ក្មេងប្រុសអាយុ៦ឆ្នាំ កើតមកអត់ដៃ តស៊ូរហូតឈ្នះ មេដាយមាស ជើងឯកហែលទឹក

  • 2017-06-12 07:12:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​អាយុ ៦ ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Ismail Zulfic មាន​វាសនា​ខុស​ពី​ក្មេងៗ​ដទៃ​ទៀត ដោយ​រូប​គេ​កើត​មក​អត់​មាន​ដៃ និង មាន​ទ្រង់ទ្រាយ​ជើង មិន​ដូច​ធម្មតា​ទៀត​ផង។ Ismail រស់​នៅ​ឯ​ប្រទេស​បូស្នី (Bosnia) ដែល​ជា​កន្លែង​ជន​ពិការ ប្រឈម​មុខ​នឹង​ការ​លំបាក​ច្រើន។

ផ្ទុយទៅវិញ Ismail បាន​រក​ឃើញ​គោលដៅ​នៃ​ជីវិត តាម​រយៈ​ការ​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់ ដោយ​ត្រូវ​អរគុណ​ដល់​ថ្នាក់​បង្រៀន​ហែលទឹក​មួយ សម្រាប់​កុមារ​ពិការ។ គ្រួសារ​របស់ Ismail បាន​នាំ​រូបគេ​ទៅ​រៀន​ហែលទឹក នៅ​ថ្នាក់​បង្រៀន​ហែលទឹក​ឥត​គិត​ថ្លៃ​មួយ ហៅថា Spid ដែល​បង្កើត​ឡើយ​ដោយ​បុរស​ម្នាក់ មាន​ឈ្មោះ​ថា Amel Kapo។

ដំបូង​ឡើយ Ismail ខ្លាច​ទឹក​ខ្លាំង​ណាស់។ «រាងកាយ​របស់​ពួកគេ​អាច​នឹង​ខុស​គ្នា ប៉ុន្តែ​ប្រសិន​បើ​អ្នក​ឲ្យ​ឱកាស​ពួកគេ ដើម្បី​បង្ហាញ​ថា ពួកគេ​ដឹង​ពី​របៀប​ទទួល​យក និង​ប្រើប្រាស់​វា គឺ​កាន់​តែ​ប្រសើរ»។ នេះ​បើ​តាម​សម្ដី លោក Amel។

លោក Amel បាន​ជួយ Ismail យក​ឈ្នះ​លើ​ការ​ខ្លាច​ទឹក ព្រមទាំង​ណែនាំ​ឲ្យ​ដឹង​ពី កម្រិត​សមត្ថភាព​រាងកាយ និង​បង្រៀន​រូប​គេ ឲ្យ​ចេះ​ហែលទឹក​ទៀត​ផង។ ក្រុម​គ្រួសារ​របស់ Ismail គ្មាន​លទ្ធភាព​ឡើយ សូម្បី​តែ​ការ​ចំណាយ​លើ​ថ្លៃ​សាំង ដើម្បី​នាំ​រូប​គេ​ទៅ​រៀន​ហែលទឹក ចំនួន ២ ដង​ក្នុង​មួយ​សប្ដាហ៍ ដូច្នេះ​លោក Amel ក៏​បាន​រ៉ាប់រង​លើ​បញ្ហា​នេះ រួម​ទាំង​ឧបករណ៍​ហែលទឹក​មួយ​ចំនួន​ទៀត​ផង ដើម្បី​អាច​ឲ្យ Ismail បន្ត​ការ​រៀន​ហែលទឹក។

នា​ពេល​ថ្មីៗ​នេះ Ismail បាន​ឈ្នះ​មេដាយ​មាស នៅ​ក្នុង​ការ​ប្រកួតប្រជែង​ហែលទឹក​ក្នុង​តំបន់​សម្រាប់​ជន​ពិការ និង​សង្ឃឹម​ថា​អាច​ចូល​រួម​ប្រកួតប្រជែង នៅ​ក្នុង​ការ​ហែលទឹក​ជើង​ឯក Para-Swimming Championships ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ប្រទេស​អាល្លឺម៉ង់ នៅ​ចុង​ឆ្នាំ​នេះ។

មិន​តែ​ប៉ុណ្ណោះ សមិទ្ធផល​ដ៏​អស្ចារ្យ​របស់ Ismail បាន​ធ្វើ​ឲ្យ​ស្ថាបនិក​មូលនិធិ Swim Strong Foundation នៅ​ទីក្រុង New York លោក Shawn Slevin ចាប់​អារម្មណ៍ និង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់ ទីក្រុង Sarajevo ប្រទេស​បូស្នី ដើម្បី​ផ្ដល់​ឲ្យ Ismail និង កុមារ​ដទៃ​ទៀត នូវ​ការ​បណ្ដុះបណ្ដាល​វគ្គ​ហែលទឹក​បន្ថែម​ទៀត​ផង៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម