ធ្លាយ​ព័ត៌មានរសើប​​មួយ​ពី​រឿង "ហ្លួង​ព្រះ​ស្ដេច​កន" ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​ដឹង​ហើយ ​នឹង​កាន់​​តែ​មាន​​មោទនភាព​

  • 2017-06-16 08:38:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ Trailer ផ្លូវការ​របស់​រឿង "ហ្លួង​ព្រះ​ស្ដេច​កន" បាន​ចេញ​ជា​ផ្លូវការ​ និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្រៃលែង​មក​ ថ្មីៗ​នេះ​មាន​ដំណឹង​លេច​ឮ​ថា​ដំបូង​ឡើយ PNN ចង់​ឲ្យ​ក្រុម​ផលិត​ថៃ​ សហការ​ជាមួយ ឯកឧត្ដម​ ម៉ៅ អាយុទ្ធ ដើម្បី​ផលិត​រឿង​នេះ​ឡើង។

ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយ បង្ហើប​ប្រាប់ Sabay ថា ដំបូង​ឡើយ ទូរទស្សន៍ PNN ដែល​គេ​ដឹង​ថា​ជា​ម្ចាស់​ថវិកា​ប្រើ​សម្រាប់​ផលិត​រឿង​ប្រវត្តិ​សាស្ត្រ​នេះ បាន​ព្យាយាម​​ឲ្យ​ក្រុម​ការងារ​ផលិត​មួយ​ក្រុម​ជា​ជនជាតិ​ថៃ បាន​ចូល​រួម​មួយ​ផ្នែកដើម្បី​ផលិត​រឿង​នេះ "ស្ដេច​កន" ខណៈ​ដឹង​ថា ទូរទស្សន៍​ចាយ​លុយ​ធំ​មួយ​នេះ មាន​ក្រុម​ការងារ​ជនជាតិ​ថៃ​ជា​ច្រើន។ ប៉ុន្តែ​យ៉ាង​ណា បំណង​នេះត្រូវ​បាន​បង្អាក់​ដោយ​ឯកឧត្តម ម៉ៅ អាយុទ្ធ ដែល​ទទួល​បន្ទុក​ដឹកនាំ​ថត​រឿង​នេះ។

"តាម​ខ្ញុំ​ដឹង លឺ​ថា ភីអ៊ិនអ៊ិន ចង់​ឲ្យ​ថៃ​មួយ​ក្រុម​ចូល​រួម​ផលិតរឿង​ហ្នឹង ប៉ុន្តែ​ឯកឧត្តម ម៉ៅ អាយុទ្ធ ថា​អត់​ព្រមទេ ដោយ​គាត់(ឯកឧត្តម) បើ​ហ៊ាន​ឲ្យ​​ថៃ​មក​ចូល​រួម តែ​កាល​ណា​រឿង​ល្អ​មើល ល្បី​ទៅ មហាជន​នឹង​មាន​ពាក្យ​សំដី​ថា ហ្នឹង​ដោយ​សារ​ថៃ អីចឹង​គាត់​អត់​ព្រម​ទេ"។ ប្រភព​លើក​ឡើង

យ៉ាង​ណា បញ្ហា​នេះ ភាគី​ភីអ៊ិនអ៊ិន បាន​ច្រាន​ចោល។ កញ្ញា ទូច បុប្ផា ប្រធាន​ផ្នែក​កម្មវិធី​ផ្សាយ​របស់​ ស្ថានីយ​​ទូរទស្សន៍ PNN បាន​ថ្លែង​មក​កាន់ Sabay ថា បញ្ហា​នេះ អាច​នឹង​មាន​ការ​យល់​ច្រឡំ​​ ដោយ​សារ​តែ​ក្រុម​ការងារ​របស់ PNN មួយ​ចំនួន​ជា​ជនជាតិ​ថៃ។ ប៉ុន្តែ​ជាក់​ស្ដែង​រឿង​ "ហ្លួង​ព្រះ​ស្ដេច​កន" នេះ ជា​ស្នាដៃ​របស់​ក្រុម​ផលិត​កម្ពុជា​ សុទ្ធសាធ ដែល​ដឹក​នាំ​ដោយ​ឯកឧត្ដម​ ម៉ៅ អាយុទ្ធ​។

កញ្ញា បន្ត​ថា ថ្នាក់​ដឹកនាំ ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មោទនភាព​នឹង​រឿង​ប្រវត្តិិសាស្ត្រ​របស់​ខ្មែរ​មួយ​នេះ។ ដូច្នេះ​គ្មាន​ហេតុផល​អី ដែល​ត្រូវ​បញ្ចូល​ក្រុម​ផលិត​ប្រទេស​ផ្សេង​មក​ជួយ​នោះ​ទេ។

​”ជាក់​ស្ដែង​រឿង​ហ្នឹង ​គឺ​ថត​អំពី​​ប្រវត្តិសាស្ត្រ​ខ្មែរ​សុទ្ធ​សាធ ​​ដូច្នេះ​​គឺ​ក្រុមការងារ​ខ្មែរ​សុទ្ធ​សាធ​​ជា​អ្នក​ផលិត យើង​ចង់​ឲ្យ​ប្រជាជន​យើង​មាន​មោទនភាព​ចំពោះ​រឿង​នេះ​ ចំពោះ​ស្នាដៃ​របស់​ខ្មែរ​យើង"។​ កញ្ញា ថ្លែង។

ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ ឯកឧត្ដម​ ម៉ៅ អាយុទ្ធ ដែល​ជា​អ្នក​ដឹក​នាំ​រឿង​នេះ​ផ្ទាល់​ សុំមិន​ធ្វើការ​បក​ស្រាយ។ រឿង​ស្ដេច​កន គឺ​ជា​រឿង​ភាពយន្ត​ខ្នាត​ធំ​ប្រវត្តិសាស្ត្រ​​ ដែល​ត្រូវ​បាន​ប្រកាស​ផលិត​ដោយ​ទូរទស្សន៍​ PNN ក្នុង​នោះ តាម​ព័ត៌មាន​កន្លង​មក​រឿង​នេះ វិនិយោគ​ជាមួយ​កញ្ចប់​​ថវិកា​ប្រមាណ ១លាន​ដុល្លារ​អាមេរិក ដែល​តួលេខ​វិនិយោគ​​លើ​ភាពយន្ត​ខ្ពស់​បំផុត​មួយ​របស់​សិល្បៈ​ភាពយន្ត​ខ្មែរ។

ក្រោយ​ពី​បាន​បញ្ចេញ Trailer ធ្វើ​ឲ្យ​មាន​ការ​គាំទ្រខ្លាំង​កាល​ពី​ដើម​ខែ​នេះ រឿង "ស្ដេច​កន" មិន​ទាន់​ប្រកាស​ថ្ងៃ​បញ្ចាំង​ផ្លូវ​ការ​នៅ​ឡើយ​ទេ៕​​

អត្ថបទ៖ Samedy

អត្ថបទថ្មី