ពលរដ្ឋប៊ូឌីញ៖ "ខ្ញុំចាកចេញតែកាយ តែខ្ញុំមិនភ្លេចជម្រកក្ដីសុខខ្ញុំនេះឡើយ"

  • 2017-06-06 10:34:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេលា​ដែល​ត្រូវ​ចាកចេញ​បាន​មក​ដល់ ពលរដ្ឋ​រស់​នៅ​ក្នុង​អគារ​ប៊ូឌីញ បាន និង​កំពុង​រៀបចំ និង រុះរើ​អីវ៉ាន់​គ្មាន​សល់​ ដើម្បី​ផ្លាស់ប្ដូរ​ទៅ​កាន់​ជម្រក​ថ្មី។

ស្ត្រី​វ័យ​ចំណាស់​សម្បុរ​ស្រអែម និង​មាន​ទឹក​មុខ​សោក​សង្រេង កំពុង​ឈរ​សម្លឹង​លំនៅឋាន​ដែល​រស់​នៅ​ជាង ៣០ឆ្នាំ លោកស្រី ផន ស៊ីវន បាន​រៀបរាប់​យ៉ាង​អួល​ដើម​ក​ថា « ខ្ញុំ​ស្រណោះ​ញាតិ​មិត្ត បង​ប្អូន​ជិត​ខាង​ដែល​តែងតែ​ជួប និង​និយាយ​គ្នា ដើរ​ហាត់​ប្រាណ​ជាមួយ​គ្នា ជាពិសេស​គឺ​បន្ទប់​រស់នៅ​តាំង​ពី​បែក​ប៉ុលពត​មក ហើយ​ពេល​នេះ ត្រូវ​ចាក​ចេញ​ពី​ទីនេះ​ទាំង​អាល័យ» ។

លោកស្រី ផន ស៊ីវន

លោកស្រី ស៊ីវន ដែលមានសមាជិកគ្រួសារ ៨ នាក់ បាន​ប្រាប់ Sabay ថា លោកស្រី​និង​គ្រួសារ​នឹង​រើ​ទៅ​រស់​នៅ​ផ្ទះ​ល្វែង​នៅ​ខាង​ច្បារអំពៅ​ដែល​បាន​ទិញ​រួច​ប៉ុន្មាន​ខែ​មុន និង​រង់ចាំ​តែ​ពេល​នៅ​ទេ។ « ការ​ចាក​ចេញ​ពេលនេះ គឺ​ទៅ​ជា​រៀង​រហូត តែ​ខ្ញុំ​មិន​ភ្លេច​ជម្រក​ក្ដី​សុខ​ខ្ញុំ​នេះ​ឡើយ» លោកស្រី​បញ្ជាក់។

ស្ត្រី​វ័យ​កណ្ដាល លោកស្រី ស៊ីវន ឲ្យ​ដឹង​ថា « ប្រសិន​បើ​ខ្ញុំ​ចង់​មក​លេង​ទីនេះ ត្រូវ​ចំណាយ​ប្រាក់​ជិះ​ម៉ូតូ​កង់​ប្រមាណ​ ២ម៉ឺនរៀល»។ មួយ​វិញ​ទៀត​បញ្ហា​ប្រឈម​ដែល​លោកស្រី​នឹង​ជួប​ពេល​ចេញ​ពី​ទី​នេះ​គឺ កន្លែង​ធ្វើការ​របស់​ស្វាមី និង​សាលា​រៀន​របស់​ចៅ គឺ​ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្ទះ​ទើប​ទិញ​ថ្មី ហើយ​នេះ​ការ​ចំណាយ​ផ្សេងៗ​អាច​នឹង​ច្រើន​ជាង​មុន។

គួរ​ជម្រាប​ថា បើ​តាម​ក្រសួង​ដែនដី គិត​មក​ត្រឹម​ថ្ងៃ​ទី ០៦ ខែ​មិថុនា ឆ្នាំ ២០១៧  ប្រជាពលរដ្ឋ​អគារ​ប៊ូឌីញ ស ចំនួន ១០បន្ទប់ បាន​ទទួល​ប្រាក់​ទូទាត់​រួច បាន​ប្រគល់​បន្ទប់​ជូន​ក្រុមហ៊ុន និង​បាន​ចាកចេញ​ពី​បន្ទប់​ស្នាក់នៅ ទៅ​តាំង​ទី​លំនៅ​ថ្មី​ហើយ៕

អត្ថបទ៖ ស៊ិន សាវ៉េត