ភ្ញាក់ផ្អើលខ្លាំង! ពេល​ឃើញ​ទិដ្ឋភាព​ក្នុង​កសិដ្ឋាន​ដ៏​ធំអស្ចារ្យ របស់​កំពូល​តារា​កំប្លែង​ដ៏​ល្បី​ថៃ​រូប​នេះ

  • 2017-06-22 04:28:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មួយ​ចំនួន​ធំ​ច្បាស់​ជា​ស្គាល់​តារា​កំប្លែង​ និង ជា​តារា​សម្ដែង​ជើងចាស់ Jaturong Mokjok ដែល​តែង​កំដរ​អារម្មណ៍​លោក​អ្នក​ តាមរយៈ​រឿង​កុន​បែប​កំប្លែង​ជា​ច្រើន។ ប៉ុន្តែ​លោក​អ្នក​នឹង​ភ្ញាក់ផ្អើល​នៅ​ពេល​ដឹង​ថា​ ក្រៅពី​ជា​តារា​ថៃ​ដ៏​មាន​កេរ្តិ៍ឈ្មោះ​ លោក​ក៏​ជា​ម្ចាស់​កសិដ្ឋាន​ដ៏​ធំ​មួយផងដែរ។

កសិដ្ឋាន​របស់​តារា​ថៃ​រូប​នេះ​ មាន​ឈ្មោះ​ថា​ "កសិដ្ឋាន​ Jaturong” មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​ Photharam ខេត្ត​ Ratchaburi ភាគ​ខាងលិច​នៃ​ផ្ទៃ​ប្រទេស​ថៃ ហើយ​ដើម្បី​ទៅដល់​ទីនោះ​ ត្រូវ​ចំណាយ​ពេល​ ២ម៉ោង​ ពី​ទីក្រុងបាងកក។

ទីនោះ​ពិត​ជា​ស្រស់​ត្រកាល​ ធំ​ល្វឹងល្វើយ​ ធ្វើ​ឲ្យ​គ្រប់គ្នា​ឃើញ​ហើយ​ចង់​ទៅ​រស់​នៅ​បំផុត ព្រោះ​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ភ្នំ​ និង​ទេសភាព​ធម្មជាតិ​ពិតៗ ស្រស់​ត្រកាល​បំផុត។ វិបសាយ​ Post Today បាន​បង្ហាញ​ថា​ ការងារ​កសិកម្ម​នេះ​ គឺ​ជា​ក្ដី​ស្រមៃ​របស់​​តារា​កំប្លែង​ម្នាក់​នេះ​តាំង​ពី​តូច​មក​ម្ល៉េះ តែ​លោក​ក៏​មិន​គិត​ថា​ ខ្លួន​មាន​ចម្ការ​ មាន​កសិដ្ឋាន​ផ្ទាល់ខ្លួន​ដែរ​ពីមុន​ ព្រោះ​តែ​លោក​កើត​ក្នុង​គ្រួសារ​អ្នកជំនួញ​ទេ។

បើ​និយាយ​ពី​ "កសិដ្ឋាន​ Jaturong” នេះ​បាន​កកើត​តាំង​ពី​ឆ្នាំ​ ២០០២​ មក​ទល់​ពេល​បច្ចុប្បន្ន​ វា​មាន​អាយុ​កាល​ ១៥​ឆ្នាំ​ទៅ​ហើយ ហើយ​មាន​ទំហំ​ប្រមាណ​ ៣​រ៉ៃកន្លះ​ (ប្រហែល​ ៥៦០០ម៉ែត្រការ៉េ) និង​ទើប​ពង្រីក​រហូត​ដល់​ ១០រៃ កាល​ពី​ពេល​ថ្មីៗ​នេះ។ កសិដ្ឋាន​មួយ​នេះ ​មាន​តាំងពី​កន្លែង​ចិញ្ចឹម​ជ្រូក​ មាន់ទា​ ស្រះ​ចិញ្ចឹមត្រី​ កន្លែង​ដាំផ្សិត​ និង​ចម្ការ​ដំណាំ​ផ្សេង​ទៀត។ ក្រៅ​ពី​បងប្អូន​ លោក​ក៏​បាន​ជួល​អ្នក​ខាង​ក្រៅ​មក​ធ្វើការ​ដែរ​ ព្រោះ​ដោយសារ​មាន​ការងារ​ត្រូវ​ធ្វើ​ច្រើន​ ហើយ​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​អ្នក​ជំនាញ​ ខាង​ការងារ​នេះ។

កាន់តែ​ពិសេស​ លោក​ Jaturong ក៏​បាន​បើក​ជា​ភោជនីយដ្ឋាន​មួយ​ជាប់​នោះ​ ជាមួយ​សាច់ញាតិ​ផង​ដែរ​មាន​ឈ្មោះ​ថា​ "ផ្ទះបាយ​ពូ​រ៉ុង”។

ថ្លែង​ពី​អារម្មណ៍ពិត​ តួប្រុស​ក្នុង​រឿង​ "Oh My Ghost" រូប​​នេះ​បាន​និយាយ​ថា​ ការងារ​សិល្បៈ​ លោក​តែង​ធ្វើ​ឲ្យ​ទស្សនិកជន​សើច​គ្រប់​ពេល​ ប៉ុន្តែ​ការងារ​កសិកម្ម​ វា​ខុស​គ្នា​ ដោយសារ​ត្រូវ​ប្រើ​កម្លាំង​ច្រើន​ តែ​ធ្វើ​ឲ្យ​លោក​សប្បាយ​ចិត្ត ណាមួយ​វា​ជា​ការងារ​ដែល​ខ្លួន​ស្រលាញ់​តាំង​ពីក្មេង។

លោក​ Jaturong ប្រាប់​ទាំង​ទឹក​មុខ​ញញឹម​ថា៖ "តាមរយៈ​សមិទ្ធផល​ ១៥​ឆ្នាំ​មក​នេះ​ ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ ដែល​បាន​ធ្វើ​ឲ្យ​តំបន់​នេះ​ ក្លាយ​ជា​ទីកន្លែង​ពោរពេញ​ដោយ​ធម្មជាតិ​ស្រស់បំព្រង​ ហើយ​លោក​នឹង​អភិវឌ្ឍ​បន្ថែម​ទៀត​ ដើម្បី​ទុកជា​កន្លែង​សម្រាប់​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​កម្សាន្ត​ឲ្យបាន​ច្រើន៕

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី