ក្តៅៗ! កងទ័ពជើងទឹកអាមេរិក បាត់ខ្លួន៧នាក់ ក្រោយនាវាចម្បាំងបុកគ្នា នៅសមុទ្រជប៉ុន

  • 2017-06-17 02:12:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​នាវិក​នៃ​កងទ័ព​ជើងទឹក​អាមេរិក ចំនួន ៧ នាក់​បាន​បាត់ខ្លួន បន្ទាប់​ពី​នាវា​របស់​ពួកគេ បាន​បុក​ជាមួយ​នឹង នាវា​អ្នក​ជំនួញ​មួយ​គ្រឿង នៅ​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​ជប៉ុន។ នេះ​បើ​យោង​តាម​សារព័ត៌មាន BBC។

ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ បាន​កើតឡើង​រវាង​នាវាចម្បាំង USS Fitzgerald និង​នាវា​អ្នក​ជំនួញ​មួយ​គ្រឿង​ទៀត នៅ​វេលា​ម៉ោង ២ និង ៣០ នាទី​ព្រឹក (ម៉ោង​ក្នុង​តំបន់) នៅ​ចម្ងាយ​ប្រមាណ​ជា ១០៣ គីឡូម៉ែត្រ​ពី​ភាគ​និរតី នៃ​ទីក្រុង Yokosuka ប្រទេស​ជប៉ុន។

បើ​តាម​ទូរទស្សន៍​ជប៉ុន NHK បាន​បង្ហាញ​ឲ្យ​ឃើញ រូបភាព​នៃ​ការ​ខូចខាត​ផ្នែក​ចំហៀង​ធ្ងន់ធ្ងរ របស់​នាវា​ចម្បាំង​អាមេរិក​នោះ។ នាវិក​រងរបួស​ម្នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​មន្ទីរពេទ្យ ដោយ​ឧទ្ធម្ភាគចក្រ​របស់​ឆ្មាំ​សមុទ្រ។

ទោះ​បី​ជា​យ៉ាង​ណា ក្រោយ​ពេល​កើតហេតុ នាវា​ចម្បាំង​ខាងលើ បាន​បន្ត​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Yokosuka ដោយ​ខ្លួនឯង។ ឆ្មាំ​សមុទ្រ បាន​ប្រាប់​ឲ្យ​ដឹង​ថា នាវា​អ្នក​ជំនួញ​នោះ មាន​ទង់ជាតិ​ហ្វីលីពីន ហើយ​មាន​ទម្ងន់​មិន​ដល់ ៣០ ០០០ តោន​ឡើយ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង