ទូក​ទៅ​កំពង់​នៅ! មក​ស្គាល់​កវី​និពន្ធ​អក្សរសិល្ប៍​ខ្មែរ​ល្បី​ៗ បន្សល់​ទុក​ស្នាដៃ​មក​ដល់​បច្ចុប្បន្ន ​

  • 2017-06-14 08:10:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ពាក្យ​ចាស់​តែង​និយាយ​ថា ទូក​ទៅ​កំពុង​នៅ ជាក់​ស្ដែង​មាន​បុគ្គល​ល្បីៗ​ជា​ច្រើន​រូប​របស់​កម្ពុជា បាន​ឃ្លាត​ឆ្ងាយ​ពី​លោក​នេះ​មែន តែ​ស្នាដៃ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ មិន​ទៅ​តាម​រូប​កាយ របស់​លោក​នោះ​ទេ​។ ​ខាង​ក្រោម​នេះ​ជា​កវី​និពន្ធ​អក្សរសិល្ប៍​ល្បីៗ មួយ​ចំនួន​ដែល​ Sabay បាន​ដក​ស្រង់​មក​សរសេរ​ប៉ុន្តែ​មិន​ទាំង​អស់​នោះ​ទេ ហើយ​ក៏​មិន​បាន​សរសេរ​នូវ​ប្រវត្តិ​របស់​កវី​ទាំង​នោះ​ដោយ​លម្អិត​ដែរ ដោយ​គ្រាន់​តែ​រំលេច​ឱ្យ​ដឹង​នូវ​ស្នាដៃ​របស់​លោក​ខ្លះ​ៗ​ប៉ុណ្ណោះ​។ ដូច្នេះ​សូម​ប្រិយ​មិត្ត​ទៅ​ស្គាល់​ទាំង​អស់​គ្នា៖​

១. ​កវី​ ញ៉ុក ថែម

លោក ញ៉ុក ថែម កើតនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៩០៣ នៅ ឃុំ​ស្វាយ​ប៉ា ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង ។ បិតា​លោក ឈ្មោះ ញុំ រីឯមាតា ឈ្មោះ ហៀក ជា​ជាតិខ្មែរ ហើយ​ជា​កសិករ​នៅ ភូមិ​អូតាគី ឃុំ​ជ្រៃ​ស្រុក ខេត្ត​បាត់​ដំបង​ លោក​ជា​កវី​និពន្ធ​ដ៏​ល្បីល្បាញ​មួយ​រូប​របស់​កម្ពុជា ហើយ​ស្នា​ដៃ​ដែល​លោក​បាន​បន្សល់​ទុក​រហូត​មក​ដល់​បច្ចុប្បន្ន​ដូចជា​៖

១. ពុទ្ធ​ប្បវត្តិ​សង្ខេប​

២. ​អនុ​ពុទ្ធ​ប្បវត្តិ​ ភាគ១-២

៣.​ប្រជុំ​សុភាសិត​ ភាគ១-២

៤. មហា​វេស្សន្ដរ​ជាតក​

៥. ប្រជុំពុទ្ធភាសិត ជាតិសាសនាព្រះមហាក្សត្រ

៦​. រឿង​បិសាច​ស្នេហា (ប្រលោមលោកបោះពុម្ពឆ្នាំ១៩៤២)

៧​. រឿង​កុលាប​ប៉ៃលិន​ (ប្រលោមលោកបោះពុម្ពក្នុងឆ្នាំ១៩៣៦ ឬ១៩៤៣)

៨. ​ឯក​សហរាត្រី​ (ភាគខ្លះ ប្រែ)

៩. ចូឡវេទល្លសូត្រ

១០. វិធីប្រតិបត្តិធម៌

១១. ពន្លឺអាស៊ីទ្វីប

១២. បញ្ញាសជាតកសង្ខេប ភាគ១-២។

២. កវី នូ ហាច

លោក នូ​ ហាច កើតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩១៦ នៅ​ឃុំ​កំពង់ព្រះ ស្រុកសង្កែ ខេត្ត បាត់ដំបង។ ឳពុក នាម​ឃួន នៅ និងម្តាយនាម ឳរ មួច ពួក​គាត់​ជា​កសិករ។ លោក នូ ហាច ជា​កូន​ច្បង និង​មាន​ប្អូនៗ​ច្រើន​នាក់​ទៀត ក្នុង​នោះ​មាន​ប្អូន​ស្រី​៣​នាក់​ផង​ដែរ។

