មិនអាចចាត់ទុកគេត្រឹមជាមិត្ត មានតែដើរចេញទាំងឈឺចាប់
- 2017-06-05 04:47:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនអាចចាត់ទុកគេត្រឹមជាមិត្ត មានតែដើរចេញទាំងឈឺចាប់
ចន្លោះមិនឃើញ
ខ្ញុំសុំទោសដែលនៅសុខៗខ្ញុំដើរចេញពីអ្នក សុំទោសដែលខ្ញុំបញ្ចប់មិត្តភាពមួយនេះ ទាំងអ្នកមិនមានកំហុសអ្វីសោះ ខ្ញុំជាមនុស្សអាក្រក់ ជាមនុស្សអាត្មានិយមបំផុត។
ខ្ញុំបានដើរចេញពីមនុស្សដែលខ្លួនឯងស្រឡាញ់ បានបញ្ចប់ទំនាក់ទំនងដ៏ល្អមួយ ទាំងមិនមានបញ្ហាអ្វីជាមួយគ្នាសោះ តែខ្ញុំមិនអាចធ្វើមិត្តជាមួយគេបានទេ ព្រោះខ្ញុំមិនដែលចាត់ទុកគេជាមិត្តទេ គឺខ្ញុំស្រឡាញ់គេ។ ខ្ញុំក៏មិនយល់ពីខ្លួនឯងដែរ ហេតុអ្វីបានជានៅសុខៗ ទៅស្រឡាញ់មិត្តភក្ដិទៅវិញ ខំហាមចិត្តណាស់ដែរ តែហាមមិនឈ្នះសោះ គ្រប់ពេលខ្ញុំនៅក្បែរគេ បេះដូងខ្ញុំជាតែលោតខុសពីធម្មតា ចង់កៀកកើយគេ ចង់កាន់ដៃគេ ចង់ប្រាប់ថា ស្រឡាញ់គេ តែខ្ញុំធ្វើមិនបាន ព្រោះខ្លាចគេស្អប់ខ្ញុំ។
និយាយទៅមុខ បន្តិចខ្ញុំ និងគេជាមិត្តល្អបំផុត តែងជួយគ្នាទៅវិញទៅមកគ្រប់បញ្ហា ទៅនេះទៅនោះ ដើរលេងញ៉ាំអីគ្រប់ពេលវេលាជាមួយគ្នា ហើយយើងតែងនិយាយប្រាប់គ្នាថា ពួកយើងជាមិត្តល្អនឹងគ្នាជារៀងរហូត។ មាត់ប្រាប់គេថា ជាមិត្តខណៈបេះដូង មិនដែលគិតត្រឹមមិត្តទេ ខ្ញុំតែងលួចស្រមៃថា ថ្ងៃណាមួយភាពស្និទ្ធស្នាលរបស់យើងទាំងពីរ អាចនឹងមិនមែនត្រឹមតែជាមិត្ត ប៉ុន្តែរយៈពេលជាច្រើនខែកន្លងទៅ កាយវិការ ទង្វើរបស់គេ បង្ហាញថា គេមិនដែលគិតអ្វីមកលើខ្ញុំ លើសពីមិត្តឡើយ។ គ្រប់ពេលនៅក្បែរគេខ្ញុំបែរជាកើតទុក្ខទៅវិញ ព្រោះមានអាថ៌កំបាំងចង់ប្រាប់គេ តែមិនហ៊ាន ហើយបើឱ្យខ្ញុំបន្តធ្វើបែបនេះ ខណៈបេះដូងតែងលោតញាប់បែបនេះ តើខ្ញុំអាចធ្វើបានទេ?
នេះជាកំហុសរបស់ខ្ញុំ ព្រោះតែបេះដូងមិនស្ដាប់បញ្ជាបានធ្វើឱ្យខ្ញុំបាត់បង់មនុស្សល្អម្នាក់ ទាំងគេមិនមានកំហុសអ្វីសោះនោះ គ្រប់យ៉ាងគឺមកពីខ្ញុំ។ មកទល់ពេលនេះខ្ញុំបានផ្ដាច់ទំនាក់ទំនងជាមួយគេទាំងស្រុង លេខទូរសព្ទក៏ខ្ញុំលុបចោល ហ្វេសប៊ុកក៏ខ្ញុំប្លុកចោល ហើយចាកចេញពីគេស្ងាត់ៗគ្មានប្រាប់មូលហេតុសូម្បីតែមួយម៉ាត់ គេប្រហែលជាឆ្ងល់ ប្រហែលជាកំពុងនឹកខ្ញុំ ចង់ឱ្យត្រឡប់ដូចដើម តែខ្ញុំមិនអាចបកក្រោយបានទេ។ ខ្ញុំស្រក់ទឹកភ្នែករាល់ថ្ងៃពេលមើលរូបថតគេ ខ្ញុំនឹកឃើញអនុស្សាវរីយ៍គ្រប់ពេលវេលា គ្រប់ទីកន្លែង តើខ្ញុំអាចឆ្កួតចិត្តដោយសារនឹកគេទេ? ទៅកន្លែងហែលទឹកក៏លែងមានគេ មើលកុនក៏លែងមានគេ ញ៉ាំអីក៏លែងមានគេ ដើរលេងក៏គ្មានគេតទៅទៀតដែរ។
តាមរយៈសំណេរមួយនេះ ខ្ញុំសង្ឃឹមថា គេនឹងបានឃើញ ហើយចង់ប្រាប់ថា ខ្ញុំសុំទោសដែលខ្ញុំចាកចេញពីអ្នកដោយគ្មានហេតុផល ហើយតាមរយៈសំណេរនេះហើយ ដែលខ្ញុំហ៊ានប្រាប់អ្នកថា ខ្ញុំស្រឡាញ់អ្នក ហើយរាល់ទង្វើដែលខ្ញុំធ្វើទៅអ្នកកន្លងមក គឺខ្ញុំចង់បង្ហាញអំពីការបារម្ភ ក្ដីស្រឡាញ់ដែលខ្ញុំមានទៅអ្នក តែអ្នកប្រហែលជាមិនដែលគិតដល់នោះទេ។ អនុស្សាវរីយ៍ចុងក្រោយ ដែលយើងទាំងពីរដើរលេងតែពីរនាក់ នៅមណ្ឌលគីរី ខ្ញុំនឹងចងចាំជារៀងរហូត ទោះបីគេងក្នុងបន្ទប់តែមួយ តែគ្មានរឿងអ្វីកើតឡើងក៏ខ្ញុំនៅតែពេញចិត្តហើយពេញចិត្តខ្លាំងជាទីបំផុត។
ខ្ញុំស្រឡាញ់អ្នកមិនមែនគ្រាន់តែជាមិត្តល្អទេ ប៉ុន្តែខ្ញុំគ្មានសិទ្ធិអីបង្ខំឱ្យអ្នកស្រឡាញ់ខ្ញុំដែរ។ ដូច្នេះហើយការបញ្ចប់មិត្តភាពបែបនេះ ទើបអាចឱ្យខ្ញុំភ្លេចអ្នកបាន ទោះត្រូវប្រើរយៈពេលយូរយ៉ាងណាក៏ដោយចុះ៕