ពេទ្យវៀតណាមមួយធ្វើឲ្យស្លាប់អ្នកជំងឺ ៧នាក់ ដោយសារព្យាបាលខុសបច្ចេកទេស
- 2017-05-31 03:30:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេទ្យវៀតណាមមួយធ្វើឲ្យស្លាប់អ្នកជំងឺ ៧នាក់ ដោយសារព្យាបាលខុសបច្ចេកទេស
ចន្លោះមិនឃើញ
មន្ទីរពេទ្យពិនិត្យជំងឺទូទៅខេត្ត Hoa Binh Hospital ភាគខាងជើង ប្រទេសវៀតណាម កំពុងស្ថិតក្រោមការស៊ើបអង្កេតឧក្រិដ្ឋកម្ម បន្ទាប់ពីធ្វើឲ្យស្លាប់អ្នកជំងឺ ៧នាក់ក្នុងចំណោម ១៨ ដោយសារការលាងសម្អាតតម្រងនោមកាលពីថ្ងៃច័ន្ទកន្លងទៅ។
ក្រសួងសន្តិសុខសាធារណៈបានបញ្ជូនមន្ត្រីរបស់ខ្លួនជាច្រើននាក់ទៅកាន់មន្ទីរពេទ្យខាងលើដែលមានចម្ងាយប្រមាណ ៨០គីឡូម៉ែត្រ ភាគនិរតី ទីក្រុងហាណូយ ដើម្បីបើកការស៊ើបអង្កេតដែលគេចាត់ទុកថា ជាឧបទ្ទវហេតុធ្ងន់ធ្ងរបំផុតនៅប៉ុន្មានឆ្នាំចុងក្រោយ។
កាលពីព្រឹកថ្ងៃច័ន្ទទី ២៩ឧសភា អ្នកជំងឺចំនួន ១៨នាក់ បានទទួលការព្យាបាលបញ្ហាខ្សោយតម្រងនោមនៅ មន្ទីរពេទ្យរដ្ឋខាងលើ ប៉ុន្តែរយៈពេល ៤៥នាទីបន្ទាប់ពីលាងសម្អាតរួច អ្នកជំងឺមានអាការៈក្អួតចង្អោរ ឈឺពោះ និងថប់ដង្ហើម។
បើទោះបីជាទទួលបានជំនួយបន្ថែមពីពេទ្យបង្អែកក្រុងហាណូយក្ដី ប៉ុន្តែវាយឺតពេលព្រោះអ្នកជំងឺ ៧នាក់ បានបាត់បង់ជីវិតទៅហើយ។ ចំណែកជនរងគ្រោះដទៃទៀត កំពុងត្រូវគេជួយសង្គ្រោះបន្ទាន់។
ខាងមន្ទីរពេទ្យបានសុំទោស និងបិទផ្នែកជំងឺតម្រង់នោមជាបណ្ដោះអាសន្ន។ អ្នកជំងឺជាង ១០០នាក់ ដែលបានទទួលការព្យាបាលស្រដៀងនេះនៅមន្ទីរពេទ្យដដែល នឹងត្រូវគេបញ្ជូនទៅកាន់ទីក្រុងហាណូយ ដើម្បីបន្តការព្យាបាល។
ដោយឡែកប្រធានមន្ទីរពេទ្យលោក Truong Quy Duong បានសុំទោសគ្រួសារអ្នកជំងឺ និងសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ និងចាត់ទុកជាមេរៀនមួយ។ គ្រួសារអ្នកស្លាប់នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ១៥លានដុង ឬ ៦៦០ដុល្លារអាមេរិក។ ចំពោះកំហុសនៃការព្យាបាល គេមិនទាន់ដឹងមកពីបញ្ហាអ្វីនៅឡើយទេ៕