ស្មាតហ្វូនផលិតដោយបិតា Android បង្ហាញខ្លួនហើយ
- 2017-05-31 02:21:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាតហ្វូនផលិតដោយបិតា Android បង្ហាញខ្លួនហើយ
ចន្លោះមិនឃើញ
ទីបំផុតអ្នកបង្កើតប្រព័ន្ធប្រតិបត្តិការ Android លោក Andy Rubin បានប្រកាសចេញស្មាតហ្វូនដំបូងដែលផលិតឡើងដោយក្រុមហ៊ុនថ្មីរបស់ខ្លួន។
ស្មាតហ្វូនម៉ូដែល Essential Phone ដែលទើបបង្ហាញខ្លួននេះមានបំពាក់មុខងារគួរឲ្យចាប់អារម្មណ៍មួយចំនួនដែលអាចតទល់នឹងទូរសព្ទកំពូលរបស់ Samsung និង Apple បាន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ដំបូងគេគឺអេក្រង់ ដែលស្ទើរតែមានពេញមួយផ្ទៃខាងមុខទៅហើយ ថែមទាំងមានរោងកោងនៅត្រង់កាមេរ៉ាខាងមុខទៀតផង។
ចំណុចមួយទៀតគឺវាជាទូរសព្ទ Modular ដោយមាន Connector ជាប្រភេទដែកឆក់នៅផ្នែកខាងក្រោយ ដែលអាចឲ្យអ្នកភ្ជាប់ទូរសព្ទជាមួយ Accesory ជាច្រើនបាន រួមមានកាមេរ៉ាថតរូប ៣៦០ ដឺក្រេដែលអាចកុម្ម៉ង់ទិញជាមួយទូរសព្ទបាន។
និយាយពីរឿងកុម្ម៉ង់ទិញ ស្មាតហ្វូននេះមានតម្លៃ ៧៤៩ ដុល្លារ (ទីផ្សារសហរដ្ឋអាមេរិក) ដោយមានអង្គផ្ទុកទិន្នន័យ ១២៨ GB និង មានភ្ជាប់ជាមួយកាមេរ៉ាថតរូប ៣៦០ ដឺក្រេមួយ។ ប្រសិនបើយកតែទូរសព្ទគឺមានតម្លៃ ៦៩៩ ដុល្លារ។ ប៉ុន្តែគួរឲ្យស្ដាយត្រង់ថាការចាប់ផ្ដើមលក់ដំបូងគឺសម្រាប់តែនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ។
ភ្ជាប់ជាមួយអង្គផ្ទុកទិន្នន័យ ១២៨ GB Essential Phone ក៏មានបំពាក់នូវ RAM ទំហំ ៤ GB និង ប្រើបន្ទះឈីប Snapdragon 835 ដូចជាស្មាតហ្វូន Android កំពូលៗដទៃទៀតដែរ។ សម្បករបស់ Essential Phone ធ្វើពីទីតាញ៉ូម និង សេរ៉ាមិច ដែលមានជម្រើសពណ៌បួនមានដូចជា Black Moon (ពណ៌ខ្មៅរលោង), Stellar Gray (ពណ៌ប្រផេះងងឹត), Pure White(ពណ៌សរលោង) និង Ocean Depth (ពណ៌បៃតងលាយពណ៌ត្នោត)។
អេក្រង់មានទំហំ ៥,៧ អ៊ីញ ធំជាងអេក្រង់ iPhone 7 Plus ប៉ុន្តែមិនមានរាងធំណាស់ណាឡើយ ព្រោះអេក្រង់របស់វាស្ទើរតែគ្មានគែមសងខាង។ កាមេរ៉ាខាងក្រោយជាប្រព័ន្ធកាមេរ៉ាភ្លោះកម្រិត ១៣ MP ចំណែកខាងមុខមានកម្រិត ៨ MP ដែលសុទ្ធតែអាចថតវីដេអូកម្រិត 4K បាន។
ចំពោះកាលបរិច្ឆេទដាក់លក់វិញខាងក្រុមហ៊ុនមិនអាចបញ្ជាក់ច្បាស់ឡើយ ប៉ុន្តែបានឲ្យដឹងថាអតិថិជនអាចចុះឈ្មោះកុម្ម៉ង់ទិញចាប់ពីថ្ងៃនេះតទៅ៕
លក្ខណៈសម្បត្តិលម្អិត ៖
អេក្រង់ ៖ ទំហំ ៥,៧ អ៊ីញ ប្រភេទ LCD កម្រិត QuadHD (២៥៦០x១៣១២)
វិមាត្រ ៖ ១៤១,៥x៧១,១x៧,៨ ម.ម និង ទម្ងន់ ១៨៥ ក្រាម
ឈីប ៖ Snapdragon 835, RAM 4 GB
កាមេរ៉ា ៖ ខាងក្រោយភ្លោះកម្រិត ១៣ MP RGB + Mono fusion system (ប្រព័ន្ធពណ៌ធម្មជាតិលាយសខ្មៅ) កាមេរ៉ាមុខកម្រិត ៨ MP ថតវីដេអូកម្រិត 4K បានទាំងពីរ
អង្គផ្ទុកទិន្នន័យ ៖ ១២៨ GB គ្មានរន្ធសម្រាប់ដោតមេមូរីកាត
ថ្ម ៖ ៣០៤០ mAh ជាមួយបច្ចេកវិទ្យាសាកថ្មបានលឿនតាមរន្ធ USB-C
ចំណុចពិសេស ៖ តួខ្លួនទីតាញ៉ូម, ខាងក្រោយសេរ៉ាមិច, រន្ធមីក្រូហ្វូន ៤ និង Bluetooth 5.0