អាយុជាង ៧០ឆ្នាំ ត្រដរវ៉ៃថ្មភ្នំលក់ទាំងភ្នែកពិការ ដើម្បីជីវភាពគ្រួសារ និងចិញ្ចឹមចៅ
- 2017-06-22 09:48:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុជាង ៧០ឆ្នាំ ត្រដរវ៉ៃថ្មភ្នំលក់ទាំងភ្នែកពិការ ដើម្បីជីវភាពគ្រួសារ និងចិញ្ចឹមចៅ
ចន្លោះមិនឃើញ
ក្នុងវ័យប្រមាណជាង៧០ឆ្នាំប្លាយ លោកយាយ ម៉ក់ រាំ រស់នៅភូមិជន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នៅតែប្រឹងប្រែងវាយថ្មភ្នំលក់ទាំងពិការភ្នែកម្ខាង ដើម្បីទទួលបានកម្រៃខ្លះផ្គត់ផ្គង់ជីវភាពគ្រួសារ និងចិញ្ចឹមចៅតូចមូយនៅក្នុងបន្ទុកថែមទៀត។
ក្រោមកំដៅថ្ងៃក្ដៅហែង លោកយាយបានប្រាប់ថា លោកបានប្រកបរបរនេះតាំងពីដឹងក្ដីមកម៉្លេះ សូម្បីតែក្នុងសម័យប៉ុលពតក៏វាយថ្មភ្នំនេះដែរ។ ថ្លែងក្នុងទឹកមុខស្រងូតស្រងាត់លោកយាយបញ្ជាក់ថាលោកយាយវាយថ្មភ្នំលក់ទាំងភ្នែកពិការម្ខាងមើលមិនច្បាស់ មិនស្គាល់កូនឬប្ដីនោះទេ លុះត្រាតែមកដល់កៀកទើបស្គាល់។ បន្ថែមលើនេះ លោកយាយក៏ធ្លាប់ធ្លាក់ពីលើរទេះបាក់ឆ្អឹងត្រគាកផងដែរ ប៉ុន្តែដោយសារតែគ្មានរបរផ្សេង ទើបនៅតែបន្តរបរវាយថ្មភ្នំនេះទៅ។
យ៉ាងហោចណាស់ ពីរនាក់តា និងយាយ ត្រូវការពេលបីទៅបួនថ្ងៃ ដើម្បីអាចវាយថ្មបានប្រហែលមួយកូនឡានតូច ឬឡានមួយតោនកន្លះ ហើយអាចលក់បានក្នុងកម្រៃត្រឹមប្រាំទៅប្រាំមួយម៉ឺនរៀលប៉ុណ្ណោះ៕