លោកនូ​ ហាច ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជាពិសេស​ក្នុង​ស្នាដៃ​រឿង​មនោសញ្ចេតនា​ដែល មាន​ចំណង​ជើង​ថា​ផ្កាស្រពោន។ តែ​ជារួម​លោក​មាន​ស្នាដៃ​ផ្សេងៗ​ទៀត​ដូចជា​រឿង​ខ្លី កំណាព្យ (លោក​សរសេរ​កំណាព្យ​ជា​កាព្យ​បែប​បារាំង)។ល។ ហើយ​លោក​ជា​អ្នក​និពន្ធ ដែល​សរសេរ ឱ្យ​ទស្សនាវដ្ដី​រាត្រី​ថ្ងៃសៅរ៍ ទស្សនា​វដ្តី​នារី ទស្សនាវដ្ដី​រួម​មិត្ត។ល។ ចំណង​ជើង​អត្ថបទ​នានា​ដែល​ប្រមូល​បាន​មាន៖

១.រឿងផ្កាស្រពោន ឆ្នាំ១៩៤៩

២.រឿងមាលាដួងចិត្ត ឆ្នាំ១៩៧២

៣.រឿងត្រួយជីវិត ឆ្នាំ១៩៧៣

៤.មធុរសជាតិ សិក្សាអត្ថបទ ដកស្រង់ពីទស្សនាវដ្តីនារីលេខ១0 ទំព័រ៣៥៣ ដល់ ៣៥៦ ខែតុលា ឆ្នាំ១៩៥១

៥. រឿងខ្លី កូនក្រក ផ្សាយដោយទស្សនាវដ្តីរួមមិត្តលេខ៨ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៥៣ ទំព័រ១៥ និង១៦។

៦. ដំណើរចេញទៅប្រទេសបារាំង កាព្យបែបបារាំង ផ្សាយដោយទស្សនាវដ្តីនារី លេខ១៥ ឆ្នាំ ១៩៥២។

៧. ខ្ទីង កាព្យបែបបារាំង ផ្សាយដោយទស្សនាវដ្តីនារីលេខ ១១ ខែវិច្ឆិកា ឆ្នាំ១៩៥១ ទំព័រ៣៩៦។

៨. រឿងនារីជាទីស្នេហា ឆ្នាំ១៩៥៣

៩. លាវ័ណ្យ និង រវិន្ទ ឆ្នាំ១៩៥៣ បោះពុម្ពភាគ១ ឆ្នាំ ១៩៥៥ បោះពុម្ពភាគ២

​១០. រឿងខ្លី ល្បាតគយក្នុងគ្រាមួយនៅទន្លេសាប ដកស្រង់ពីទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍ លេខ ១0 ថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ១៩៥២ ទំព័រ២៩ ដល់៣១។

១១. ថូបែក កាព្យបែបបារាំង លោកនូ ហាចដកស្រង់ពីទស្សនាវដ្តីនារីលេខ១៣ ខែមករា ឆ្នាំ ១៩៥២ ទំព័រ១១។

៣. លោក សួន សុរិន្ទ

លោក​កើត​នៅ​ថ្ងៃ​ទី ០៩ កក្កដា ឆ្នាំ១៩៣០ នៅ​សង្កាត់​ជ្រៃ ស្រុក​សង្កែ ខេត្ត​បាត់​ដំបង។ស្នាដៃ​របស់​លោក​គឺ​រឿង​ព្រះអាទិត្យ​ថ្មី​រះ​លើ​ផែនដី​ចាស់​ដែល​បាន​ជាប់​លេខ​១​រង្វាន់​ឥន្ទ្រ​ទេវី​លើក​ទី១។

៤.ភិក្ខុសោម

កវី សោម កើត​ឆ្នាំ ១៨៥២ នៅ​ឃុំ​កំព្រៅ ស្រុក​ស៊ី​ធរ​កណ្ដាល ខេត្ត​ព្រៃវែង។

បិតា​នាម ងួន មាតា​នាម យិន ជា​កសិករ។

អាយុ ១៥ ឆ្នាំ បាន​រៀន​អក្សរ-លេខ​នព្វន្ត​នៅ​ក្នុង​ស្រុក​កំណើត ហើយ​បាន​បួស​ជា​សាមណេរ​ពីរ​វស្សា ក៏​សឹក​មក​ជួយ​ធ្វើ​ការងារ​រកស៊ី។

