ព័រទុយហ្គាល់​លត់​​នូវែលហ្សេឡង់​ឡើង​​ Semi Final ខណៈ​ម៉ិកស៊ីកូ​ទម្លាក់​​ម្ចាស់​ផ្ទះ​រុស្ស៊ី (វីដេអូ)

  • 2017-06-25 01:29:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​ជើង​អឺរ៉ុប​ព័រទុយហ្គាល់​​ និង​ជើងឯក​អាមេរិក​ខាង​ជើង​ ​​​ម៉ិកស៊ីកូ​បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ពាន​រង្វាន់​​ FIFA Confederations Cup 2017 ​បន្ទាប់​ពី​យក​ឈ្នះ​គូ​ប្រកួត​រៀង​ៗ​ខ្លួន​ក្នុង​ការ​ប្រកួត​បញ្ចប់​ក្នុង​ពូល​​ A កាល​ពី​យប់​មិញ។

​​ព័រទុយហ្គាល់​​​​មិន​បាន​ទុក​មុខ​ឲ្យ​នូវែលហ្សេឡង់​​ឡើយ​ដោយ​បាន​លត់​រហូត​ដល់​៤-០ ដែល​ជា​គ្រាប់​បាល់​ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍​នេះ​គិត​ត្រឹម​យប់​មិញ។ តារា​ឆ្នើម​ស្ដេច​ស​ Real Madrid គឺ​ Cristiano Ronaldo បាន​​ស៊ុត​ពិន័យ​១១​ម៉ែត្រ​បាន​​សម្រេច​នៅ​នាទី​ទី​៣៣​ មុន​ពេល​ Bernardo Silva ស៊ុត​គ្រាប់​ទី​នៅ​នាទី​​៣៨​ និង​២​គ្រាប់​ទៀត​នៅ​វគ្គ​ទី​២​ដោយ​តារា​វ័យ​ក្មេង​ Andre Silva នៅ​នាទី​ទី​៨០​ និង​ Nani ដែល​ដូរ​ចូល​ជំនួស​ Ronaldo ស៊ុត​ចូល​នៅ​នាទី​ទី​៩០។ វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​នេះ​មិន​ស្គាល់​បរាជ័យ​ឡើយ​ពោល​គឺ​ឈ្នះ​២​ និង​ស្មើ​១​ដោយ​ឈរ​លើ​កំពូល​តារាង​មាន​៧​ពិន្ទុ។

ចំណែក​ក្រុម​ម៉ិកស៊ីកូ​វិញ​បាន​ទម្លាក់​ម្ចាស់​ផ្ទះ​រុស្ស៊ី​តាម​រយៈ​លទ្ធផល​ ២-១ ក្នុង​ភារកិច្ច​បញ្ចប់​ពូល​ A​នេះ។ តាម​ពិត​ទៅ​ម្ចាស់​ផ្ទះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពេញ​កីឡដ្ឋាន​រំភើប​រីករាយ​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​នាំ​មុខ​ ១-០ មុន​ដែល​ជា​ការ​ធ្វើ​បាន​សម្រេច​ដោយ​ Aleksandr Samedov នៅ​នាទី​ទី​២៥។ ប្រសិន​បើ​រុស្ស៊ី​រក្សា​លទ្ធផល​​នេះ​បាន​ រុស្ស៊ី​នឹង​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​ឈ្នះ​១​ និង​ចាញ់​១​កន្លង​មក​។ ប៉ុន្តែ​​បាន​ហាល​អាវ​​ទៅ​វិញ បន្ទាប់​ពី​ម៉ិកស៊ីកូ​វាយ​បក​រហូត​រក​បាន​២​គ្រាប់​​ដោយ​កីឡាករ​ Nestor Araujo នៅ​នាទី​ទី​៣០​ និង​ Hirving Lozano នៅ​នាទី​ទី​៥២។ លទ្ធផល​ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ម៉ិកស៊ីកូ​មិន​ទាន់​ស្គាល់​បរាជ័យ​ដែរ​គឺ​​មាន​៧​ពិន្ទុ​ដូច​ព័រទុយហ្គាល់​ បន្ទាប់​ពី​ឈ្នះ​២​ និង​ស្មើ​១​ ប៉ុន្តែ​ចាញ់​គ្រាប់​បាល់​ដែល​ជា​ហេតុ​ឈរ​លេខ​២៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា

អត្ថបទថ្មី