ភព "បំផុត" ទាំង ៧ ដែលអ្នកវិទ្យាសាស្ត្រប្រទះឃើញកន្លងមក
- 2017-06-16 06:33:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភព "បំផុត" ទាំង ៧ ដែលអ្នកវិទ្យាសាស្ត្រប្រទះឃើញកន្លងមក
ចន្លោះមិនឃើញ
ដោយសារតែការប្រមាញ់រកភពក្រៅប្រព័ន្ធព្រះអាទិត្យចេះតែបន្ត ហេតុធ្វើឲ្យអ្នកវិទ្យាសាស្ត្រប្រទះឃើញភព "បំផុត" ចំនួន ៧ ដូចខាងក្រោមនេះ៖
ភពក្ដៅជាងគេបំផុត
កម្ដៅក្ដៅរបស់ភពនីមួយៗគឺអាស្រ័យថាភពមានចម្ងាយជិតនឹងផ្កាយមេរបស់វាប៉ុណ្ណា ហើយផ្កាយមេដុតកម្ដៅក្ដៅប៉ុណ្ណា។ នៅក្នុងប្រព័ន្ធព្រះអាទិត្យ ភពពុធជាភពដែលនៅជិតព្រះអាទិត្យជាងគេ ដោយមានគម្លាតពីគ្នាប្រមាណ ៥៧ ៩១០ ០០០ គ.ម។ សីតុណ្ហភាពនៃភពពុធលើផ្ទៃដែលព្រះអាទិត្យចាំងចំមានរហូតដល់ប្រមាណ ៤៣០ អង្សាសេ ស្របពេលដែលព្រះអាទិត្យផ្ទាល់មានកម្ដៅផ្ទៃខាងក្រៅ ៥ ៥០០ អង្សាសេ។
ប៉ុន្តែផ្កាយដែលមានទំហំធំជាងព្រះអាទិត្យអាចដុតកម្ដៅបានក្ដៅជាងនេះ។ ផ្កាយ HD 195689 ឬ ឈ្មោះថា KELT-9 មានទំហំធំជាងព្រះអាទិត្យ ២,៥ ដង និង មានផ្ទៃខាងក្រៅកម្ដៅដល់ជិត ១០ ០០០ អង្សាសេ។ KELT-9b ដែលជាភពនៃផ្កាយនេះស្ថិតនៅជិតនឹងផ្កាយនេះ ជាងចម្ងាយភពពុធ និង ព្រះអាទិត្យទៅទៀត។ ត្បិតថាគេមិនអាចដឹងច្បាស់ពីចម្ងាយរវាង KELT-9 b និង KELT-9 ប៉ុន្តែវាចំណាយពេលត្រឹម ១,៥ ថ្ងៃប៉ុណ្ណោះដើម្បីរង្វិលជុំផ្កាយមេរបស់វា (ភពពុធប្រើពេល ៨៨ ថ្ងៃ)។ តាមរយៈតួលេខនេះគេអាចកំណត់បានថា KELT-9b មានកម្ដៅដល់ទៅ ៤ ៣០០ អង្សាសេ ស្ទើរតែស្មើកម្ដៅព្រះអាទិត្យទៅហើយ។
ភពត្រជាក់ជាងគេ
ដោយសារតែមានសីតុណ្ហភាពដល់ -២២៣ អង្សាសេធ្វើឲ្យភព OGLE-2005-BLG-390Lb ជាប់ជាភពត្រជាក់ជាងគេ។ ត្បិតថាភពនេះមានចម្ងាយមិនឆ្ងាយពីផ្កាយមេរបស់ខ្លួនប៉ុន្មាន ប៉ុន្តែដោយសារតែផ្កាយមេមានទំហំតូច ទើបមិនអាចបញ្ចេញកម្ដៅបានក្ដៅដូចផ្កាយមេដទៃ។
ភពធំជាងគេ
ភព DENIS-P J082303.1-491201 b ជាភពមានទំហំធំជាងគេក្នុងប្រវត្តិសាស្ត្រនៃរបកគំហើញរបស់អង្គការណាសា ដោយភពនេះមានទំហំធំជាងភពព្រហស្បតិ៍ដែលជាភពធំជាងគេក្នុងប្រព័ន្ធព្រះអាទិត្យដល់ទៅ ២៨,៥ ដង។
ភពតូចជាងគេ
ភពដែលមានទំហំតូចជាងគេក្នុងចំណោមភពដែលគេប្រទះឃើញកន្លងមកគឺ Kepler-37b ដោយវាមានទំហំធំជាងព្រះចន្ទតែបន្តិចប៉ុណ្ណោះ និង តូចជាងភពពុធ។
ភពចាស់ជាងគេ
ភព PSR B1620-26 b មានអាយុកាល ១២,៧ ពាន់លានឆ្នាំ គឺជាភពចាស់ជាងគេក្នុងចំណោមភពដែលគេបានស្គាល់។ ភពនេះមានទំហំធំជាងភពព្រហស្បតិ៍ ២,៥ ដង ដោយអាយុកាលរបស់វាក្មេងជាងចក្រវាលតែ ១ ពាន់លានឆ្នាំប៉ុណ្ណោះ (ចក្រវាលមានអាយុកាល ១៣,៨ ពាន់លានឆ្នាំ)។
ភពក្មេងជាងគេ
ប្រព័ន្ធភពព្រះគ្រោះ V830 Tauri មានអាយុកាលតែ ២ លានឆ្នាំប៉ុណ្ណោះ ដោយវាទំនងជាកំពុងបន្តលូតលាស់ទៅមុខទៀត ហេតុនេះធ្វើឲ្យវាជាទីតាំងមួយដែលមិនមានសុវត្ថិភាព។
ភពមានអាកាសធាតុអាក្រក់ជាងគេ
ដោយសារតែភពនៅក្រៅប្រព័ន្ធព្រះអាទិត្យមានចម្ងាយឆ្ងាយ ហេតុនេះគេមិនអាចសិក្សាច្បាស់ពីអាកាសធាតុលើភពទាំងនោះបានច្បាស់នោះទេ។ ដូចនេះយើងត្រូវត្រឡប់មកមើលភពក្នុងប្រព័ន្ធអាទិត្យវិញ។
ភពដែលមានអាកាសធាតុអាក្រក់ជាងគេក្នុងប្រព័ន្ធព្រះអាទិត្យគឺភពសុក្រ ដែលភពនេះមានព័ទ្ធជុំវិញដោយពពកដែលមានផ្ទុកដោយសារធាតុអាស៊ីតស៊ុលផួរិច។ ចំណែកបរិយាកាសវិញដើរលឿនជាងភពនេះបង្វិលទៅទៀត ដោយមានខ្យល់បក់ល្បឿនដូចខ្យល់ព្យុះ ៣៦០ គ.ម/ម៉។ មិនតែប៉ុណ្ណេះបរិយាកាសនៃភពនេះក្រាស់ជាងបរិយាកាសភពផែនដីជិត ១០០ ដង ហើយមានពោរពេញដោយសារធាតុកាបូនឌីអុកស៊ីតជាង ៩៥%៕