អាយុ ២១ ឆ្នាំ បាន​ឧបសម្បទា​ជាភិក្ខុ ក្នុង​សំណាក់​ឧបជ្ឈាយ៍​នាម រស់ មាន​នាម​បញ្ញត្តិ​ថា បទុម​ត្ថេរ និង​បាន​បន្ត​ការ​សិក្សា​នៅ​ក្នុង​ក្រុង​ភ្នំពេញ​អស់​ជា​ច្រើន​ឆ្នាំ ហើយ​វិល​ទៅ​ធ្វើ​ជា​ចៅ​អធិការ​នៅ​វត្ត​កំព្រៅ​វិញ​។

មាន​និស្ស័យ​ស្លូត​បូត ចូល​ចិត្ត​អាន​សាស្ត្រា​គម្ពីរ ស្ដាប់​ចម្រៀង ចាប៉ី រហូត​ចេះ​តែង​កាព្យ​ដ៏​ប៉ិន​ប្រសប់។

លោក​សុគត​នៅ គ.ស. ១៩៣២ ក្នុង​កំណត់​ជន្មាយុ ៨០ ឆ្នាំ។

ស្នាដៃ​ដែល​កូន​ខ្មែរ​ចាំ​មិន​ភ្លេច​គឺ រឿង​ទុំទាវ។

៥. កវី ឌឹក គាម

លោក ឌឹក គាម កើតនៅថ្ងៃទី០៥ ខែមករា ឆ្នាំ ១៩៣៦ នៅ​សង្កាត់​ឫស្សីកែវ ស្រុក​ឆ្លូង ខែត្រ​ក្រចេះ។ ស្នាដៃ​របស់​លោក​រួមមាន​៖

១. វេយ្យាករណ៍​ដោយ​រូបភាព

២.រឿង​ព្រះនាង​ឥន្ទ្រ​ទទេវី

៣.រឿង​ចៅ​ពញា​ហុក

៤. រឿង​ភូមិ​តិរិច្ឆាន និពន្ធ​ជាមួយ​កវី ឌឿក អំ ( ១៩៦៤- ១៩៦៥)

៦. រីម គីន

កវី រីម គីន កើត​នៅ​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​១៩១១ នៅ​បាក់ទូក ក្នុង​សង្កាត់​ទី៥ នៃ​ក្រុង​ភ្នំពេញ។ បិតា​មាន​តួនាទី​ចុង​ក្រោយ​មុន​ចូល​និវត្តន៍​ជា ចៅហ្វាយ​ខែត្រ​កំពង់​ស្ពឺ នាម​គីម, មាតា​នាម រសា។ នៅ​ជា​កុមារ មាន​ឈ្មោះ​ហៅ​ថា «ពន្លក»។ លោក​បាន​រៀប​ការ​ជាមួយ​កូន​ស្រី​លោក​ចៅ​ក្រម​ស្រីនាម​នាង​សិន ហៅ ស៊ីមន នៅ​ថ្ងៃ​ពុធ​ទី​១៦ ខែ​មករា ឆ្នាំ​១៩៣៥។

ស្នាដៃ​របស់​លោក​រួម​មាន​៖

១. ​រឿង​សុផាត​ (បោះពុម្ពនៅឆ្នាំ ១៩៣៨)

២. រឿង ចិត្ត​ចងចាំ (បោះពុម្ពនៅឆ្នាំ ១៩៤៨)

៣. រឿង ស្ត្រី​កំព្រា (បោះពុម្ពនៅឆ្នាំ ១៩៥១)

៤. រឿង មើល​ព្រះចន្ទ (បោះពុម្ពនៅឆ្នាំ ១៩៥២)

៥. រឿង នាង​សមាភាវី (បោះពុម្ពនៅឆ្នាំ ១៩៥២)

៦. រឿង ពល​វង្សា (បោះពុម្ពនៅឆ្នាំ ១៩៥៣)

៧. រឿង ក្លាហាន (បោះពុម្ព​នៅ​ឆ្នាំ ១៩៥៣)

៨. រឿង នាង រតន​នារី (ពាក្យកាព្យឆ្នាំ ១៩៣៨)

៩. រឿង ឈាម​រក​ឈាម(ពាក្យ​កាព្យឆ្នាំ ១៩៣៨)

១០. រឿង រៀន​មិន​ពន្យល់(ពាក្យកាព្យឆ្នាំ ១៩៣៨)

អត្ថបទ៖ វឌ្ឍនៈ