៤ ​កន្លែង​ នៅ​កម្ពុជា​ប្រៀប​ដូច​ឋានសួគ៌​លើ​ដី គួរ​តែ​ទៅ​លេង​ឱ្យ​បាន​ស្គាល់​ម្ដង

  • 2017-06-14 10:09:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា ជា​ប្រទេស​ដែល​គ្រប​ដណ្ដប់​ទៅ​ដោយ​តំបន់​ទេសចរណ៍​ជា​ច្រើន ជា​ពិសេស​តំបន់​ធម្មជាតិ ដែល​មាន​ទេសភាព​ស្អាត​ប្រៀប​ដូច​ឋានសួគ៌​លើ​ដី ដូច្នោះ​ដែរ​។ ​ថ្ងៃ​នេះ​ Sabay សូម​នាំ​អារម្មណ៍​ប្រិយ​មិត្ត​ទៅ​កម្សាន្ត​នៅ​តំបន់​ធម្មជាតិ ៤​កន្លែង ទេស​ភាព​ស្អាត​បំផុត​ប្រៀប​ដូច​រូប​គំនូរ​។ ​

១. សមុទ្រ​ឈើ​ នៅ​មណ្ឌល​គិរី

សមុទ្រ​ឈើ​ ដែល​ស្ថិត​នៅ​ភូមិ​ឡៅកា ​ឃុំ​សុខដុម​ ​ក្រុង​សែន​មនោរម្យ​ ​​ខេត្ត​មណ្ឌល​គិរី​ ​ជា​កន្លែង​​ដែល​​មាន​​ទេសភាព​​ស្រស់​ត្រកាល​ ​ដោយ​​អាច​មើល​ព្រៃ​ឈើ​​​​​​ដ៏​ក្រាស់​ឃ្មឹក​ ដាច់​កន្ទុយ​ភ្នែក​​ជាប់​ជើង​មេឃប្រៀប​ដូច​ជា​សមុទ្រ។

លោក​ ដួង​ វេហា ​​មគ្គទេសក៍​ទេសចរណ៍​​ខេត្ត​មណ្ឌលគិរី​ ​បាន​​ប្រាប់​ក្រុម​ការងារ «ផ្លូវ​ទៅ​ស្រុក» ថា៖ "សមុទ្រ​ឈើ​ វា​មិន​មែន​គ្រប​ដណ្ដប់​ដោយ​ទឹក​ទេ គឺ​វា​​ពោរពេញ​ដោយ​ដើម​ឈើ។ មូលហេតុ​ ដែល​​គេ​ហៅ​ថា សមុទ្រ​ឈើ​ ព្រោះ​​ពេល​យើង​ឈរ​លើ​កូន​ភ្នំ​នេះ​ ​គឺ​អាច​មើល​ឃើញ​ព្រៃ​ឈើ​លាត​សន្ធឹង​​ជាប់​ជើង​មេឃ​ដាច់​កន្ទុយ​ភ្នែក ប្រៀប​ដូច​ទឹក​សមុទ្រ​ ​ហើយ​ឃើញ​​ភ្នំ​តូច​ធំ ​​​ប្រៀប​ដូច​ជា​កោះ​យ៉ាង​ដូច្នោះ​ដែរ”។

សមុទ្រ​ឈើ​ ​ស្ថិត​នៅ​​ខាង​ជើង​ឆៀង​ខាង​លិច​​ក្រុង​សែន​មនោរម្យ​ និង​នៅ​ជិត​ភ្នំ​ដោះ​ក្រមុំ។ ​​ភ្ញៀវ​ទេសចរ​ទៅ​លេង​នៅ​មណ្ឌល​គិរី​ មិន​សូវ​រំលង​​តំបន់​នេះ​ទេ ​ព្រោះ​​វា​ពិត​ជា​មាន​ទេសភាព​ស្រស់​ស្អាត​ណាស់ ​​ជា​ពិសេស​គឺ​ពេល​ថ្ងៃ​រះ និង​ថ្ងៃ​​​​លិច។ ​ជាមួយ​នឹង​អាកាស​ធាតុ​​ត្រជាក់ដ៏​​រ៉ូមែនតិក វា​ក៏​ជា​ទី​កន្លែង​​​អំណោយ​ទាន​សម្រាប់​គូ​ស្នេហ៍​​ក្នុង​ការ​សាសង​ ឬ​លក្ខណៈ​គ្រួសារ​ក៏​ទទួល​បាន​អារម្មណ៍​រីករាយ​ប្លែក​​ផង​ដែរ។

