មិន​ធម្មតា សូរ្យ អេនណា នាំ​ម៉ូដែល​១ក្រុម​ទៅ​ដណ្ដើម​​ពាន​នៅ​កូរ៉េ ខណៈ​ពាន​បាន​១​រួច​ស្រេច​ហើយ

  • 2017-06-16 04:30:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​ម៉ូដែល "តារា​រះ​ថ្មី​កម្ពុជា" កញ្ញា សូរ្យ អេនណា បាន​នាំ តារា​មួយ​ក្រុម ទៅ​​ប្រលង​កម្មវិធី​មួយ​នៅ​ប្រទេស​កូរ៉េ កម្មវិធី​មួយ​នេះ​ទើប​ចាប់​ផ្ដើម​សោះ កម្ពុជា​ដឹង​ដំណឹង​ទទួល​បាន​ពាន​១ទៅ​ហើយ។

ការ​ប្រកួត​នោះ​​មាន​ឈ្មោះ​ថា "Asia Model Festival 2017 ​" ដែល​ធ្វើ​ឡើង​​នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ ចាប់​ពី​ថ្ងៃ​ទី១៤ ដល់ ថ្ងៃទី២៥​ខែ មិថុនា ឆ្នាំ ២០១៧ ដោយ​នៅ​ក្នុង​នោះ មាន​ប្រទេស​ចំនួន​២៧ នៅ​ទ្វីប​អាស៊ី​បាន​ចូល​រួម។

សូរ្យ អេនណា បាន​​ប្រាប់​ថា "Asia Model Festival 2017” គឺ​ជា​កម្មវិធី​​ប្រកួត​ការ​ដើរ​បង្ហាញ​ម៉ូដ អន្តរជាតិ​ល្បី​ឈ្មោះ​មួយ ហើយ​នេះ​គឺ​ជា​ឆ្នាំ​ទី១២​ហើយ ដែល​កម្មវិធី​បាន​ប្រារព្ធ​ឡើង។ "នេះ​ជា​ឆ្នាំ​ទី១២​ហើយ​ដែល​គេ​ធ្វើ កម្ពុជា​យើង​ធ្លាប់​ទី​៤ឆ្នាំ​ជាប់​គ្នា​ហើយ​តែ agency ​ផ្សេងៗ សម្រាប់​ក្រុម​​​ខ្ញុំ ទើប​ឆ្នាំ​ទី១​ទេ​ដែល​បាន​​​ទៅ​កម្មវិធី​នេះ"សូ អេណា ថ្លែង​បញ្ជាក់។

មូលហេតុ​ដែល​នាំ​ឲ្យ​ក្រុម​ម៉ូដែល "តារា​រះ​ថ្មី​កម្ពុជា" ​ដែល​​ទើប​បង្កើត​មិន​បាន​១ឆ្នាំ​ស្រួលបួល​ផង មាន​ឱកាស​បាន​ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​បែប​នេះ ត្រូវ​បាន​ អេណា បញ្ជាក់​ប្រាប់​ថា ក៏​ព្រោះ​តែ​ កន្លង​មក នាង​ធ្លាប់​ចេញ​ទៅ​ប្រកួត​ក្រៅ​ប្រទេស​ច្រើន​លើក​មក​ហើយ ដូច​នេះ ​agency ស្គាល់​នាង​ទុកចិត្ត ទើប​ឲ្យ​នាង​រៀបចំ​តារា​ទៅ​ចូល​រួម​ប្រកួត​​កម្មវិធី​ខាង​លើ​ ដោយ​មាន​ការ​ជ្រើស​រើស​​ត្រឹម​ត្រូវ។

តារា​ស្រី​សម្បុរ​ស្រអែម បាន​បន្ត​ឲ្យ​ដឹង​ថា តារា​ម៉ូដែល​​កម្ពុជា​ទៅ​ចូល​រួម"Asia Model Festival 2017" មាន​៣រូប​ក្នុង​នោះ​មាន​ស្រី​២រូប និង​ប្រុស​១រូប គឺ លោក ដូ រីកូ កញ្ញា ផល សុផានីកា នឹង កញ្ញា នាង វណ្ឌី។ ចំពោះ សូរ្យ អេនណា នាង​មាន​លក្ខណៈ​ពិសេស​ជាង​តារា​ទាំង៣​​ខាង​លើ ដោយ​អ្នក​រៀបចំ​បាន​​សម្រេច​ប្រគល់​ពាន​​ឲ្យ​​ដោយ​មិន​បាច់​ចូល​រួម​ប្រកួត ព្រោះ​អី​កម្មវិធី​នោះ គេ​មាន​ពាន​កិត្តិយស​១​សម្រាប់​ប្រទេស​ទាំង​២៧​ដែល​បាន​ចូល​រួម ។

រូបភាព៖ផ្ដល់​ដោយ អេណា

ត្រង់​នេះ នាង​បញ្ជាក់​ថា​ប្រទេស​ទាំង​២៧​នោះ ​ទទួល​បាន​ពាន់​​ម្នាក់​១​ដោយ​​ស្វ័យប្រវត្តិ ដោយ​គ្រាន់​តែ​ចូល​រួម​ប្រកួត។ កម្មវិធី​ទទួល​ពាន​ធ្វើ​នៅ​ថ្ងៃ​២៤ ខែ មិថុនា ឆ្នាំ ២០១៧​នេះ ហើយ​ពួក​គេ គ្រោង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ២៥ ខែ មិថុនា ឆ្នាំ ២០១៧៕

អត្ថបទ៖ ស៊ុនហួត