SCG Muangthong United ​មក​ប្រកួត​ជាមួយ All Stars ​ម្ដង​ទៀត ​គឺ​ដោយសារ​សន្ធឹក​អ្នក​គាំទ្រ​កម្ពុជា

  • 2017-06-20 03:20:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ​Pramote Techasupatkul ​ទីប្រឹក្សា​របស់​ SCG ​បាន​បញ្ជាក់​ថា​ក្រុម SCG Muangthong United ​សម្រេច​មក​ប្រកួត​មិត្ត​ភាព​ជាមួយ​ក្រុម K-Cement Cambodian All Stars ​ម្ដង​ទៀត​គឺ​ដោយសារ​តែ​សន្ធឹក​នៃ​អ្នក​គាំទ្រ​កម្ពុជា​ដ៏​ច្រើន​លើសលប់​កាល​ពី​ឆ្នាំ​មុន។

នៅ​ថ្ងៃ​ទី​១៦​ខែ​ក្រោយ​នេះ ​បងប្អូន​អ្នក​ស្រលាញ់​វិស័យ​កីឡា​នឹង​បាន​ឃើញ​ការ​ប្រកួត​ដ៏​ធំ​មួយ​ទៀត​ហើយ គឺ​ជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម K-Cement Cambodian All Stars ​ជាមួយ SCG Muangthong United ​របស់​ប្រទេស​ថៃ ​ក្នុង​ព្រឹត្តិការណ៍​ SCG Muangthong United ASEAN Tour 2017។ ​ដោយ​ការ​ប្រកួត​នេះ​ទៀត​សោត គឺ​ជា​ការ​ប៉ះ​គ្នា​លើក​ទី​២​ហើយ ​សម្រាប់​ក្រុម​ទាំង​ពីរ។

មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោក ​Pramote Techasupatkul ​ទីប្រឹក្សា​របស់​ប្រធាន​ក្រុមហ៊ុន​ SCG​ ​បាន​លើក​ឡើង​ដូច្នេះ​ថា​៖ “ដោយសារ​តែ​អ្នក​គាំទ្រ ៤៥ ០០០​នាក់​កាល​ពី​ឆ្នាំ​មុន ​ទើប​យើង​សម្រេច​រៀប​ចំ​ការ​ប្រកួត​ SCG Muangthong United ASEAN Tour ​ម្ដង​នៅ​ទៀត​នៅ​កម្ពុជា​ឆ្នាំ​នេះ។ SCG ​ជឿ​ជាក់​ថា ​បាល់ទាត់​ជា​កីឡា​ពេញ​និយម ​សម្រាប់​ប្រជាជន​នៅ​តំបន់​អាស៊ាន។ វា​មិន​ត្រឹម​តែ​នាំ​មក​នូវ​ការ​លើក​ទឹក​ចិត្ត​ដល់​យុវជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បាន​ជួយ​ឱ្យ​ជីវិត​ល្អ​ប្រសើរ​ផង​ដែរ”។

ដូច​គ្នា​នេះ​ដែរ ​ក្នុង​សន្និសីទសារព័ត៌មាន​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពហុ​កីឡដ្ឋាន SCG ​លោក សុខា រ៉ានាថ ​ប្រធានផ្នែកទីផ្សារ ​និងទំនាក់ទំនង​ FFC ​បាន​និយាយ​ដែរ​ថា៖ “ការ​ប្រកួត​កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ ​ទទួល​បាន​ការ​គាំទ្រ​ច្រើន ​និង​បាន​ជួយ​ដល់​វិស័យ​បាល់ទាត់​នៅ​កម្ពុជា។ ខ្ញុំ​សូម​អរគុណ​ដល់​កម្មវិធី​មួយ​នេះ ​ហើយ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ បច្ចុប្បន្ន​កំពុង​តែ​អភិវឌ្ឍ​ឈាន​ទៅ​រក​កម្រិត​ស្ដង់ដារ​មួយ ​ហើយ​យើង​សូម​ស្វាគមន៍​ដល់​ការ​ប្រកួត SCG Muangthong United ASEAN Tour នៅ​ឆ្នាំ​នេះ​”។

សូម​បញ្ជាក់​ថា ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ​ ក្រុម​ Muangthong United ប្រកួតចាញ់ K-Cement Cambodian All Star ក្នុង​លទ្ធផល ៣-៤ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​កម្ពុជា​រាប់​ម៉ឺន​នាក់។ ខណៈ​ដែល​ឆ្នាំ​នេះ​វិញ ​គឺ​ជា​ការ​ជួប​គ្នា​សងសឹក​ហើយ ​ចាំ​មើល​នរណា​ជា​អ្នក​ទទួល​បាន​ជ័យជម្នះ?

អត្ថបទ៖ មុន្នីរម្យ