៥ យ៉ាង​​ CEO ​វ័យ​ក្មេង​ឱ្យ​តម្លៃ​បំផុត ដើម្បី​​ក្លាយ​ជា​មនុស្ស​ជោគជ័យ​មុន​អាយុ ៣០​ឆ្នាំ ​​

  • 2017-06-15 09:28:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើ​លោក​នេះ​គ្មាន​នរណា​ម្នាក់ ដែល​មិន​ចង់​ក្លាយ​ជា​មនុស្ស​ជោគជ័យ​ទាំង​វ័យ​ក្មេង​នោះ​ទេ ក៏​ប៉ុន្តែ​មិន​មែន​ជារឿង​ងាយ​ស្រួល ដែល​មនុស្ស​គ្រប់​គ្នា​អាច​ធ្វើ​បាន​ដែរ​។ ​ដើម្បី​ក្លាយ​ជា​មនុស្ស​ជោគជ័យ​មុន​អាយុ​ ៣០​ឆ្នាំ​ តើ​ទាមទារ​ឱ្យ​រៀបចំ​ខ្លួន និង​មាន​គន្លឹះ​អ្វី​ខ្លះ? ​ខាង​ក្រោម​នេះ ជា​ការ​ចែក​រំលែក​ពី​សហគ្រិន​វ័យ​ក្មេង សេង ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន អនុស្សា​រៀប​ចំ​ពិព័រណ៍​ ជុំ​វិញ​បញ្ហា​នេះ​។

១​. សប្បាយ​ចិត្ត​នឹង​ធ្វើ​អ្វី​មួយ​រយៈពេល​វែង

លោក​ សេង ពិសិដ្ឋ ​លើក​ឡើង​ថា របស់​ដែល​លោក​ឱ្យ​តម្លៃ​បំផុត គឺ​ធ្វើ​អ្វី​មួយ​ដែល​សប្បាយ​ចិត្ត​នឹង​ធ្វើ​ក្នុង​រយៈ​ពេល​វែង​ មាន​ន័យ​ថា ធ្វើ​រឿង​អ្វី​ក៏​ដោយ​មិន​មែន ធ្វើ​តែ​មួយ​ឆាវ​ទេ ​ត្រូវ​ព្យាយាម​អត់ធ្មត់​ធ្វើ​រឿង​នោះ​ឱ្យ​ដល់​គោលដៅ​។ ​នាយក​ប្រតិបត្តិ​វ័យ​ក្មេង​រូប​នេះ​និយាយ​ថា៖ "មនុស្ស​ឆ្លាត​មាន​ច្រើន ​តែ​មនុស្ស​ដើរ​ទៅ​ដល់​គោលដៅ មាន​តិច​ ​ភាព​អត់ធ្មត់​ព្យាយាម​រយៈពេល​វែង ​ជា​រឿង​ងាយ​ស្រួល​តែ​មនុស្ស​​ភាគ​ច្រើន​មើល​រំលង។"

២. ​ជំនាញ​ច្បាស់​លាស់​និង​ភាព​ជឿជាក់​លើ​ខ្លួន​ឯង

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អនុស្សា​រៀបចំ​ពិព័រណ៍ បាន​និយាយ​ថា ជំនាញ​ច្បាស់​លាស់​នេះ មិន​សំដៅ ទៅ​លើ​​កម្រិត​សញ្ញាបត្រ ​បរិញ្ញាបត្រ​ ​អនុបណ្ឌិត​នោះ​ទេ ​តែ​សំខាន់​ថា​តើ​ចេះ​អ្វី​ឱ្យ​ប្រាកដ ​​ហើយ​ជឿជាក់​ថា អាច​ធ្វើ​រឿង​មួយ​ដ៏​ល្អ ធ្វើ​បាន​ដោយ​ឥត​ខ្ចោះ គួរ​តែ​សាក​ល្បង​។ ​បន្ថែម​លើ​ពី​នេះ​ត្រូវ​បង្កើត​ភាព​ជឿជាក់​លើ​ខ្លួន​ឯង បូក​ផ្សំ​ជាមួយ​ជំនាញ ប្រសិន​បើ​មាន​តែ​ជំនាញ តែ​ខ្វះ​ភាព​ជឿជាក់​ក៏​មិន​បាន​ដែរ​។ មាន​ទាំង​ពីរ​យ៉ាង​នេះ​ទើប​អាច​ជំរុញ​ឱ្យ​មនុស្ស​ម្នាក់​ដើរ​ទៅ​ដល់​គោល​ដៅ​នោះ​បាន​។

