ក្រុម​ជើង​ឯក​ក្រចេះ​ ណាត់​​ជួប​ក្រុម​ជើង​ឯក​រតនគីរី​ មិត្តភាព​អាទិត្យ​នេះ​

  • 2017-06-16 07:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​គោល​ដៅ​បំផុស​វិស័យ​កីឡា​ក្នុង​ខេត្ត​រៀង​ៗ​ខ្លួន​ និង​ពង្រឹង​គុណ​ភាព​បាល់​ទាត់​នៅ​ភូមិ​ភាគ​ឦសាន​ក្រុម​បាល់ទាត់​ ASEAN FC​ ជើង​ឯក​ប្រចាំ​ខេត្ត​រតនគីរី​ និង​ Kratie​ FC​ ជើង​ឯក​ប្រចាំ​ខេត្ត​ក្រចេះ​ បាន​ព្រម​គ្នា​​ពាក់​មុខ​យក្ស​មិត្តភាព​​នៅ​ទឹក​ដី​ខេត្ត​ក្រចេះ។

ក្រុម​ខេត្ត​ក្រចេះ

នេះ​ជា​ការ​ប្រកួត​ជើង​២​​ដែល​ក្រុម​ជើង​ខ្លាំង​ទាំង​ពីរ​ជួប​គ្នា​ ខណៈ​​ការ​ប្រកួត​កាល​ពី​​លើក​ទី​១​នៅ​ទឹក​ដី​ខេត្ត​ រតនគីរី​ ក្រុម​ម្ចាស់​ផ្ទះ​បាន​ត្រឹម​ស្មើ​ជា​មួយ​ក្រុម​ភ្ញៀវ​តែ​ប៉ុណ្ណោះ។ យុវជន​ ខាន់​ ទី​ អ្នក​នាំ​លេង​ របស់​ក្រុម​បាល់ទាត់​ Kratie FC​ បាន​​និយាយ​ថា​ ​មែន​ទែន​ទៅ​ ក្រុម​ ASEAN​ ជា​ក្រុម​ខ្លាំង​ ដូច​ច្នេះ​​រូប​គេ​ និង​មិត្ត​រួម​ក្រុម​ត្រូវ​ប្រឹង​ប្រែង​ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​។

ជា​មួយ​គ្នា​នេះ​ ថ្នាក់​ដឹក​នាំ​ក្រុម​បាល់ទាត់​ Kratie​ FC​ និង​កីឡាករ​ទាំង​អស់​សូម​សំណូម​ពរ​ដល់​អ្នក​ស្រលាញ់​កីឡា​ក្នុង​ខេត្ត​ និង​យុវជន​ដែល​តែង​គាំទ្រ​បាល់ទាត់​ សូម​ចូល​ទស្សនា​ឲ្យ​បាន​ច្រើន​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ការ​ប្រកួត​នេះ​ ព្រោះ​កាល​ទៅ​លេង​នៅ​រតនគីរី​អ្នក​គាំទ្រ​​ចូល​រួម​ទស្សនា​ច្រើន​។

ដោយ​ឡែក​លោក​ យាន​ សិយាង​ ប្រធាន​ក្រុម​បាល់ទាត់​ ASEAN​ FC​ ថា​ ការ​ប្រកួត​នេះ​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​ចូល​រួម​ចំណែក​ពង្រឹង​គុណភាព​បាល់ទាត់​ក្នុង​ខេត្ត​លោក​ ជា​ពិសេស​រឹត​ចំណង​សាមគ្គីភាព​រវាង​ខេត្ត​ទាំង​ពីរ។ លោក​មាន​បំណង​ណាត់​​ក្រុម​ជើង​ឯក​តាម​ខេត្ត​ក្នុង​តំបន់​រួម​មាន​ ខេត្ត​រតនគីរី​ ស្ទឹងត្រែង​ ក្រចេះ​ មណ្ឌលគីរី​ និង​ត្បូង​ឃ្មុំ​(មេមត់)​ ដើម្បី​ប្រកួត​មិត្តភាព​វិល​ជុំ​ដើម្បី​បំផុស​ចលនា​វិស័យ​កីឡា​បាល់ទាត់​នៅ​តំបន់​ភូមិ​ភាគ​ឦសាន​ឲ្យ​មាន​ការ​រីក​ចំរើន។ ទោះ​បី​ជា​យ៉ាង​ណា​លោក​ពុំ​ដឹង​ថា​អាច​ដំណើរ​ការ​បាន​ ឬ​យ៉ាង​ណា​នោះ​ទេ​ ​ពី​ព្រោះ​មិន​ទាន់​មាន​លទ្ធភាព​និង​ការ​ឧបត្ថម្ភ​រៀប​ចំ។ គំនិត​នេះ​គឺ​មាន​ការ​គាំទ្រ​ផង​ដែរ​ពី​ក្រុម​ជើង​ឯក​ខេត្ត​ស្ទឹងត្រែង​ ( ECHO FC) និង​ ក្រុម​ NADIN​ FC ស្រុក​មេមត់។

ក្រុម​ជើងេករតនគីរី

ការ​ប្រកួត​មិត្តភាព​ឆ្លង​ខេត្ត​រវាង​ក្រុម​ទាំង​ពីរ​នេះ​នឹង​ប្រព្រឹត្ត​នៅ​ទី​លាន​ខេត្ត​ក្រចេះ​ វេលា​ម៉ោង​​៣​រសៀល៕

អ្នក​គាំទ្រ​ខេត្ត​រតនគីរី
អ្នក​គាំទ្រ​ខេត្ត​ក្រចេះ

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម