គ្រូ​សី​ប៉ាក់តាក្រ​កម្ពុជា​​ព្រួយ​បារម្ភ ​ខណៈ​ក្រុម​នារី​ត្រូវ​រំសាយ​

  • 2017-06-08 07:40:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ជម្រើស​ជាតិ​កីឡា​សី​ប៉ាក់តាក្រ​ និង​សី​ឈិនឡូន​កម្ពុជា​ លោក​ ជាតិ ​ខេមរ៉ា​  បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ បន្ទាប់​ពី​ក្រុម​កីឡា​នារី​ត្រូវ​បាន​ប្រកាស​រំសាយ​ នា​ពេល​ថ្មី​ៗ​នេះ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ ប្រសិន​បើ​មាន​ព្រឹត្តិការណ៍​​អន្តរជាតិ​បន្ទាន់​ណា​មួយ​កើត​ឡើង។

«ពិបាក​ដែរ​ ពេល​ដែល​ក្រុម​នារី​ប្រកាស​រំសាយ​ ព្រោះ​យើង​មិន​ងាយ​​ប្រមូល​ផ្តុំ​​ហ្វឹក​ហាត់​ឡើយ​ ហើយ​បើ​និយាយ​ពី​អត្តពលិក​ថ្នាល​វិញ​ យើង​​ជ្រើស​រើស​​បាន​មែន តែ​មិន​ប្រាកដ​ថា​ ហ្វឹក​ហាត់​ត្រឹម​រយៈ​ពេល​២​ទៅ​៣ឆ្នាំ​ ពួក​គេ​អាច​ធ្វើ​បាន​ល្អ​ ដូច​ក្រុម​កីឡា​នារី​ជើង​ចាស់​ដែរ»។ លោក​ ជាតិ ខេមរ៉ា​បាន​លើក​ឡើង។

តាម​ពិត​ទៅ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ លើក​ទី​២៩​ នៅ​ប្រទេស​ម៉ាឡេស៊ី ​ខាង​មុខ​នេះ​មិន​បាន​ដាក់​បញ្ចូល​វិញ្ញាសា​​កីឡា​សី​ឈិនឡូន​ ផ្នែក​នារី​​ឡើយ​ទើប​កម្ពុជា​សម្រេច​រំសាយ​ក្រុម​នារី​ចោល​ ដោយ​ទុក​តែ​ក្រុម​បុរស​​ឲ្យ​ធ្វើ​ការ​ហ្វឹក​ហាត់​ និង​ចូល​រួម​ប្រកួត​តែ​ម្តង​ទៅ។

យ៉ាង​ណា​ក៏​ដោយ​ លោក​ ជាតិ​ ខេមរ៉ា​ បាន​បញ្ជាក់​ថា​ ការ​រំសាយ​ក្រុម​នារី​នេះ​ គឺ​មិន​មាន​ន័យ​ថា​ សហព័ន្ធ​នឹង​លុប​បំបាត់​ផ្នែក​នារី​មិន​​ឲ្យ​ចូល​រួម​ប្រកួត​រហូត​នោះ​ទេ  គឺ​មិន​មាន​ការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​ក្នុង​​​មួយ​រយៈ​​ប៉ុណ្ណោះ​ ដោយ​សារ​ការ​ប្រកួត​តម្រូវ​ឲ្យ​មាន​តែ​ផ្នែក​បុរស។ ប៉ុន្តែ​លោក​​នៅ​តែ​បង្ហាញ​ពី​ក្តី​កង្វល់​ដដែល​ ពី​ព្រោះ​ការ​ប្រកាស​រំសាយ​បែប​នេះ​ វា​ហាក់​ដូច​ជា​ពិបាក​ បើ​សិន​ជា​ កម្ពុជា​ត្រូវ​បាន​អញ្ជើញ​​ឲ្យ​ចូល​រួម​​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ណាមួយ។ មួយ​វិញ​ទៀត​បើ​សហព័ន្ធ​នៅ​តែ​ធ្វើ​ការ​ប្រមូល​ផ្តុំ​ ក្រុម​នារី​​នៅ​តែ​​ហ្វឹក​ហាត់​ដដែល​នោះ​​កម្ពុជា​ចំណេញ​ច្រើន​ទៅ​លើ​កម្រិត​បច្ចេកទេស។

សូម​បញ្ជាក់​ថា មក​ដល់​សព្វ​ថ្ងៃ​នេះ​សហព័ន្ធ​កីឡា​ស៊ីដក់​កម្ពុជា​ មាន​អត្តពលិក​ជម្រើស​ជាតិ​ចំនួន​១៦​នាក់​​ក្នុង​នោះ​កីឡាករ​៨​នាក់ និង​កីឡា​ការិនី​៨​នាក់​ដូច​គ្នា។ ក្រុម​កីឡា​សី​ប៉ាក់តាក្រ​​កម្ពុជា​​ទាំង​ផ្នែក​បុរស​ និង​នារី​ធ្លាប់​ធ្វើ​ឲ្យ​ទង់​ជាតិ​កម្ពុជា​អណ្តែត​ឡើង​លើ​ឆាក​អន្តរជាតិ​​ក្នុង​នោះ​ឆ្នាំ​២០១៥​នៅ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ លើក​ទី​២៨​នៅ​ប្រទេស​សឹង្ហបុរី​ ​ក្រុម​បុរស​ឈ្នះ​មេដាយ​មាស​១​គ្រឿង៕

លោក ជាតិ ខេមរ៉ា (កណ្តាល)

អត្ថបទ៖ សាទីយ៉ា