៣. រក្សា​ Personal Branding

មក​ដល់​ចំណុច​នេះ​ លោក​ សេង ពិសិដ្ឋ ប្រាប់​ថា ធ្វើ​ជា​មនុស្ស​ម្នាក់​សំខាន់​បំផុត​ត្រូវ​ធ្វើ​ខ្លួន​ឯង ឱ្យមាន​កេរ្តិ៍​ឈ្មោះ​ល្អ រក្សា​នូវ​តម្លៃ​របស់​ខ្លួន មិន​ថា​នៅ​ទី​ណា កន្លែង​ណា​នោះ​ទេ ដាច់​ខាត​កុំ​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​របស់​ខ្លួន​។ លោក​បន្ថែម​ទៀត​ថា កុំ​ព្យាយាម​និយាយ​ហើយ​មិន​ធ្វើ ត្រូវ​ធ្វើ​ជា​មនុស្ស​ដែល​គេ​គ្រប់​គ្នា ជឿជាក់ ដែល​គេ​ឱ្យ​តម្លៃ ​កុំ​គិត​តែ​ពី​ខ្លួន​ឯង ធ្វើ​អ្វី​ក៏​ដោយ​ត្រូវ​ប្រាកដ​ថា ​មិន​ប៉ះពាល់​ដល់​អ្នក​ដទៃ។ បើ​សិន​ជា​អាច​ធ្វើ​ចំណុច​នេះ​បាន​ នោះ​នឹង​ក្លាយ​ជា​មនុស្ស​ជោគជ័យ ជា​មនុស្ស​ដែល​គេ​ត្រូវ​ការ​បំផុត​ទោះ​ទៅ​កន្លែង​ណា​ក៏​ដោយ​។

ទស្សនាក្នុងកិច្ចសម្ភាសន៍ពិសេស៖

៤. ខិត​ខំ​សន្សំ

សហគ្រិន​រូប​សង្ហារ​នេះ បាន​បន្ត​ទៀត​ថា មនុស្ស​មួយ​ចំនួន​មាន​ប្រាក់​ខែ​តិច​តួច ចូលចិត្ត​បង្អួត​គ្នា​រឿង​ទូរសព្ទ​ទំនើប ឡាន​ ម៉ូតូ ជាង​អ្នក​ដែល​គេ​មាន​មែនទែន​ទៅ​ទៀត​។ ដូច្នេះ​មិន​គួរ​ធ្វើ​បែប​នេះ​ទេ​គួរ​តែ​រៀន​សន្សំ​ទើប​ជា​ការ​ប្រសើរ ដើម្បី​មាន​ដើម​ទុន​រកស៊ី​នៅ​ពេល​មាន​ឱកាស​ល្អ​ណា​មួយ បាន​មក​ដល់​។ លោក​ សេង ពិសិដ្ឋ បន្ត​ទៀត​ថា ​មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត ​បង្ហាញ​ បង្អួត​គ្នា គ្នា​រឿង​សម្ភារៈ​និយម​ តែ​ នៅ​ពេល​ដែល​ចង់​ធ្វើ​អ្វី​មួយ​គឺ​គ្មាន​លុយ គ្មាន​ដើម​ទុន​ ហេតុ​នេះ​ហើយ​ការ​សន្សំ​ គឺ​ជា​រឿង​ដ៏​ល្អ​បំផុត​។

៥. ​ជា​មនុស្ស​ដែល​មាន​សីលធម៌ ​គុណធម៌​ក្នុង​ខ្លួន

ចំណុច​ចុង​ក្រោយ លោក សេង ពិសិដ្ឋ លើក​ឡើង​ថា ត្រូវ​ធ្វើ​ជា​មនុស្ស​ដែល​អាច​ទុក​ចិត្ត​បាន ធ្វើ​ជា​មនុស្ស​ល្អ បើ​ធ្វើ​បែប​នេះ​បាន​នោះ​ទើប​ក្លាយ​ជា​មនុស្ស​ជោគជ័យ​ក្នុង​រយៈ​ពេល​វែង​។ លោក​និយាយ​ថា៖ "​រឿង សីលធម៌ គុណ​ធម៌​ នេះ​ធ្វើ​ឱ្យ​យើង​ខុស​ប្លែក​ពី​មនុស្ស​ដទៃ ត្រូវ​ធ្វើ​ឱ្យ​មនុស្ស​សំខាន់​នៅ​ជុំវិញ​ខ្លួន​ ជឿជាក់​ថា​យើង​ជា​មនុស្ស​ដែល​មិន​មែន​ចេះ​តែ​និយាយ​ តែ​មិន​ធ្វើ​នោះ​ទេ​៕"​

អត្ថបទ៖ វឌ្ឍនៈ