មិន​ធម្មតា! ម្រេចជុំវិញ​ពិភពលោក​ធ្លាក់ថ្លៃទាំងអស់ តែម្រេចកំពតនៅរក្សាតម្លៃខ្ពស់បំផុតដាច់គេ

  • 2017-06-12 04:38:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្រេច​កំពត​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​ម្រេច​ដែល​មាន​គុណភាព​ខ្ពស់​ជាង​គេ​លើ​ពិភពលោក។ យ៉ាង​ណា​មិញ​ថ្មីៗ​នេះ គេ​សង្កេត​ឃើញ​ថា តម្លៃ​ម្រេច​នៅ​ទីផ្សារ​អន្តរជាតិ​កំពុង​ជួប​បញ្ហា ក្នុង​នោះ​គុណភាព​បាន​ក្លាយ​ជា​បញ្ហា​ចម្បង​បំផុត ដែល​បាន​ធ្វើ​ឲ្យ​តម្លៃ​ម្រេច​ធ្លាក់​ចុះ​ជាលំដាប់។ ដោយ​ឡែក​ម្រេច​កម្ពុជា ហាក់​កំពុង​ឡើង​កូដ​ខ្លាំង​ទៅវិញ ស្រប​ពេល​តម្រូវ​កាន់​តែ​ច្រើន​ឡើង។

ប្រធាន​សមាគម​ម្រេច​ខេត្ត​កំពត លោក ងួន ឡាយ បាន​ប្រាប់​ Sabay ថា បច្ចុប្បន្ន​ទីផ្សារ​ម្រេច​នៅ​ជុំវិញ​ពិភពលោក​កំពុង​ធ្លាក់​ចុះ​ជា​លំដាប់ ក្នុង​នោះ​ក្រៅ​ពី​ម្រេច​របស់​សមាគម​ខេត្ត​កំពត គឺ​ធ្លាក់​ថ្លៃ​ទាំងអស់ តួយ៉ាង​ផលិតផល​ម្រេច​នៅ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ផង​ដែរ។ លោក​បញ្ជាក់​ថា តម្លៃ​ម្រេច​កំពត បាន​ដាក់​នៅ​លើ​ទីផ្សារ​អឺរ៉ុប​បាន ៤០០អឺរ៉ូ ឬ​ប្រមាណ​ជា ៤២៥​ដុល្លារ តាំង​ពី​យូរ​ណាស់​ហើយ។

លោក​បន្ថែម​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ម្រេច​កំពត​រក្សា​តម្លៃ​បាន​ខ្ពស់​ជាង​គេ ក៏​តែ​គុណភាព​ល្អ​ដាច់គេ និង​ទទួល​ដោយ​ប្រទេស​ជុំវិញ​ពិលោក។ លោក​គូស​បញ្ជាក់ « ការ​ដាំ​ដុះ​ម្រេច​នៅ​ភូមិសាស្ត្រ​ខេត្ត​កំពត​នេះ ធ្វើ​ឡើង​តាម​លក្ខណៈ​ប្រពៃណី​សុទ្ធសាធ ដោយ​មិន​ប្រើប្រាស់​ជីគីមី ឬ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​គីមី​ឡើយ «ប្រើ​ឈ្មោះ​ម្រេច​កំពត យើង​អត់​ប្រើ​ថ្នាំ​អ្វី​ដែល​ខុស​ពី​ដូនតា​យើង​បន្សល់​ទុក​ឱ្យ​ធ្វើ​ទេ។ យើង​ប្រើ​តែ​ថ្នាំ​ធម្មជាតិ​ទេ»។ 

គួរ​ជម្រាប​ដែរ​ថា យោង​តាម​ការចេញ​ផ្សាយ​កាសែត បាង​កក​ប៉ុស្តិ៍ ថ្ងៃទី១២ ខែ​មិថុនា បាន​ឲ្យ​ដឹងថា ម្រេច​កំពត​គុណភាព​ល្អ​បំផុត​របស់​ខ្មែរ អាច​លក់​បាន​តម្លៃ​រហូត​ដល់​ទៅ ៤២៥​ដុល្លារ​អាមេរិក ក្នុង​មួយ​គីឡូក្រាម នៅ​អឺរ៉ុប ខណៈ​ដែល​ម្រេច​វៀតណាម លក់​ក្នុង​តម្លៃ​តែ ៨ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម
អត្ថបទថ្មី