កាល​ប៉ះ Bayern Munich ”។

Chiellini ​ជា​ខ្សែ​ការពារ​ដែល​មិន​អាច​ខ្វះ​បាន​ម្នាក់​ទាំង​ក្រុម Juventus ​និង​ជម្រើស​ជាតិ​អ៊ីតាលី។ ទោះ​ជា​វ័យ​ច្រើន​បន្តិច​មែន ប៉ុន្តែ​សមត្ថភាព​របស់​កីឡាករ​ដែល​ធ្លាប់​ឈ្នះ​ពាន​ខ្សែ​ការពារ​ល្អ​ជាង​នៅ​អ៊ីតាលី​រូប​នេះ​នៅ​តែ​រក្សា​បាន​ទម្រង់​ល្អ​មួយ​បាន​ដដែល។ ដោយ​កាល​ដែល Juventus ​ចាញ់​ក្រុម Barcelona ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​ឆ្នាំ​២០១៥​នោះ រូបគេ​មិន​បាន​ចូល​លេង​ទេ ដោយសារ​គ្រា​នោះ​មាន​របួស៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ មុន្នីរម្យ