២. តាតៃ​នៅ​កោះកុង

ទឹក​​ជ្រោះ​តាតៃ កោះ​អណ្ដែត កោះ​សា​ឡៅ តំបន់​ព្រះ​អាទិត្យ​​រៀប​លិច ព្រៃ​កោង​កាង ការ​ដើរ​កម្សាន្ត​ព្រៃ​ជា​ដើម គឺ​ជា​សក្ដានុពល​ដែល​មាន​នៅ​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​​​តាតៃ ដែល​ស្ថិត​ក្នុង​ទឹក​ដី ខេត្ត​កោះកុង ​ជា​ខេត្ត​​មាន​សក្ដានុពល​ទេសចរណ៍​ធម្មជាតិ​មួយ​របស់​កម្ពុជា។

  ប្រសិន​បើ​ធ្វើ​ដំណើរ​ពី​ភ្នំ​ពេញ​​ត្រូវ​ឆ្លង​កាត់​ផ្លូវ ២៧០គីឡូម៉ែត្រ នោះ​​លោក​អ្នក​នឹង​ទៅ​ដល់​តំបន់​ទេសចរណ៍ តាតៃ ហើយ​ប្រសិន​បើ​ធ្វើ​ដំណើរ​ពី​ទី​រួម​ខេត្ត កោះ​កុង​វិញ​នោះ មាន​ចម្ងាយ​ប្រហែល​១៨គីឡូម៉ត្រ។

  ៣. ទំនប់​ប្រទាក់​ក្រឡា​នៅ​កំពត​

រមណីយដ្ឋាន​មួយ​នេះ​ស្ថិត​ក្នុង​ ឃុំ កូនសត្វ ស្រុក ទឹកឈូ ខេត្ត កំពត ចម្ងាយ​ប្រមាណ​៤គីឡូម៉ែត​ភាគ​ខាង​កើត សាលា​ស្រុក ទឹក​ឈូ។ ភ្ញៀវ​ទេសចរណ៍​ដែល​ចង់​មក​ទស្សនា​រមណីយដ្ឋាន​នេះ ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លំ​បត់ចុះ​ពី​​ផ្លូវ​ជាតិ​លេខ​ ៣៣ ត្រង់​សាលា​ស្រុក​ទឹកឈូ។

ក្រៅ​ពី​មុជទឹក​លេង និង គយគន់​​ចម្ការ​អ្នក​ស្រុក ភ្ញៀវ​ទេសចរណ៍​ដែល​​មក​ទស្សនា​រមណីយដ្ឋាន​នេះ​អាច​ស្រូប​យក​​ខ្យល់​អាកាស​បរិសុទ្ធ លាយលំនឹង​សម្រស់​​ព្រៃ​ភ្នំ​ជា​ច្រើន។ និយាយ​អំពី​សណ្ឋាន​ភូមិសាស្ត្រ​ គឺ​ទី​នេះ​ប្រៀប​បាន​ទៅ​នឹង​ខ្ទះត្នោត​​ធំ​មួយ​នា​កណ្ដាល​​​ព្រៃភ្នំ។

  វា​មិន​ឆ្ងាយ​ពី​ភូមិ​អ្នក​ស្រុក​ឡើយ ហើយ​​នៅ​ទី​នេះ​មាន​ខ្ទុះ​​លក់​អាហារ ជា​ច្រើន​កន្លែង​ ដែល​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​រមណីយដ្ឋាន​នេះ មិន​ខ្វះ​អាហារ​ហូប​ចុក​នោះទេ។

 

ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" បាន​ទៅ​ផ្ដិត​រូប​នៅ​ទី​នេះ​ពេល​មេឃ​ជិត​ភ្លៀង​ទៅ​ហើយ​ដូច​នេះ មិន​បាន​ចាប់​​បាន​គ្រប់​ជ្រុងជ្រោយ​នៅ​​អ្វី​ដែល​ទំនប់​ប្រទាក់​ក្រឡា​ មាន​នោះ​ឡើយ។

៤. ដង​ព្រៃ​លិច​ទឹក​នៅ​ស្ទឹង​ត្រែង

ព្រៃ​លិច​ទឹក​នៅ​តាម​ដៃ​ទន្លេ​មេគង្គ​ជា​កន្លែង​កម្សាន្ត​ដ៏​កម្រ​មួយ​នៅ​ប្រទេស​កម្ពុជា​ដែល​មនុស្ស​គ្រប់​គ្នា​ប្រាថ្នា​ចង់​ឃើញ។ ព្រៃ​លិច​ទឹក​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ រុំាសា​ (​តំបន់​អភិរក្ស​លិច​ទឹក​)​​មាន​ចម្ងាយ​រាប់​គីឡូម៉ែត្រ​តាម​ដង​ទន្លេ​មេគង្គ​ ​នៅ​ឃុំ​អូរស្វាយ​ ស្រុក​ថាឡាបូរិវ៉ាត​ ខេត្ត​ស្ទឹងត្រែង។

តំបន់​នេះ​គឺជា​ផ្នែក​មួយ​ នៃ​រាជធានី​អាណាចក្រ​ខ្មែរ​សម័យ​បុរាណ ​ និង​រាប់​បញ្ចូល​ ទាំង​រុំាសា ​(តំបន់​អភិរក្ស​ លិចទឹក) ដែល​មាន​សត្វ​ផ្សោត​តាម​ដង​​ទន្លេ​មេគង្គ​ សត្វ​បក្សា​បក្សី​ សត្វព្រៃ​ ជា​ច្រើន​​ទៀត។​ វា​ប្រៀប​​​បាន​​នឹង​​ត្បូងពេជ្រ​ដ៏​មាន​តម្លៃ​  ដែល​បាន​ផុស​ឡើង​​ពី​ទឹក​តាម​បណ្តោយ​ទន្លេ​មេគង្គ​។ ​វា​បាន​ផ្តល់​នូវ​សម្បត្តិ​ព្រៃឈើ​ដ៏​ ប្រសើរ​ ដែល​ជា​ជម្រ​ដ៏​ប្រសើរ​សម្រាប់​សត្វព្រៃ។​ ជា​ពិសេស ​ហ្វូង​បក្សា​បក្សី ​និង​ជា​ជម្រ​កត្រី​ដ៏​ប្រសើរ​ក្នុង​រដូវ​វស្សា។

នៅ​រដូវ​ប្រាំង​ ពេល​ទឹក​ស្រក​ ទីនេះ​បាន​រំលេច​ឲ្យ​ឃើញ​នូវ​ឆ្នេខ្សាច់​ពណ៌ស​ដ៏​ស្រស់​ស្អាត​ ដែល​លាតសន្ធឹង​ តាម​បណ្តោយ​ដងទន្លេ​ គួរ​ឲ្យ​ចង់​ដើរ​លេង​កម្សាន្ត​​ ហើយ​ក៏​មាន​ព្រែក​ជាច្រើន​ ដោយ​មាន ព្រែក​ខ្លះ​មាន​ទឹក​ហូរ​លឿន​។ នៅ​តាម​បណ្តោយ​ទន្លេ​មេគង្គ​  ក្នុង​ឃុំ​ស្វាយ​ តំបន់​អភិរក្ស​ដីល្បាប់​រុំសា ​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ ជា​ពិសេស​តំបន់​ត្រីពង​ ដែល​ជា​​ទីក​ន្លែង​ផ្តល់​នូវ​ការ​បង្ក​កំណើត​ដល់​ត្រី​រាប់​លាន​ក្បាល សត្វ​បក្សា​ បក្សី​ និង​សត្វ​ព្រៃ​ដ៏​ទៃ​ទៀត ​ព្រម​ទាំង​មាន​ដើម​ឈើ​ជា​ច្រើន​ប្រភេទ​  ផ្តល់​ឲ្យ​តំបន់​នេះ​ក្លាយ​ជា ​តំបន់​អេកូឡូស៊ី​ដ៏​ធំ​មួយ។ ឃុំ​អូរស្វាយ ​មាន​ចម្ងាយ​​៥៧​គីឡូម៉ែត្រ​ ពី​ផ្លូវជាតិ​លេខ​៧ ​និង​អាច​ធ្វើ​ដំណើរ​តាម​ទន្លេ​មេគង្គ​ដែល​ហូរ​ឆ្ពោះ​ទៅ ​ទិសពាយព្យ​នៃ​ក្រុង​ស្ទឹងត្រែង៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី